ទឹកគឺជាប្រភពនៃជីវិត ដោយវាមានតួនាទីសំខាន់ច្រើនណាស់សម្រាប់រាងកាយមនុស្ស។ វាជួយទាំងដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ស្បែក និងជួយឲ្យសរីរាង្គជាច្រើនទៀតអាចដំណើរការទៅបាន។ បើធៀបនឹងគ្រឿងយន្ត វាដូចជាប្រេងរំអិល ដើម្បីរុញឲ្យម៉ាស៊ីនអាចរត់ទៅបានអ៊ីចឹង បើអត់ទឹក គឺម៉ាស៊ីននឹងជាប់គាំងឬខូចលែងដំណើរការ។
យ៉ាងណាទឹក មិនសុទ្ធតែគ្រប់គ្នាបានទទួលទានត្រូវតាមបែបបទទាំងអស់នោះទេ ហើយក្នុងអត្ថបទនេះ គ្រូពេទ្យក្នុងស្រុក សូមបង្ហាញចំណុចធំ ៥ ដែលអ្នកត្រូវបញ្ចៀសពីការទទួលទានទឹក៖
៥) ផឹកទឹកតិចពេក
រាងកាយមនុស្សត្រូវតែមានទម្លាប់ទទួលទានទឹកឲ្យបានច្រើន ទោះបីជាអ្នកមិនចូលចិត្តទទួលទានទឹកក៏ដោយ។ អ្នកខ្លះគិតថា ទល់តែស្រេកទើបទទួលទាន នាំឲ្យយូរទៅរាងកាយជួបបញ្ហាខ្វះជាតិទឹក។
ប្រសិនបើអ្នកមិនបានផឹកទឹកឲ្យបានគ្រប់គ្រាន់ នោះនឹងជះផលអវិជ្ជមានជាច្រើនមកដល់រាងកាយ ដូចជាធ្វើឲ្យស្បែកខ្វះសំណើម ពន្លឿនដំណើរការភាពចាស់ និងធ្វើឲ្យសរីរាង្គមួយចំនួនក្នុងខ្លួនដូចជាក្រពះ ថ្លើម ចុះថយសមត្ថភាពជាដើម។
៤) ផឹកទឹកលឿនពេក
នៅពេលយើងមានអារម្មណ៍ស្រេកទឹក ហើយយើងបង្អកខ្លួនឯងលឿនៗពេក វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះ លំពែង។ តាមការណែនាំរបស់គ្រូពេទ្យ អ្នកត្រូវស្រូបយកជាតិទឹកយឺតៗ ទើបវាបានផ្តល់សារធាតុចិញ្ចឹមពេញលេញ និងរក្សាមុខងាររបស់សរីរាង្គបានល្អ។
៣) ផឹកទឹកច្រើន ក្នុងពេលតែមួយ
មនុស្សមួយចំនួនធំ មិនចូលចិត្តទទួលទានទេ ដល់ពេលទទួលទានម្តងពួកគេសម្រុកទទួលទានច្រើន ក្នុងពេលតែមួយ។ តាមពិតនេះ ជាទម្លាប់អាក្រក់ ដែលជះផលប៉ះពាល់ដល់សុខភាពយើងជាខ្លាំង។
វាមិនត្រឹមតែដាក់បន្ទុកទៅលើតម្រងនោមប៉ុណ្ណោះទេ លើសពីនេះវាក៏ចូលទៅបំផ្លាញមុខងាររបស់សរីរាង្គថែមទៀតផង ហើយការបន្សាបជាតិពុលរបស់ថ្លើម និងដំណើរការរំលាយអាហាររបស់ក្រពះ ក៏មិនបានធ្វើការល្អដែរ។
២) ផឹកទឹកភ្លាមៗក្រោយទទួលទានអាហាររួច
យើងសង្កេតឃើញថាមនុស្សជាច្រើន ពេលទទួលទានអាហាររួច ច្រើនតែមានទម្លាប់ទទួលទានទឹកភ្លាម។ នេះធ្វើឲ្យមានការបញ្ចេញទឹកក្រពះច្រើន ដែលបណ្តាលឲ្យមុខងាររំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមមានការធ្លាក់ចុះ។ មួយផ្សេងទៀតក៏នាំឲ្យកើតមានបញ្ហាដល់ប្រព័ន្ធ Endocrine ជាដើមចមបង្កើនល្បឿនភាពចាស់នៃរាងកាយ។
១) ប្រើភេសជ្ជៈ ជំនួសទឹកបរិសុទ្ធ
មនុស្សជាច្រើនគិតថា ទឹកដូចតែគ្នា ទោះទទួលទានទឹកក្រូច ឬទឹកផ្លែឈើផ្សេងៗ មិនបាច់ទទួលទានទឹកក៏គ្រប់គ្រាន់ដែរ។ តាមពិតទៅវាមិនដូច្នោះទេ ដោយសារទឹកផ្លែឈើ ឬភេសជ្ជៈផ្សេង ខ្លះមានសារធាតុលាយឡំច្រើន និងខ្លះមានជាតិស្ករលើស មិនល្អចំពោះសុខភាព ដូចជាទឹកបរិសុទ្ធធម្មតាឡើយ។
ការបន្ថែមជាតិស្ករចូលទៅក្នុងរាងកាយលើសលប់ច្រើនពេក យូរទៅអ្នកនឹងមានអាការៈឆាប់វិលមុខ ឡើងសម្ពាធឈាម ហើយងាយស្ទះចរន្តឈាមជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក