ប្រសិនអ្នកចង់រស់នៅបានយូរ មានអាយុវែង សុខភាពល្អ ហើយបញ្ចៀសជំងឺរាំរ៉ៃ ជាពិសេសគឺជំងឺដាច់សរសៃឈាមខួរក្បាល ដែលមនុស្សជាច្រើនឧស្សាហ៍ជួប អ្នកត្រូវតែជៀសវាងទម្លាប់អាក្រក់ទាំង ៤ ខាងក្រោម៖
១) ការបរិភោគអាហារមិនត្រឹមត្រូវ
អ្នកឧស្សាហ៍ទទួលទានប្រភេទអាហារសម្រន់ Fast food ឬអាហារតាមផ្លូវ ដែលងាយចម្អិនបានទទួលទាន និងមានខ្លាញ់ច្រើន គឺប្រឈមនឹងជំងឺធាត់ បេះដូង ឡើងសម្ពាធឈាម ហើយក៏វិវត្តឆាប់រហ័សទៅជាជំងឺដាច់សរសៃឈាមខួរក្បាលបានផងដែរ។
ដូច្នេះយល់ល្អគួរកាត់បន្ថយការទទួលទាននៅបឺហ្គឺ មាន់បំពង ប្រហិតចៀនអ្វីជាដើមនោះ សុទ្ធតែមិនល្អចំពោះសុខភាពឡើយ។
២) ខ្ជិលហាត់ប្រាណ
មនុស្សដែលខ្ជិលហាត់ប្រាណ គឺប្រឈមនឹងជំងឺដាច់សរសៃឈាមខ្ពស់ ជាងមនុស្សដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៤ ដង/សប្តាហ៍ ដល់ទៅ ២០ ភាគរយ។ ជាពិសេសគឺយុវវ័យបច្ចុប្បន្ន ដែលសកម្មនឹងការងារខ្លាំងពេក រាងកាយពួកគេពេលខ្លះសឹងតែលែងធ្វើចលនា ហើយបើបន្ថែមជាតិកាហ្វេអ៊ីន គ្រឿងស្រវឹងចូលជាប្រចាំផង នោះហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមក៏កាន់តែមានខ្ពស់។
៣) ខ្ជិលទទួលទានទឹក
មនុស្សដែលមិនសូវទទួលទានទឹក ចរន្តឈាមរបស់ពួកគេគឺរត់មិនបានល្អទេ។ ជាមធ្យមយើងត្រូវទទួលទានទឹក ៨ កែវ/ថ្ងៃ ដោយវាមិនត្រឹមតែជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អប៉ុណ្ណោះទេ វាក៏ថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមទៀតផង។
៤) អង្គុយនៅមុខកុំព្យូទ័រយូរពេក
នៅក្នុងយុគសម័យបច្ចេកវិទ្យា ការងារភាគច្រើនគឺមនុស្សនៅជាមួយកុំព្យូទ័រ តែទោះយ៉ាងណាអ្នកជំនាណផ្នែកសុខភាពបានណែនាំថា បញ្ហាស្រ្តេស ការជាប់សន្លាក់ សាច់ដុំ ដែលមិនបានធ្វើចលនាពេលអង្គុយយូរនោះ គឺធ្វើឲ្យឈាមធ្លាក់ចុះ ខួរក្បាលខ្វះឈាម ក៏នាំឲ្យមានហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលខ្ពស់ផងដែរ។ ដូច្នេះអ្នកគួរឆ្លៀតពេលសម្រាកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណដើម្បីឲ្យសាច់ដុំ សន្លាក់មានចលនាខ្លះត្រលប់មកវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក