សម្រាប់ទារក ការគេងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយក្មេងតូចៗក៏ដូចគ្នា ដោយសារការអភិវឌ្ឍផ្នែកខួរក្បាល និងសរីរាង្គមួយចំនួន គឺលូតលាស់ខ្លាំងកំឡុងពេលក្មេងខ្ចីហ្នឹងហើយ។ ខាងក្រោម Knongsrok បង្ហាញពីចំនួនម៉ោងគេង ផ្អែកទៅតាមអាយុរបស់ក្មេង ដែលម្តាយឪពុកត្រូវដឹង៖
ទារកទើបកើត
សម្រាប់ទារកដែលទើបតែកើត ពេលវេលារបស់ពួកគេក្នុងមួយថ្ងៃៗគឺផ្តោតតែរឿង ២ ទេជាចម្បង គឺការទទួលទាន និងការគេង។ ល្អបំផុត បើរាប់ទាំងការគេងថ្ងៃនិងយប់ គឺ ១៦ ទៅ ១៨ ម៉ោង ដោយពេលគេងរបស់ពួកគេ អាចបែងចែកជា ៣-៥ ម៉ោងខ្លីៗ តែយ៉ាងណាបើពួកគេទម្លាប់គេងតិចជាង ១០ ម៉ោង/ថ្ងៃ នោះត្រូវនាំទៅជួបគ្រូពេទ្យជាបន្ទាន់។
ទារកអាយុ ៣ ខែ
ចូលមកដល់វ័យនេះ ទារករាងរឹងមាំបន្តិចហើយ ដោយពួកគេអាចយល់ច្រើនអំពីពិភពលោកខាងក្រៅ ដែលនៅជុំវិញពួកគេ។ ពួកគេខ្លះក៏មានការអភិវឌ្ឍចេះលេងបណ្តើរហើយដែរ ដោយជាមធ្យមសរុបទាំងយប់ថ្ងៃ គឺពួកគេត្រូវគេង ១៤-១៦ ម៉ោង ដោយអាចថាគេងពេលខ្លីៗ ៤-៥ ម៉ោង ហើយគេងយូរពេញ ៩-១០ ម៉ោង។
ទារកអាយុ ៤-៦ ខែ
ជាវ័យក្មេងទារកកាន់តែរីកធំធាត់ ហើយដំណាក់នេះពួកគេត្រូវគេងចន្លោះពី ១៤ ទៅ ១៥ ម៉ោង ប្រហាក់ប្រហែលនឹងវ័យមុនដែរ។ ក្រៅពីពេលគេង អ្នកគួរឆ្លៀតយកពួកគេចេញទៅខាងក្រៅ ឲ្យបានឃើញពីបរិយាកាសខាងក្រៅ កាន់តែច្រើនបន្ថែមទៀត។
ទារកអាយុ ៦-៩ ខែ
នៅពេលនេះក្មេងដឹងពីរបៀប ក្រោកឈរ ខ្លះចេះដើរតេះតះទៅទៀត។ ពួកគេត្រូវការ ពេលវេលាគេងច្រើនដូចគ្នា ដើម្បីប្រមូលថាមពលមកវិញ ដូច្នេះគួរតែគេងរយៈពេល ១៤ ម៉ោងថ្ងៃ ដោយអាចគេងពេលថ្ងៃចន្លោះ ២-៣ ម៉ោង ហើយពេលយប់ ១០ ម៉ោងពេញ។
ទារកអាយុ ៩-១២ ខែ
មកដល់វ័យនេះ ទារកអាចគេងថ្ងៃតែមួយពេលបានហើយ តែបើពួកគេចង់គេងច្រើនទៀតក៏ល្អដែរ ដោយជាមធ្យម ១៤ ម៉ោងគឺល្អបំផុត។ អ្វីដែលសំខាន់ក្នុងវ័យនេះ ម្តាយឪពុកត្រូវទម្លាប់យកក្មេងចេញទៅខាងក្រៅ ឲ្យសិក្សានិងស្គាល់ពីមជ្ឈដ្ឋានថ្មីឲ្យបានច្រើន ដើម្បីឲ្យពួកគេអាចរៀនសូត្របានលឿន។
ក្មេងអាយុលើសពី ១ ឆ្នាំ
បើពួកគេឈានចូលអាយុលើសពី ១ ឆ្នាំ គឺអាចគេងចន្លោះពី ១៤ ទៅ ១៥ ម៉ោងដូចគ្នា តែពេលចូលអាយុ ២-៣ ឆ្នាំអាចចុះមកត្រឹម ១២-១៣ ម៉ោង ហើយ ៣-៥ ឆ្នាំអាចចុះមកដល់ ១២ ម៉ោង នេះយើងរាប់ទាំងការគេងថ្ងៃនិងយប់ចូលគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក