ជំងឺទឹកនោមផ្អែម មិនមែនអាចកើតឡើងចំពោះតែមនុស្សចាស់នោះទេ ព្រោះថាក្នុងពេលបច្ចុប្បន្ននេះ ក៏មានមនុស្សវ័យក្មេង ឬវ័យកណ្ដាលជាច្រើន កំពុងតែប្រឈមមុខនឹងជំងឺមួយនេះ។ យ៉ាងណាមិញ នេះជារោគសញ្ញាព្រមានទាំង១៣ ជារោគសញ្ញាដំបូង ដែលអាចបង្ហាញឱ្យឃើញថា អ្នកកំពុងតែឈានទៅរកជំងឺទឹកនោមផ្អែមនេះហើយ។
១. បត់ជើងតូចញឹកញាប់
ប្រសិនបើអ្នកឃើញថាខ្លួនអ្នក ឧស្សាហ៍បត់ជើងតូចញឹកញាប់នៅពេលយប់ ដែលជាអាការៈខុសពីរាល់ដង វាអាចបង្ហាញពីជំងឺទឹកនោមផ្អែម។
២. ស្រវាំងភ្នែក
ការស្រវាំងភ្នែក អាចមិនមែនមកពីបញ្ហាជំងឺភ្នែក ឬម្ញូបនោះទេ តែវាអាចជាសញ្ញាមួយក្នុងចំណោមសញ្ញាទាំង១៤ ដែលបង្ហាញថា ជាតិស្កររបស់អ្នកកំពុងតែកើនឡើង។
៣. មាត់ស្ងួត
ប្រសិនបើមាត់របស់អ្នកមានអារម្មណ៍ស្ងួត សូម្បីតែក្រោយពេលផឹកទឹក អ្នកគួរតែពិនិត្យខ្លួនអ្នកឱ្យដឹងពីជំងឺទឹកនោមផ្អែមនេះ។
៤. ស្រេកទឹក
ស្រេកទឹកខុសពីសព្វមួយដង ទោះបីទើបតែផឹកទឹករួចក៏ដោយ ក្នុងខ្លួនអ្នក ហាក់ដូចជាខ្វះជាតិទឹកអ៊ីចឹង។
៥. របួសមិនងាយជា
ជំងឺទឹកនោមផ្អែម តែងតែពន្យារពេលនៃដំណើរការមុខរបួសរបស់អ្នក វានឹងធ្វើឱ្យរបួសរបស់អ្នកមិនងាយជាសះនោះឡើយ។
៦. ការផ្តោតអារម្មណ៍ខ្សោយ
កង្វះការផ្តោតអារម្មណ៍ គឺជាលទ្ធផលមួយទៀតនៃជំងឺទឹកនោមផ្អែម។ អ្នកតែងតែមិនអាចគ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឯងបានទាល់តែសោះ។
៧. ការបង្ករោគដែលកើតឡើងដដែលៗ
ដូចជាស្នាមរបួសអាចចំណាយពេលយូរដើម្បីជាសះស្បើយ ការបង្ករោគដែលអ្នកធ្លាប់មានក៏អាចនឹងកើតឡើងដដែលៗដែរ។
៨. បញ្ហាក្នុងការរំលាយអាហារ
បញ្ហារំលាយអាហារ ដូចជាចង្អោរ និងក្អួតជារឿងធម្មតានៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម។
៩. បង្កើនចំណង់អាហារ
ឃ្លានចម្លែក ញុំាច្រើនយ៉ាងណាក៏មិនឆ្អែត អ្នកគួរតែធ្វើតេស្តឈាមរកជាតិគ្លុយកូស។
១០. បញ្ហានៃសរសៃប្រសាទ
យូរៗទៅជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃប្រសាទរបស់អ្នក ហើយអ្នកអាចមានអារម្មណ៍ឈឺដៃជើង និងកន្លែងផ្សេងៗទៀត។
១១. បញ្ហាស្បែក
ស្បែករបស់អ្នកអាចប្រែជាស្ងួត និងរមាស់ ហើយអ្នកងាយនឹងឆ្លងបាក់តេរី និងផ្សិត។
១២. ការឡើងទម្ងន់
ភាពធាត់មិនត្រឹមតែជាសញ្ញានៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តែវាក៏ជាលទ្ធផលរបស់វាផងដែរ។ ការឡើងទម្ងន់ខុសប្រក្រតី ជាបញ្ហាមួយដែលអ្នកគួរតែផ្ដោតអារម្មណ៍ និងយកចិត្តទុកដាក់ឱ្យមែនទែន។
១៣. អសមត្ថភាពផ្លូវភេទ
សម្រាប់អ្នកមានគ្រួសារ ហើយពិបាក ឬគ្មានអារម្មណ៍រឿងលើគ្រែ ឬពិបាកយកកូន អ្នកប្រហែលជាកើតជំងឺនេះដោយប្រការណាមួយហើយ។
នេះគឺជារោគសញ្ញាទាំង១៣ដំបូង ដែលអ្នកគួរតែយកចិត្តទុកដាក់ ប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃជំងឺនេះ។ សូម្បីតែរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ ក៏អាចជាសញ្ញាមួយដែលអ្នកត្រូវធ្វើតេស្តឈាមគ្លុយកូសផងដែរ។ យ៉ាងណាមិញ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងពិគ្រោះឱ្យបានកាន់តែច្បាស់៕
ប្រភព ៖ stylecraze. / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)