kalib9

ព្រះបាទចន្ទរាជា(ឆ្នាំ​១៥១៦-ឆ្នាំ​១៥៦៦) ជាក្សត្រដ៏ខ្លាំងក្លាពូកែខាងសឹកសង្គ្រាមទី២ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទ​ច័ន្ទរាជា ដែល​ជា​ព្រះមហាក្សត្រ​ដឹក​នាំ​ការ​វាយ​កម្ចាត់ និង​កាត់​ក​ស្ដេច​កន ដណ្ដើម​យក​រាជ្យ​បាន​មក​វិញ​នោះ គឺ​ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​ក្រុង​លង្វែក និង​បាន​វាយ​បណ្ដេញ​សៀម ដែល​ចូល​មក​បោះ​ទីតាំង​នៅ​អង្គរ​រហូត​ដល់​ដល់​ខេត្ត​អង្គរ ត្រូវ​បាន​គេ​ហៅ​ថា​ខេត្ត​សៀមរាប ទៀត​ផង។

ព្រះ​បរម​ខត្តិយាមហា​ច័ន្ទរាជា (ឆ្នាំ​១៥១៦-ឆ្នាំ​១៥៦៦)៖

ព្រះ​ពញា​ច័ន្ទ​រាជា ជា​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះបាទ​ធម្មរាជា។ ក្នុង​ពេល​ដែល​ស្ដេច​កន ក្រោក​បះបោរ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ស្រីសុគន្ធបទ ដោយ​បោកប្រាស់​អ្នក​ស្រុក​ថា​ខ្លួន “ស្ដេច​កន” បាន​ទទួល​បញ្ជា​ពី​ព្រះបាទ​ស្រីសុគន្ធបទ អោយ​ទៅ​កេណ្ឌ​ទ័ព​ដើម្បី​មក​វាយ​កម្ចាត់​ព្រះអង្គ​ជា​មហាឧបរាជ ដោយ​ចោទ​ព្រះអង្គ​ថា​មាន​ផែនការ​ក្បត់​ចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ​នោះ ពញា​ច័ន្ទ ក៏​ភៀស​ព្រះអង្គ​ទៅ​សុំ​ជ្រក​កោន​ជាមួយ​ព្រះចៅ​ចក្រពត្តិ​ប្រទេស​សៀម។

ប៉ុន្តែ​ក្រោយ​ពី​បាន​ជ្រាប​ដំណឹង​សព្វគ្រប់​ពី​អំពើ​ក្បត់​របស់​ស្ដេច​កន និង​ការ​ធ្វើ​គត់​ព្រះជេដ្ឋា​ព្រះអង្គ​នោះ ពី​ពញាយសរាជា ជា​ក្មួយ​ដែល​ជា​ព្រះរាជ​បុត្រ​ព្រះបាទ​ស្រីសុគន្ធបទ ហើយ​ដែល​បាន​ភៀស​ទៅ​សៀម ដែរ​នោះ ព្រះ​ពញា​ច័ន្ទរាជា មាន​ការ​ក្រេវក្រោធ​ជា​ខ្លាំង។ ព្រះអង្គ​ក៏​ទៅ​ទូល​សុំ​ការ​អនុញ្ញាត​ពី​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ដើម្បី​បាន​យាង​វិល​ត្រឡប់​មក​រំដោះ​ប្រទេស​ជាតិ​ព្រះអង្គ​វិញ។

ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ហាក់​មិន​សូវ​ឈឺ​ឆ្អាល​នឹង​រឿង​នេះ ព្រះអង្គ​ច័ន្ទ ដែល​ធ្លាប់​មាន​ស្នា​ព្រះហស្ដ​ក្នុង​ការ​ទាក់​ដំរី​ស​ថ្វាយ​ព្រះចៅ​សៀម ពី​មុន​មក ក៏​ប្រឌិត​បង្កើត​រឿង​ថា មាន​ដំរី​ស​មួយ​ទៀត​ធំ​លើស​ដំរី​ស​មុន កម្ពស់​ដប់​ហត្ថ ដែល​គេ​ឃើញ​មាន​ដាន​ជើង និង​រោម​ជាប់​នឹង​ដើម​ឈើ​ក្នុង​ព្រៃ​ភាគ​ខាង​កើត​នៃ​ប្រទេស​សៀម។

