កុំទម្លាប់និយាយអាក្រក់ពីអ្នកដទៃ ព្រោះពាក្យមួយម៉ាត់អាចសម្លាប់គេមួយជីវិត

ការនិយាយស្ដី ជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់ អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។

126207154_3852464308132333_8141356058765444776_o

ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគតដោយសារតែពាក្យសម្ដីមួយម៉ាត់របស់យើង សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិចរួចលើកខ្លួនឯង។ គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះទេ សូម្បីតែយើងខ្លួនឯងក៏ដូចគ្នាដែរ។

126489557_3855383684507062_8903649558069954366_o

បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃគេក៏ចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។ ត្រូវចាំថា បើយើងហាមាត់និយាយអាក្រក់ពីនរណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ព្រោះមនុស្សល្អមិននិយាយអាក្រក់ឬទិតៀនអ្នកដទៃនោះទេ។

ម្យ៉ាងបើយើងនិយាយអាក្រក់ពីគេ មិនត្រឹមតែគេនោះទេដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ សូម្បីយើងក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ មានន័យថា នៅពេលយើងនិយាយអាក្រក់ពីគេ នោះគេច្បាស់ជាខឹងសម្បាយើង គេច្បាស់ជាមានគំនុំគុំកួនយើង ហើយគេច្បាស់ជានិយាយអាក្រក់ពីយើងវិញដូចគ្នា។ ការនិយាយពាក្យឆ្កឹះឆ្កៀល ចាក់ដោត ឈ្នានីស និងស៊កសៀតគ្នាទៅវិញទៅមកបែបនេះ គ្មានផលចំណេញទាំងសងខាង។

127001571_3858915517487212_8558110402492409013_o

តើធ្វើដូចម្ដេចដើម្បីចៀសវាងការនិយាយអាក្រក់ពីអ្នកដទៃបាន?

ជារឿងងាយស្រួលនោះទេ មុននឹងនិយាយដើមគេឬនិយាយអាក្រក់ពីនរណាម្នាក់ អ្នកត្រូវសួរខ្លួនឯង៥សំណួរជាមុនសិន៖

១- តើវាចាំបាច់ឬទេ?

២- តើវាចំណេញឬទេ?


៣- តើវាជាការពិតឬទេ?

៤- តើវាប៉ះពាល់ដល់អ្នកដទៃឬទេ?

៥- តើអ្នកបានផលប្រយោជន៍អ្វី?

128598365_3869668003078630_5748551906213750123_o

ប្រសិនបើចម្លើយថា “ទេ” សូមអ្នកកុំនិយាយដើមគេ ពីព្រោះសម្ដីរបស់អ្នកមួយម៉ាត់អាចសម្លាប់ឬបិទផ្លូវគេអស់មួយជីវិត។

ឧទាហរណ៍ថា មីង “ក” មានគំនុំគុំកួនជាមួយនឹងមីង “ខ” ។ មីង “ក” តែងដើរនិយាយប្រាប់អ្នកជិតខាងថាមីង “ខ” ជាមនុស្សឆ្កួតខណៈមីង “ខ” ពុំមែនជាមនុស្សឆ្កួត។ នៅពេលមីង “ក” និយាយប្រាប់អ្នកជិតខាងដូចនេះអ្នកជិតខាងគាត់ចាប់ផ្ដើមនៅឆ្ងាយពីមីង “ខ” ឈប់និយាយស្ដីជាមួយមីង “ខ” ហើយថែមទាំងពេលឃើញមីង “ខ” ដើរកាត់មុខផ្ទះនាំគ្នាទាញរបងឬទ្វារបិទមិនឱ្យចូលផ្ទះ។ ពីមួយថ្ងៃទៅមួយថ្ងៃ មីង “ខ” កាន់តែឯកោទៅៗ។ មិនយូរប៉ុន្មានគាត់ក៏មានវិបត្តិផ្លូវចិត្ត លុះប្រហែល២ទៅ៣ឆ្នាំក្រោយ គាត់ក៏ក្លាយខ្លួនជាមនុស្សឆ្កួតមែនក៏ថាបាន។

128635631_3867066950005402_5130081866922259090_o

ដូច្នេះក្នុងនាមជាបុគ្គលសប្បុរស បុគ្គលថ្លៃថ្នូរ គប្បីរៀននិយាយល្អពីគ្នាទៅវិញទៅមក រៀនប្រើមធុរសវាចា ព្រោះបើយើងនិយាយល្អពីនរណាម្នាក់ នោះរាប់ថាយើងខ្លួនឯងល្អជាងគេទៅទៀត។ ផ្ទុយទៅវិញ ប្រសិនបើយើងនិយាយអាក្រក់ពីអ្នកណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ពីព្រោះសេចក្ដីអាក្រក់របស់យើង គឺស្ដែងឡើងត្រង់និយាយដើមគេនេះឯង៕

#ស្រង់ពីសៀវភៅ_១០៨_ចក្ខុវិស័យ_គួច_ម៉េងលី

#និពន្ធដោយ_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី

#បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

126528267_3849787345066696_3377052194847371993_o