ការសម្រកទម្ងន់ តម្រូវឱ្យមានដំណើរការដ៏យូរ។ ការញុំាតាមបែបវិទ្យាសាស្ត្រ ហាត់ប្រាណឱ្យបានច្រើន គឺសុទ្ធតែវិធីសាស្ត្រក្នុងការសម្រកទម្ងន់ តែយ៉ាងណាមិញ ពេលវេលាដើម្បីហាត់ប្រាណក៏សំខាន់ណាស់ដែរ។ ខាងក្រោមនេះ គឺជាពេលវេលាទាំង៦ ដែលជួយឱ្យអ្នកមានបំណងសម្រកទម្ងន់ អាចស្រកទម្ងន់បានល្អ និងមានប្រសិទ្ធិភាពបំផុត។
១. ម៉ោង ៧ ព្រឹក
តារាងពេលវេលានេះ គឺសក្តិសមបំផុតសម្រាប់ការហាត់ប្រាណដើម្បីសម្រកទម្ងន់ និងរក្សារាងឱ្យនៅថេរ។ បន្ទាប់ពីចំណាយថាមពលអស់មួយយប់ នៅពេលដែលអ្នកក្រោកពីគេង ជាតិស្ករក្នុងឈាមរបស់អ្នកមានកម្រិតទាប រាងកាយមិនមាន glycogen ច្រើនទេ។ លំហាត់ប្រាណនឹងជួយបំប្លែងជាតិខ្លាញ់ទៅជាថាមពលសម្រាប់រាងកាយ ដូច្នេះជាតិខ្លាញ់កាន់តែច្រើនត្រូវបានដុត។
ក្រៅពីនេះ ការភ្ញាក់ពីព្រលឹមក៏ជួយលើកទឹកចិត្តផងដែរ។ វាជួយអ្នករក្សាកម្លាំងផ្លូវចិត្ត និងរាងកាយពេញមួយថ្ងៃ ធ្វើឱ្យអ្នកកាន់តែមានផលិតភាព។
នៅពេលព្រឹក អ្នកគ្រាន់តែធ្វើលំហាត់ទន់ភ្លន់ ដូចជាការដើរ យូហ្គា។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមានជាតិស្ករក្នុងឈាមញឹកញាប់ ជាតិស្ករក្នុងឈាមទាបមិនគួរហាត់ប្រាណនៅពេលនេះទេ។
២. ម៉ោង ៩ ព្រឹក
នៅពេលអ្នកក្រោកពីដំណេក ការរំលាយអាហារក្នុងរាងកាយចាប់ផ្តើម ដូច្នេះអ្នកគួរតែញុំាអាហារពេលព្រឹកមុនម៉ោង ៩ ព្រឹក។ ប្រសិនបើអ្នកមិនបានញុំាអាហារពេលព្រឹកក្រោយម៉ោង ៩ ទេ អ្នកប្រហែលជាត្រូវយកចិត្តទុកដាក់លើម៉ោងអាហារ បើមិនដូច្នោះទេ ការរំលាយអាហាររបស់អ្នកនឹងរងផលប៉ះពាល់។
៣. ម៉ោង ២ រសៀល
មនុស្សជាច្រើនគិតថា ការញុំាផ្លែឈើមិនធាត់ ប៉ុន្តែការពិត គឺថាផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ដែលវាមិនសក្តិសមសម្រាប់ការញុំានៅពេលយប់នោះទេ។ បើអ្នកចូលចិត្តញុំាផ្លែឈើ អ្នកគួរតែសាកល្បងញុំា ឱ្យបានមុនម៉ោង ២ រសៀល។
ញុំាផ្លែឈើមុនពេលរសៀល ដើម្បីឱ្យការរំលាយអាហាររបស់រាងកាយកាន់តែរឹងមាំហើយជាតិស្ករកាន់តែងាយស្រួលក្នុងការរំលាយ។
៤. ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៥ ល្ងាច
បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់ ការរំលាយអាហារនឹងឈានដល់កម្រិតកំពូលរបស់វា។ នៅពេលនេះនាឡិកាជីវសាស្រ្តរបស់រាងកាយចាប់ផ្តើមស្តារសមត្ថភាពរបស់វាឡើងវិញ។ ដូច្នេះ មេតាបូលីសក្នុងរាងកាយ ត្រឡប់ទៅធ្វើការបានត្រឹមត្រូវវិញ។
ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៥ ល្ងាច ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាពេលវេលាហាត់ប្រាណដ៏សមស្របបំផុត ព្រោះការសម្របខ្លួនរបស់រាងកាយ និងអារម្មណ៍នៃសរសៃប្រសាទគឺល្អបំផុត។ អ្នកអាចធ្វើលំហាត់ប្រាណបានដូចជាដើរ រត់ហាត់ប្រាណ រាំជាដើម ដែលវានឹងជួយឱ្យអ្នកស្រកទម្ងន់ និងរក្សាភាពភ្លឺស្វាង។
៥. ម៉ោង ៧ យប់
អាហារពេលល្ងាច គួរតែត្រូវបានបញ្ចប់មុនម៉ោង ៧ យប់ ពោលគឺយ៉ាងហោចណាស់ ៤ ឬ៥ ម៉ោងមុនពេលចូលគេង។ ការញុំាអាហារពេលល្ងាចឆាប់ នឹងជួយឱ្យការរំលាយអាហារក្នុងរាងកាយប្រព្រឹត្តទៅបានកាន់តែងាយស្រួល ដោយចៀសវាងកាឡូរីច្រើនពេក។
៦. ៣ ម៉ោងមុនពេលចូលគេង
ដោយសារតែការញុំាអាហារពេលល្ងាចលឿនពេក មនុស្សជាច្រើនអាចមានអារម្មណ៍ឃ្លាន នៅពេលដែលពួកគេចូលគេង។ ដើម្បីចៀសវាងអាហារសម្រន់នៅពាក់កណ្តាលយប់ អ្នកអាចញុំាអាហារសម្រន់ ៣ ម៉ោងមុនពេលចូលគេង។ គួរចៀសវាងអាហារដែលមានកម្ដៅខ្លាំងដូចជាម្សៅ ផ្លែឈើ អាចញុំាប្រូតេអ៊ីន រួមទាំងសាច់មាន់ អាហារសមុទ្រ...៕
ប្រភព ៖ Phunutoday / Knongsrok