សម្រាប់អាហារពេលព្រឹក អ្នកមិនគួរជ្រើសយកអាហារគូទាំង ៧ ប្រភេទខាងក្រោមនេះទេ ព្រោះអីវាអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ នាំឲ្យដំណើរការមិនល្អ យូរទៅវិវត្តក្លាយជារោគក្រពះដោយមិនដឹងខ្លួន៖
៧) ទឹកដោះគោនិងផ្លែឈើជូរ
ទឹកដោះគោ មិនអាចលាយឡំគ្នាជាមួយផ្លែឈើជូរ ដូចជាចក្រូចជាដើមបាននោះទេ ព្រោះពេលជាតិអាស៊ីដចូលប្រតិកម្ម វានឹងបណ្តាលឲ្យក្រហាយទ្រូង ដាក់បន្ទុកដល់ក្រពះក្នុងការរំឡាយ។ យល់ល្អបើចង់ទទួលទាន គួរតែទុកចន្លោះគ្នា ២០ នាទី ដោយទទួលទានក្រូចរួចសឹមផឹកទឹកដោះគោតាមក្រោយ។
៦) បបរនិងចាក្វៃ
មនុស្សជាច្រើនពេញនិយមណាស់ ដោយគិតថាចាក្វៃជារបស់ដែលខ្វះមិនបានជាមួយបបរនៅពេលព្រឹក។ ប៉ុន្តែអ្នកមិនដឹងនោះទេ ម្សៅដែលគេយកមកធ្វើចាក្វៃនោះ ពេលគេបន្ថែមជាតិអាល់ម៉ុនសូដាលើស វានឹងធ្វើឲ្យខូចតម្រងនោម។
៥) បឺហ្គឺ និងអាហារចៀន
បឺហ្គឺនិងអាហារចៀន ឬបំពង ជារបស់ដែលមនុស្សជាច្រើនពេញនិយម តែអ្នកត្រូវដឹង វាក៏ជារបស់ដែលធ្វើឲ្យសុខភាពអ្នកចុះថយលឿនផងដែរ។ ការរួមបញ្ចូលគ្នារវាងបឺហ្គឺ ឬអាហារបំពងណាទឹកព្រឹក វាពិតជាជម្រើសមិនល្អឡើយ។
៤) ទឹកផ្លែឈើនិងនំប័ុង
នំប័ុង នំ Cookies ឬនំខេក តាមធម្មតាវាមានជាតិស្ករមួយផ្នែកហើយ ដូច្នេះបើបន្ថែមទឹកផ្លែឈើចូលទៀត នោះអាចបណ្តាលឲ្យឡើងទម្ងន់។ ទឹកផ្លែឈើមិនមែនមានតែសារធាតុចិញ្ចឹមមួយមុខទេ ទោះបីវាប្រភេទផ្លែឈើស្រស់ ១០០ ភាគរយក៏ដោយ វាក៏មានជាតិស្ករលាយឡំច្រើនដែរ ហើយបើសម្រាប់ក្មេងៗ គឺងាយនឹងធ្វើឲ្យពុកធ្មេញ។
៣) សាំងវិចនិងកាហ្វេ
អ្នកមិនគួរទទួលទានសាំងវិចនិងកាហ្វេសម្រាប់អាហារពេលព្រឹកឡើយ ដោយសារតែកាបូអ៊ីដ្រាតដែលមាននៅក្នុងសាំងវិច ពេលលាយបញ្ចូលគ្នាជាមួយសារធាតុកាហ្វេ វានឹងរារាំងដល់ការរំលាយអាហារ ហើយធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធសរសៃប្រសាទ និងសរសៃឈាមបេះដូង។
២) ស៊ុតនិងទឹកដោះគោសណ្តែក
ប្រូតេអ៊ីននៅក្នុងស៊ុត បេលវាលាយបញ្ចូលគ្នាជាមួយទ្រីបស៊ីននៅក្នុងទឹកដោះគោសណ្តែក វានឹងធ្វើការរារាំងមិនឲ្យរាងកាយស្រូបយកប្រូតេអ៊ីនបាននោះទេ ហើយបើតាមការស្រាវជ្រាវ វានឹងបន្ទុកទៅលើរាងកាយឲ្យពិបាកក្នុងការរំលាយនៅប្រូតេអ៊ីនដែលចេញពីស៊ុត។
១) គ្រាប់ធញ្ញជាតិនិងទឹកក្រូច
ជាអាហារគូដែលគេពេញនិយម នៅពេលព្រឹក ព្រោះគិតថាអាចផ្តល់សារធាតុចិញ្ចឹមច្រើនមកកាន់រាងកាយ ប៉ុន្តែបើស៊ីជម្រៅទៅវាមិនល្អដល់ក្រពះរបស់យើងឡើយ។ ក៏ដោយសារអាស៊ីដមានក្នុងទឹកក្រូច អាចកាត់បន្ថយសកម្មភាពរបស់អង់ស៊ីមដែលទទួលខុសត្រូវលើការបំមបែកកាបូអ៊ីដ្រាត។ ដូច្នេះគ្រាប់ធញ្ញជាតិមិនគួរ ទទួលទានលាយជាមួយទឹកផ្លែឈើ ជាពិសេសប្រភេទទឹកជូរៗនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក