បណ្តាភេសជ្ជៈខាងក្រោមទាំង ៤ នេះ ពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាព បណ្តាលឲ្យពន្លឿនដំណើរការនៃភាពចាស់ជាងវ័យ ពោលគឺអ្នកគួរតែជៀសឲ្យឆ្ងាយ៖
៤) ភេសជ្ជៈមានជាតិកាបូន
ភេសជ្ជៈដែលមានជាតិកាបូន មានជាតិស្ករច្រើន និងមានសារធាតុចិញ្ចឹមតិចតួច វាមិនត្រឹមតែបន្ថែមកាឡូរីលើសដល់រាងកាយប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់សរីរាង្គមួយចំនួនផងដែរ។ តាមអ្នកជំនាញនៅសហរដ្ឋអាមេរិក អ្នកដែលទទួលទានភេសជ្ជៈកំប៉ុង ដែលមានផ្ទុកជាតិស្កររៀងរាល់ថ្ងៃ គឺអាចពន្លឿនភាពចាស់ និងឡើងទម្ងន់លឿន។
ដោយសារជាមធ្យមភេសជ្ជៈកំប៉ុង ៣៥០ ម.ល មានជាតិស្ករ ៣៩ ក្រាម ដូច្នេះអ្នកគួរតែកំណត់ការទទួលទានឲ្យទាបបំផុត បើមិនចាំបាច់ គួរតែមិនទទួលទានតែម្តង។
៣) ទឹកផ្លែឈើដាក់ក្នុងដប
មិនមែនជាប្រភេទផ្លែឈើស្រស់ អ្នកមិនគួរទទួលទានវាឡើយ ព្រោះគេមានលាយបន្ថែមជាតិស្ករច្រើន ធ្វើឲ្យរាងកាយយើងឆាប់ចាស់ជាងវ័យ។ ឧទាហរណ៍៖ ទឹកផ្លែឈើចំណុច ២៣៦ ម.ល អ្នកអាចនឹងទទួលជាតិស្ករពីនោះ ២២ ក្រាម។
២) គ្រឿងស្រវឹង
ដ្បិតជាតិអាកុលមិនមានជាតិស្ករ តែវាអាចធ្វើឲ្យអ្នកចាស់បានតាមមធ្យោបាយផ្សេង។ តាមអ្នកជំនាញបង្ហាញថា ភេសជ្ជៈមានជាតិអាកុលងាយធ្វើឲ្យស្បែកស្តើង និងស្ងួត ហើយជាកត្តាពន្លឿនដំណើរការភាពចាស់ជាងវ័យយ៉ាងឆាប់រហ័ស។
ជាងនេះវាក៏បណ្តាលឲ្យខូចថ្លើមធ្ងន់ធ្ងរ ប្រសិនអ្នកបន្តទទួលទានរយៈពេលយូរ រួចក៏ធ្វើឲ្យពិបាកគេង នាំឲ្យប្រព័ន្ធភាពសុាំរាងកាយចុះខ្សោយ ជាហេតុបើកផ្លូវឲ្យជំងឺជាច្រើនចូលខ្លួន។
១) តែទឹកដោះគោ
Milk Tea ជារបស់ដែលយុវវ័យភាគច្រើន ខ្លះសឹងតែទទួលទានរៀងរាល់ថ្ងៃ ហើយវាមិនត្រឹមតែធ្វើឲ្យធាត់ប៉ុណ្ណោះទេ ជាងនេះវាគ្មានទាំងសារធាតុចិញ្ចឹមដល់រាងកាយថែមទៀត។ តាមអ្នកជំនាញការទទួលទានតែទឹកដោះគោច្រើន អាចបំផ្លាញស្បែករបស់អ្នក ធ្វើឲ្យអ្នករលាកស្បែក ហើយកាត់បន្ថយកូឡាជែនក្នុងខ្លួន ដែលកូឡាជែននេះសោតដើរតួសំខាន់ណាស់ក្នុងការធ្វើឲ្យស្បែកហាប់ណែនល្អ និងសម្រស់ក្មេងជាងវ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក