ការរមួលក្រពើ គឺជាការកន្ត្រាក់ដោយអចេតនា ដែលកើតឡើងនៅក្នុងសាច់ដុំផ្សេងៗ។ ការកន្ត្រាក់ទាំងនេះ ច្រើនតែឈឺកន្ត្រាក់ខ្លាំង ហើយអាចប៉ះពាល់ដល់ក្រុមសាច់ដុំផ្សេងៗគ្នាផងដែរ។
សាច់ដុំដែលទទួលរងផលប៉ះពាល់ ជាទូទៅរួមមានស្ថិតនៅផ្នែកខាងក្រោយនៃជើង ខាងក្រោមខ្នងភ្លៅ និងផ្នែកខាងមុខនៃភ្លៅ។ ការឈឺចាប់ខ្លាំងនៃការរមួលក្រពើ អាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់ ឬធ្វើឱ្យពិបាកដើរ។
ការឈឺចាប់ភ្លាមៗស្រួចស្រាវមានរយៈពេលពី ២ - ៣ ទៅ ១៥ នាទី គឺជារោគសញ្ញាទូទៅបំផុតនៃការរមួលសាច់ដុំ។ ក្នុងករណីខ្លះ ដុំសាច់ដុំធំៗ នៅពីក្រោមស្បែកអាចរួមដំណើរជាមួយការរមួលក្រពើផងដែរ។
១. មូលហេតុនៃការរមួលក្រពើសាច់ដុំ
ការរមួលសាច់ដុំមានមូលហេតុជាច្រើន។ រមួលក្រពើខ្លះ អាចបណ្តាលមកពីការប្រើសាច់ដុំច្រើនពេក។ វាកើតឡើងជាធម្មតានៅពេលអ្នកកំពុងធ្វើលំហាត់ប្រាណ។
ការរងរបួសសាច់ដុំ និងការខះជាតិទឹក ក៏អាចបណ្តាលឱ្យរមួលក្រពើដែរ។ ការខះជាតិទឹក គឺជាការបាត់បង់ជាតិទឹកច្រើនពេកនៅក្នុងខ្លួន។
កម្រិតទាបនៃសារធាតុរ៉ែខាងក្រោមណាមួយ ក៏ជាចំណែកដល់មុខងារសាច់ដុំដែលមានសុខភាពល្អ ក៏អាចបណ្តាលឱ្យរមួលក្រពើផងដែរ ៖
- កង្វះកាល់ស្យូម
- កង្វះប៉ូតាស្យូម
- កង្វះសូដ្យូម
- កង្វះម៉ាញ៉េស្យូម
ក្នុងករណីខ្លះ ស្ថានភាពវេជ្ជសាស្ត្រអាចបណ្តាលឱ្យរមួលសាច់ដុំ។ លក្ខខណ្ឌទាំងនេះរួមមាន ៖
- ការបង្ហាប់សរសៃប្រសាទឆ្អឹងខ្នង ដែលអាចបណ្តាលឱ្យរមួលសាច់ដុំនៅជើងនៅពេលដើរ ឬឈរ។
- ភាពស្រវឹង
- មានផ្ទៃពោះ
- ខ្សោយតម្រងនោម
- អ័រម៉ូនទាប
ចំណែកមូលហេតុផ្សេងទៀតនៃការរមួលក្រពើសាច់ដុំ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
២. ការធ្វើរោគវិនិច្ឆ័យ
ការរមួលសាច់ដុំ ជាធម្មតាមិនបង្កគ្រោះថ្នាក់ ហើយមិនត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រទេ។ ទោះយ៉ាងណា អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើការរមួលសាច់ដុំរបស់អ្នកធ្ងន់ធ្ងរ មិនមានភាពប្រសើរឡើងជាមួយនឹងការលាតសន្ធឹង ឬបន្តអស់រយៈពេលជាយូរមកហើយ។ នេះអាចជាសញ្ញានៃស្ថានភាពសុខភាពមូលដ្ឋាន។
៣. ជម្រើសនៃការព្យាបាលសម្រាប់ការរមួលសាច់ដុំ
អ្នកអាចអនុវត្តការបង្ហាប់ក្តៅ ឬត្រជាក់ទៅសាច់ដុំដែលឈឺរបស់អ្នក នៅសញ្ញាដំបូងនៃការស្ពឹក ដើម្បីបន្ថយការឈឺចាប់នៃការរមួលសាច់ដុំ។ អ្នកអាចប្រើចំណុចណាមួយដូចខាងក្រោម ៖
ក. ទទួលទានទឹកឱ្យបានច្រើន
ខ. ទទួលទានអាហារដែលសម្បូរទៅដោយជាតិរ៉ែចាំបាច់
គ. ធ្វើការម៉ាស្សា
ឃ. ស្អំជាមួយនឹងទឹកក្ដៅឧណ្ហៗ ឬទឹកកក
ង. សន្ធឹងសាច់ដុំដោយប្រើកន្សែង។
ប្រសិនបើការឈឺចាប់របស់អ្នកមិនមានភាពប្រសើរឡើង សូមសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកដូចជាថ្នាំ ibuprofen ។ វាក៏អាចជួយសម្រួលឱ្យសាច់ដុំទន់មកវិញផងដែរ។
ការរមួលសាច់ដុំអាចរំខានដល់ដំណេករបស់អ្នក។ ប្រសិនបើរឿងនេះកើតឡើងញឹកញាប់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំបន្ធូរសាច់ដុំ។ ថ្នាំនេះជួយបន្ធូរសាច់ដុំរបស់អ្នក និងធ្វើឱ្យបាត់ស្ពឹកស្រពន់។
ការគ្រប់គ្រងមូលហេតុដែលបណ្តាលឱ្យរមួលក្រពើ អាចធ្វើឱ្យរោគសញ្ញារបស់អ្នកមានភាពប្រសើរឡើង និងធូរស្បើយពីការស្ពឹកស្រពន់ ឧទាហរណ៍ ៖ គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំគ្រាប់ ប្រសិនបើកម្រិតកាល់ស្យូម ឬប៉ូតាស្យូមទាបកំពុងបង្កឱ្យមានការរមួលក្រពើ។
៤. ការការពារការរមួលសាច់ដុំ
មធ្យោបាយងាយបំផុត ដើម្បីបង្ការការរមួលសាច់ដុំ គឺត្រូវចៀសវាង ឬដាក់កម្រិតលើលំហាត់ដែលធ្វើឱ្យសាច់ដុំរបស់អ្នកតឹង និងបណ្តាលឱ្យរមួលក្រពើ។
៥. កំណត់ចំណាំ
- អ្នកក៏អាចលាត ឬឡើងកម្តៅមុនពេលចូលរួមលេងកីឡា និងហាត់ប្រាណ។ ការខកខានមិនបានឡើងកម្តៅ អាចបណ្តាលឱ្យសាច់ដុំរបួស។
- កុំធ្វើលំហាត់ប្រាណភ្លាមៗបន្ទាប់ពីញុំាអាហាររួច។
- បន្ថយការទទួលទានអាហារ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងសូកូឡា។
- ត្រូវប្រាកដថា អ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងការខះជាតិទឹក។ រាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើន នៅពេលហាត់ប្រាណ ដូច្នេះបង្កើនបរិមាណរាវរបស់អ្នកនៅពេលអ្នកហាត់ប្រាណ។
- បង្កើនការទទួលជាតិកាល់ស្យូម និងប៉ូតាស្យូមតាមធម្មជាតិ ដោយផឹកទឹកដោះគោ និងទឹកក្រូច ឬញុំាចេក។
គួរបញ្ជាក់ផងដែរថា អាការៈរមួលក្រពើនេះដែរ តែងតែកើតឡើងលើមនុស្សគ្រប់វ័យ មិនថា ស្រី ឬប្រុសនោះទេ ក៏ប៉ុន្តែភាគច្រើនកើតលើអ្នកប្រើកម្លាំងច្រើន ដូចជាអត្តពលិក មនុស្សវ័យចាស់ ស្ត្រីមានគភ៌ និងក្មេងជំទង់។
ករណីចាំបាច់ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក អំពីការប្រើថ្នាំបំប៉ន វីតាមីនដើម្បីធានាថារាងកាយរបស់អ្នកទទួលបានការផ្គត់ផ្គង់ចាំបាច់នៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែបានគ្រប់គ្រាន់៕
ប្រភព ៖ Healthline / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)