បើសួរថា តើប្រជាជននៃប្រទេសណាក្នុងពិភពលោកយើងនេះ ដែលអាចរស់នៅជាមួយអាយុវែងជាងគេបង្អស់? ចម្លើយគឺ ជាប្រទេសជប៉ុន ដោយជាមធ្យមពួកគេអាចរស់នៅបានដល់អាយុ ៨៤,៣ ឆ្នាំ ជាពិសេសគឺស្រ្តី មានអត្រាអាយុវែងជាងបុរសប្រហែល ៥ ឆ្នាំ។
ថ្ងៃនេះ គ្រូពេទ្យក្នុងស្រុក សូមស៊ីជម្រៅទៅកាន់ទម្លាប់ល្អ ៤ របស់ប្រជាជនជប៉ុន ដែលអាចជួយឲ្យពួកគេអាចរស់នៅដោយមានអាយុវែង៖
៤) មិនទទួលទានឆ្អែតពេក
ទម្លាប់ជួយឲ្យពួកគេរស់នៅបានយូរ គឺជនជាតិជប៉ុន ញុាំនិងផឹកមិនយកឆ្អែតពេញពោះពេកនោះទេ នៅគ្រប់ពេលវេលាទទួលទាន។ នៅលើតុអាហារ អាហារក្នុងចាន ក៏មិនទម្លាប់ដាក់ច្រើនហូហៀរពេកដែរ ពោលគឺមួយមុខបន្តិច មួយសមល្មមនឹងទទួលបាន។
ចំណែកឯឱជារសគឺផ្តោតលើអាហាររូបត្ថម្ភជាធំ មិនផ្តោតលើរសជាតិដោយដាក់មុតពេកឡើយ ពោលគឺប្រើគ្រឿងទេសស្រាលៗ ដើម្បីឲ្យមានតុល្យភាពសារធាតុចិញ្ចឹម និងមានសុខភាពល្អ។
៣) ទទួលទានត្រី
ប្រទេសជប៉ុន គឺជាប្រទេសកោះមួយ ដូច្នេះត្រីនិងអាហារសមុទ្រគឺពួកគេសម្បូរខ្លាំងណាស់។ ដោយសារត្រូវមានជាតិកូឡេស្តេរ៉ុលដែលមានគុណភាពល្អ និងសារជាតិដទៃទៀត ដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយមនុស្ស។ វាជាមូលហេតុចម្បងមួយ ដែលអាហារលើតុរបស់ជនជាតិជប៉ុន មិនងាយអត់សាច់ត្រីឡើយ។
២) ដាក់កំហិតការប្រើប្រាស់ប្រេងក្នុងការចម្អិន
អ្នកអាចឃើញផ្ទះបាយជនជាតិជប៉ុន មិនដែលងាយហុងផ្សែងច្រើននោះទេ ពេលពួកគេចម្អិនន។ ក៏ដោយសារតែពួកគេកំណត់ការប្រើប្រាស់ប្រេង ពោលប្រើត្រឹមកម្រិតល្មម ដើម្បីបញ្ចៀសការប៉ះពាល់សុខភាព និងឡើងជាតិខ្លាញ់។
១) ផឹកតែបៃតងរាល់ថ្ងៃ
ទម្លាប់មួយដែលជួយឲ្យជនជាតិជប៉ុនរស់បានយូរ គឺការផឹកតែបៃតងជាប្រចាំ ដោយវាក្រៅពីមានសារធាតុប្រឆាំងអុកស៊ីតកម្ម ទៀតសោតក៏ជួយការពារជំងឺដាច់សរសៃឈាមបេះដូង លើសឈាម ទឹកនោមផ្អែក បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ក្រៅពីនេះវាក៏ជួយឲ្យអ្នកស្រកទម្ងន់ ហើយការពារគ្រោះថ្នាក់ពីជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក