kalib9

ថូ​ម៉ាស់ អេឌីសិន (Thomas Edison) ដោយសារឥទ្ធិពលនៃពាក្យសម្តីរបស់ម្តាយ បានកែប្រែជីវិតគាត់ ហើយបានធ្វើឲ្យពិភពលោកទាំងមូលមានពន្លឺ

មាន​ក្មេងប្រុស​ម្នាក់​ចេញពី​រៀន​ត្រលប់​ទៅដល់​ផ្ទះ​ បាន​ហុច​សំបុត្រ​មួយច្បាប់​ឱ្យ​ម្ដាយ ហើយ​ប្រាប់ថា លោកគ្រូ​បានឱ្យ​ក្រដាស​នេះ​មក​ខ្ញុំ​ដោយ​ប្រាប់ថា “យក​សំបុត្រ​នេះ​ទៅ​ឱ្យម្ដាយ​របស់​ឯង​តែ​ម្នាក់​គត់”។

ម្ដាយ​ក៏បាន​បើក​សំបុត្រ​នោះ​ ហើយ​អាន​យ៉ាងឮៗប្រាប់​ទៅ​កូន​ទាំង​ទឹកភ្នែក​ស្រក់​ហូរ​យ៉ាងខ្លាំង​ថា “កូនប្រុស​របស់​អ្នកជា​មនុស្ស​មាន​ទេពកោសល្យ​ម្នាក់ សាលា​នេះ​តូច​ណាស់​​គ្មាន​គ្រូ​ល្អ​សម្រាប់​បង្រៀន​កូន​របស់​អ្នក​ទេ​ សូម​មេត្តា​យក​កូនអ្នក​ទៅ​បង្រៀន​ដោយ​ខ្លួនឯង​ចុះ” ។

ច្រើន​ឆ្នាំ​កន្លងផុតទៅ ម្ដាយ​ក៏បាន​ស្លាប់បាត់ ហើយ​ក្មេង​ប្រុស​ម្នាក់​នោះ​ក៏បាន​ក្លាយជា​បុគ្គល​ល្បី​លើ​ពិភពលោក ដែលជា​អ្នក​បង្កើត​អំពូល​ភ្លើង​ដ៏​អស្ចារ្យ​ម្នាក់​គឺ លោក ថូ​ម៉ាស់ អេឌីសិន។​ ក្រោយមកមាន​ថ្ងៃមួយ​ លោក​ ថូ​ម៉ាស់​អេ​ឌី​សិន ​បាន​រក​មើល​របស់​របរចាស់ៗនៅក្នុង​ផ្ទះ​ដែល​ខ្លួន​ធ្លាប់រ​ស់នៅកាលពី​តូច។

គាត់​ក៏​បាន​ឃើញ​ក្រដាស​មួយ​ដុំ​នៅក្បែរ​ជ្រុង​តុរបស់គាត់ គាត់​ក៏​បាន​រើស​វា​យកមក​អាន។ ​ក្នុង​ក្រដាស​នោះបានសរសេរថា “កូនប្រុស​របស់​អ្នកជា​មនុស្ស​មាន​ជំងឺ​សតិអារម្មណ៍ យើង​មិនអាច​ឱ្យ​គេ​រៀន​នៅ​សាលា​នេះ​បន្តទៀតឡើយ សូមមេត្តា​យក​កូន​អ្នក​​ទៅ​បង្រៀន​ដោយ​ខ្លួនឯង​ចុះ”។ នេះ​គឺជា​ក្រដាស​តែមួយ​ដែលគ្រូ​បានឱ្យ ថូ​ម៉ាស់ អេ​ឌី​សិន យកទៅ​ជូន​ម្ដាយ​កាលពី​នៅ​ក្មេង។

Loading...

ក្រោយពី​អាន​ចប់ ថូ​ម៉ាស់ អេ​ឌី​សិន​ បានអង្គុយ​យំ​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ម៉ោង ហើយ​គាត់​បាន​សរសេរ​កំណត់​ហេតុ​ទុក​ប្រចាំជីវិត​ថា “ថូ​ម៉ាស់ អេឌីសិន​ធ្លាប់ជា​ក្មេង​មាន​ជំងឺ​សតិអារម្មណ៍ ដោយសារ​តែ​មាន​អ្នក​ម្តាយ​ដ៏​អស្ចារ្យម្នាក់ គាត់​បាន​ក្លាយខ្លួនជា​មនុស្ស​អច្ឆរិយៈ​ក្នុង​ប្រវត្តិសាស្ត្រ”

គ្រាន់តែ​ម្តាយ​ផ្លាស់ប្តូរ​ពី​ពាក្យ​ថា “កូនប្រុស​របស់​អ្នកជា​មនុស្ស​មាន​ជំងឺ​សតិអារម្មណ៍” ទៅជា “កូនប្រុស​របស់​អ្នកជា​មនុស្ស​មាន​ទេ​ព្យ​កោសល្យ” វា​ក៏បាន​ជួយ​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​ទាំងមូល​របស់លោកថូ​ម៉ាស់​ អេ​ឌី​សិន។ ពាក្យសម្តី​អាច​ក្លាយទៅជា​ថ្នាំពុល ឬទឹកអម្រឹត​បានអាស្រ័យទៅលើ​ការ​ប្រើប្រាស់​របស់​យើង​ទាំងអស់គ្នា៕

ដកស្រង់ចេញពីសៀវភៅ “កូនសិស្សជីវិត” រៀបរៀងនិងចងក្រងដោយ សេង ហ្គេកលី, ២០១៨

ទំនាក់ទំនងជាវសៀវភៅនេះ៖ 069 846 257/092 244 741

or Inbox Facebook Page: https://www.facebook.com/mybookshopread/

Loading...