ពេលហត់នឿយ ចូលឈរនៅលើជ្រុងម្ខាងទៀត ដើម្បីមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះ

ពាក្យថាមនុស្ស ពេលនិយាយគឺងាយយល់ ស្តាប់ទៅងាយស្រួល តែពេលអនុវត្តន៍គឺពិបាកណាស់។ ឆាកជីវិតគឺដាច់ធម៌មេត្តាណាស់ ប្រឹងប្រែងហើយមិនប្រាកដថាជោគជ័យឡើយ ពុះពារហើយក៏មិនប្រាកដថាមានពន្លឺរស្មីដែរ តែត្រូវចេះរៀនមើលចំណុចល្អខ្លួនឯង កុំចេះតែយល់ថាគេធ្វើបែបនេះល្អធ្វើបែបនោះល្អ ហើយធ្វើត្រាប់តាមគេអី បើធ្វើត្រាប់តាមគេដដែល អ៊ីចឹងមកសម្លឹងមើលភាពប៉ិនប្រសប់របស់ខ្លួនឯងវិញល្អជាង។

ដើរផ្លូវខ្លួនឯងឱ្យបានល្អ ធ្វើកិច្ចការខ្លួនឱ្យបានផ្ចិតផ្ចង់ មើលស្ថានភាពរបស់ខ្លួនឱ្យបានច្បាស់ ផ្តល់ជំនឿចិត្ត ភាពរីករាយ និងស្នាមញញឹមដល់ខ្លួនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

ពេលដែលមានគេមើលធ្ងន់លើអ្នក អ្នកកុំទាន់យល់ថាខ្លួនឯងសំខាន់ពេក ពុំដូច្នេះទេ ពេលដែលធ្លាក់ចុះដល់ដី វាពិតជាឈឺចាប់ខ្លាំងជាមិនខាន ព្រោះឡើងខ្ពស់ប៉ុនណា ធ្លាក់មកដីក៏ឈឺប៉ុណ្ណោះដែរ។ ពេលគ្មានអ្នកមើលធ្ងន់លើអ្នក ខ្លួនអ្នកត្រូវផ្តល់តម្លៃឱ្យខ្លួនឯង ពុំដូច្នេះទេអ្នកនឹងចាញ់ដោយមិនដឹងខ្លួនជាមិនខាន។

Image_2021 11 16_235253

មួយជីវិតនេះគង់តែត្រូវការឱ្យអ្នកប្រឈមមុខចំពោះរឿងរ៉ាវតែម្នាក់ឯងទេ តែអ្នកកុំខ្លាច ត្រូវរៀនចេះស្ងប់ចិត្ត និងប្រឈមមុខដោយភាពក្លាហាន។

បើគេចង់ទៅ ឱ្យគេទៅចុះ បើយកមិនបានទេ កុំទៅដណ្តើមអី បើគេចមិនផុតទេ ប្រឈមមុខដោយក្លាហាន ហើយបោះជំហានឆ្ពោះទៅមុខឱ្យបានល្អប្រសើរ។ ដូច្នេះហើយ ពេលហត់ ចូលឈរលើជ្រុងម្ខាងទៀតមកមើលពិភពលោក អ្នកនឹងមើលឃើញចំណុចថ្មីល្អជាងការដែលសម្លឹង និងគិតឃើញតែបញ្ហា។

- ពេលរងសម្ពាធ ចូរផ្លាស់ប្តូរបរិស្ថានមកស្រូបយកខ្យល់អាកាស!

- ពេលវង្វេង ចូរផ្តាស់ប្តូរទីតាំងទៅពិចារណា!

- ពេលស្ទាក់ស្ទើរ ចូរផ្លាស់ប្តូរគំនិតទៅជ្រើសរើស!

- ពេលធុញថប់ ចូរផ្លាស់ប្តូរមជ្ឈដ្ឋានរកភាពរីករាយ!

- ពេលកង្វល់ ចូរផ្លាស់ប្តូរអារម្មណ៍ទៅរំសាយចោល!

- ពេលអន់ចិត្ត ចូរផ្លាស់ប្តូរគំនិតទៅប្រឈមមុខ!

Image_2021 11 16_235303

នៅក្នុងការរស់នៅ គប្បីរៀនចេះផ្លាស់ប្តូរការពិចារណា ទើបពិភពលោករបស់អ្នកពោរពេញដោយសន្តិភាព ឱ្យតែចិត្តអ្នករក្សាភាពសាមញ្ញ គឺនឹងមានសុភមង្គលជាមិនខាន។

ជីវិត តែងមានការឈឺចាប់ មានហូរទឹកភ្នែក តែមានទឹកភ្នែកខ្លះ អាចហូរចេញមកក្រៅឱ្យគេឃើញ ក៏មានទឹកភ្នែកខ្លះទៀត បែរជាលាក់ទុកក្នុងចិត្តមិនហ៊ានបញ្ចេញឱ្យគេឃើញ ដូចនេះ ទឹកភ្នែកដូចគ្នា តែចិត្តខុសគ្នា ឈឺចិត្តដូចគ្នា តែអារម្មណ៍ខុសគ្នា៕

អត្ថបទ ៖ Mythical Bird / Knongsrok