ប្រសិនបើអ្នកចង់ប្រយុទ្ធប្រឆាំងនឹងភាពចាស់ អាចរក្សារូបរាង និងសម្រស់ នៅតែស្រស់ស្អាត សាច់ចាំ ភ្លឺថ្លា ចៀសពីជំងឺទាំងពួង សូមកុំព្រងើយកន្តើយនឹងអាហារទាំងនេះ។ អាហារប៉ុន្មានមុខខាងក្រោមនេះ សម្បូរទៅដោយវីតាមីន និងសាធាតុចិញ្ចឹមជាច្រើន ដែលនឹងជួយថែរក្សារូបរាង និងសម្រស់របស់អ្នក ដូចក្មេងទើបតែពេញវ័យ។
១. ទឹកដោះគោជូរ ឬយ៉ាអួ
សមាសធាតុអាហារូបត្ថម្ភនៃយ៉ាអួ ឬទឹកដោះគោជូរ មានផ្ទុកនូវបាក់តេរីមានប្រយោជន៍ជាច្រើន ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ លើសពីនេះ ទឹកដោះគោយ៉ាអួ គឺជាអាហារដែលមានផ្ទុកនូវប្រូតេអ៊ីនដ៏សំខាន់ៗជាច្រើនសម្រាប់រាងកាយ។ ចំពោះអ្នកដែលគេងមិនលក់ស្កប់ស្កល់នៅពេលយប់ជាប្រចាំ គួរតែបន្ថែមទឹកដោះគោយ៉ាអួទៅក្នុងអាហារពេលព្រឹក ដើម្បីសុខភាពល្អចៀសវាងរង្វង់ខ្មៅនៅលើភ្នែក។
ជាងនេះទៅទៀត វាក៏ត្រូវបានគេរកឃើញនៅក្នុងយ៉ាអួផងដែរ ថាមានសារធាតុដែលល្អចំពោះឆ្អឹង និងធ្មេញ។ ដូច្នេះអ្នកគួរតែញុំាយ៉ាអួឱ្យបានទៀងទាត់វានឹងជួយឱ្យអ្នកមានសុខភាពល្អ និងក្មេងជាងវ័យ។
២. តែបៃតង
តែបៃតងត្រូវបានគេចាត់ទុកថាជាអាហារដែលជួយពន្យារភាពយុវវ័យ ព្រោះតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ លើសពីនេះ វាមិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងជួយពន្យារដំណើរការចាស់នៃស្បែកផងដែរ។
ការសិក្សាខ្លះក៏បានបង្ហាញផងដែរថា តែបៃតងជួយការពាររាងកាយប្រឆាំងនឹងភ្នាក់ងារបង្កមហារីកយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នកគួរតែបន្ថែមតែបៃតងទៅក្នុងបញ្ជីភេសជ្ជៈដើម្បីផឹកជារៀងរាល់ថ្ងៃ។
៣. ចេក
ចេកសម្បូរប៉ូតាស្យូមវីតាមីន B6 និងអាស៊ីតហ្វូលិក។ ការទទួលទានចេកជាប្រចាំនឹងជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ និងជួយសម្រកទម្ងន់រក្សារាងបានយ៉ាងល្អ។ មនុស្សជាច្រើនគិតថាការទទួលទានចេកជាប្រចាំ នឹងជួយរក្សាអារម្មណ៍រីករាយយុវវ័យ និងការពារហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។
៤. ម្ទេសប្លោកទុំ
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ម្ទេសប្លោកទុំមានផ្ទុកនូវវីតាមីន C ច្រើនវាថែមទាំងខ្ពស់ជាងក្រូច ដែលជួយពង្រឹងភាពស៊ាំរបស់រាងកាយ និងការពារជំងឺជាច្រើន។ លើសពីនេះម្ទេសប្លោកទុំត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ យោងតាមអ្នកជំនាញការទទួលទានម្ទេសប្លោកទុំកជាប្រចាំ ជួយបំពេញបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ និងជួយបំប៉ន និងថែរក្សាស្បែកពីខាងក្នុងជួយឱ្យអ្នកមានស្បែកភ្លឺថ្លាមានសុខភាពល្អការពារភាពចាស់។
៥. ត្រីសាម៉ុង
នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ត្រីសាម៉ុង ដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើន ត្រីសាម៉ុងជួយធ្វើឱ្យអារម្មណ៍អ្នកស្រស់ថ្លា និងប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងអស់កម្លាំង៕
ប្រភព ៖ Phunutoday / Knongsrok