ព្រះចៅ​សៀម កាល​បើ​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​ត្រាស់​បញ្ជា​អោយ​ពញា​ច័ន្ទ​រាជា ចេញ​ទៅ​ទាក់​ដំរី​នោះ​យក​មក​ថ្វាយ​ព្រះអង្គ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​បាន​ផ្តល់​ពល​ចំនួន​ប្រាំ​ពាន់​នាក់ ដំរី​ធ្នាក់​មួយ​រយ គ្រឿង​សាស្ត្រាវុធ​សព្វ​បែប​យ៉ាង និង​ស្បៀង​អាហារ​យ៉ាង​ច្រើន ព្រម​ទាំង​ដាវ​អាជ្ញា​សឹក​ផង​ដល់​ពញា​ច័ន្ទ​រាជា។

មុន​នឹង​ចេញ​ដំណើរ​ទាក់​ដំរី​ក្លែងក្លាយ​នេះ ចៅ​ពញា​ច័ន្ទ បាន​លប​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​សម្ងាត់​ជាមួយ​ចៅ​ពញា​អុង ជា​ព្រះរាជ​បុត្រ​ព្រះ​ស្រី​រាជា និង​ត្រូវ​ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ដើម្បី​បបួល​ព្រះអង្គ​អោយ​វិល​ត្រឡប់​មក​ប្រទេស​វិញ។ ប៉ុន្តែ​ត្រូវ​ពញា​អុង ដែល​បាន​ក្លាយ​ជា​បុត្រ​ធម៌​របស់​ព្រះចៅ​សៀម និង​បាន​តំណែង​ជា​ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក ទៅ​ហើយ​នោះ បាន​បដិសេធ។

មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ពញា​អុង បាន​ទូល​ស្ដេច​សៀម សព្វ​គ្រប់​ពី​គំនិត និង​ល្បិច​របស់​ព្រះអង្គ​ច័ន្ទ ដែល​ក្លែង​ធ្វើ​ជា​ទៅ​ទាក់​ដំរី ប៉ុន្តែ​តាម​ការ​ពិត គឺ​ព្រះអង្គ​ទ្រង់​នាំ​ទ័ព​ទៅ​រំដោះ​ប្រទេស​កម្ពុជា។ ដំណឹង​នេះ ធ្វើ​អោយ​ព្រះចៅ​សៀម ខ្ញាល់​ជា​ខ្លាំង ហើយ​បញ្ជា​អោយ​លើក​ទ័ព​ទៅ​តាម​ព្រះអង្គ​ច័ន្ទ អោយ​ត្រឡប់​មក​វិញ។ តែ​ពេល​នោះ ព្រះអង្គ​ច័ន្ទ​រាជា បាន​លើក​ទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​ខ្មែរ​ផុត​រួច​ជា​ស្រេច​ទៅ​ហើយ។

ក្រោយ​ពី​ព្រះអង្គ​ច័ន្ទ ទ្រង់​នាំ​ទ័ព​ចូល​មក​ដល់​កម្ពុជា ភ្លាម សង្គ្រាម​រវាង​ព្រះអង្គ និង​ហ្លួង​ព្រះ​ស្ដេច​កន ក៏​បាន​ផ្ទុះ​ឡើង ហើយ​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ។ ព្រះអង្គ​ច័ន្ទ មាន​ការ​គាំទ្រ​យ៉ាង​ប្ដូរ​ផ្តាច់​ពី​គ្រួសារ​តា​ពេជ្រ គឺ​ឃ្លាំងមឿង ដែល​បាន​ធ្វើ​ពលិកម្ម​បូជា​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ជួយ​ផង ពី​មេទ័ព​ទាំងអស់ ព្រម​ទាំង​ប្រជារាស្ត្រ​ច្រើន​លើសលប់​ផង។

ទី​បញ្ចប់​នៃ​សង្គ្រាម​នេះ ទ័ព​ព្រះ​ច័ន្ទ​រាជា បាន​ព័ទ្ធ​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​របស់​ស្ដេច​កន ជាប់​អស់​រយៈ​កាល​បី​ខែ ហើយ​វាយ​សន្ធាប់​ធ្វើ​អោយ​ស្ដេច​កន ត្រូវ​របួស និង​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​ដោត​ជា​បម្រាម នៅ​មុខ​បន្ទាយ​នោះ​ក្នុង​ឆ្នាំ​១៥២៥ នៃ​គ.ស។

Loading...

ដោយ​មាន​សំណូមពរ​ពី​ព្រះរាជា គណៈ​សង្ឃ ពី​ព្រាហ្មណ៍​បុរោហិត ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី​ផង ព្រះ​ច័ន្ទ​រាជា ទ្រង់​យល់​ព្រម​ទទួល​ឡើង​សោយរាជ្យ ដោយ​បាន​ធ្វើ​ពិធី​សង្គ្រាមាពិសេក​នៅ​ឆ្នាំ​១៥១៦ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា “សម្ដេច​ព្រះ​បរម​រាជា​ច័ន្ទ​រាជា”។

លុះ​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​លើ​ស្ដេច​កន ហើយ ហើយ​ក្រឡាពាស​សួស បាន​យល់សប្តិ និង​រក​ឃើញ​គ្រឿង​បញ្ចក្សត្រ​សម្រាប់​រាជ្យ ដែល​សម្ដេច​ព្រះ​ឥសីភ័ទ បាន​យក​ទៅ​លាក់​ទុក​ក្នុង​រូង​ដើម​ចំបក់​មួយ​នៅ​ស្រុក​បាទី មុន​ពេល​ដែល​គាត់​អនិច្ចកម្ម​នោះ​មក​វិញ ទើប​ព្រះអង្គ​ទ្រង់​ទទួល​ពិធី​ប្រាប្ដាភិសេក សោយរាជ្យ​សម្បត្តិ​ជា​សូរេច ក្នុង​ពេល​ខាង​ក្រោយ គឺ​នៅ​ឆ្នាំ​១៥៣៩ នៃ​គ.ស ក្នុង​រាជធានី​លង្វែក។

សម្ដេច​ព្រះ​បរម​រាជា​មហា​ច័ន្ទ​រាជា ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ និង​ប្រកប​ដោយ​ទសពិធរាជធម៌។ ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រម​ទាំង​គម្ពីរ​ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់ ទុក​ជា​គ្រឹះ​ព្រះ​នគរ។

ទ្រង់​សម្រិតសម្រាំង និង​ទំនុក​បម្រុង​អ្នក​មាន​ចំណេះ​វិជ្ជាការ មាន​ថ្វី​អាវុធ​យុទ្ធសាស្ត្រ រក្សា​ទុក​ជា​កម្លាំង​ការពារ​ជាតិ​មាតុភូមិ ហើយ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ជួយ​ទំនុក​បម្រុង​ព្រះពុទ្ធ​សាសនា ដោយ​បាន​សាង​វត្ត​អារាម​ជាច្រើន​នៅ​ពោធិ៍សាត់ នៅ​បរិបូរណ៍ នៅ​ឧដុង្គ និង​នៅ​លង្វែក ហើយ​ទ្រង់​បាន​លើក​តម្កើង​ការ​កសាង​វប្បធម៌​ជាតិ មាន​ចាត់​អោយ​ហាត់​ល្ខោន​ប្រុស ល្ខោន​ស្រី ភ្លេង​ចម្រៀង តូរ្យតន្ត្រី​សព្វ​បែប​យ៉ាង សម្រាប់​ជា​ព្រះ​ឥស្សរិយយស​ជាដើម​ផង។

ចំណែក​ខាង​ការ​ចារ​សិលា​ចារិក ដែល​ខ្មែរ​អាក់​ខាន​លែង​បាន​សាង​តាំង​ពី​មុន​សម័យ​អង្គរ​មក ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ចាប់​ផ្ដើម​កសាង​ឡើង​វិញ​ខ្លះៗ តាំង​ពី​រាជ្យ​ព្រះអង្គ​ច័ន្ទ​រាជា នេះ​មក។ ជាក់ស្តែង ដូចជា​សិលា​ចារិក​មួយ​ចំនួន​នៅ​កន្លែង​ព្រះ​ពាន់ នៅ​ថ្នាក់​លើ គឺ​បាកាន និង​ថែវ​ខាង​ក្រោម​នៃ​ប្រាសាទ​អង្គរវត្ត មាន​ចុះ​កាល​កំណត់​ពី​គ.ស​១៥៦៥ ដល់​១៧៤៦ ជា​ភស្តុតាង​ស្រាប់។

ម្យ៉ាង​ទៀត ព្រះអង្គ​ច័ន្ទ​រាជា ជា​ព្រះ​មហាក្សត្រ​សឹក​ដ៏​អង់​អាច​ក្លាហាន​បំផុត ក្នុង​ចំណោម​ព្រះរាជា​ខ្មែរ​ក្រោយ​សម័យ​អង្គរ។ នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ដោយសារ​ព្រះអង្គ​មិន​ព្រម​បញ្ជូន​សួយ​ទៅ​ថ្វាយ​ស្ដេច​សៀម ដែល​បាន​ចាត់​ទុក​នគរ​ខ្មែរ​ថា​ជា​នគរ​ចំណុះ​តាំង​ពី​រាជ្យ​ព្រះ​ធម្ម​រាជា មក​នោះ នៅ​ឆ្នាំ​១៥៣០ ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម បាន​លើក​ទ័ព​មក​លុក​លុយ​ខេត្ត​អង្គរ តែ​ត្រូវ​ទ័ព​ព្រះ​ច័ន្ទ​រាជា វាយ​អោយ​បែក​ខ្ចាត់ខ្ចាយ​បរាជ័យ​នៅ​ត្រង់​ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ដែល​ជាប់​ឈ្មោះ​ថា “សៀមរាប” ខេត្ត​សៀមរាប រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

មិន​តែ​ប៉ុណ្ណោះ​ទេ នៅ​ឆ្នាំ​១៥៣១ ព្រះ​ច័ន្ទ​រាជា ទ្រង់​លើក​ទ័ព​ទៅ​វាយ​រំដោះ​យក​ខេត្ត​បស្ចិម​បុរី​មក​វិញ​បាន។ នៅ​ឆ្នាំ​១៥៤០ ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម បាន​បញ្ជា​អោយ​ពញា​អុង ដែល​គេ​រក្សា​ទុក​ជា​កូន​អុក​សម្រាប់​ប្រឆាំង​នឹង​ខ្មែរ​នោះ អោយ​លើក​ទ័ព​ជើង​គោក​ចំនួន​ប្រាំបួន​ម៉ឺន​នាក់ និង​ទ័ព​ជើង​ទឹក​ប្រាំ​ម៉ឺន​នាក់ ដឹក​នាំ​ដោយ​ពញា​វាំង​សាន ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា តែ​ទ័ព​ទាំង​ពីរ​នេះ ត្រូវ​បាន​វាយ​កំទេច​ដោយ​ទ័ព​ខ្មែរ ហើយ​ពញា​អុង ជា​បុត្រ​ព្រះ​ស្រី​រាជា ដែល​បន្ទាប់​មក​ក្លាយ​ជា​បុត្រ​ចិញ្ចឹម​របស់​ព្រះចៅ​សៀម ក៏​ត្រូវ​ព្រះអង្គ​ច័ន្ទ កាប់​នឹង​សែង​ដាវ សុគត​លើ​ខ្នង​ដំរី​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​សង្គ្រាម​នោះ​ទៅ។

នៅ​ឆ្នាំ​១៥៥៧ ឆ្លៀត​ឱកាស​ដែល​សៀម ជាប់​ដៃ​ច្បាំង​នឹង​ភូមា ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​លើក​ទ័ព​ទៅ​វាយ​សៀម រំដោះ​យក​ខេត្ត​ច័ន្ទបុរី និង​ខេត្ត​ផ្សេង​ទៀត​នៅ​ជិត​នោះ​បាន​មក​វិញ។ សង្គ្រាម​ជាមួយ​សៀម ដើម្បី​រំដោះ​ទឹក​ដី​ខ្មែរ​មក​វិញ​នេះ ត្រូវ​ព្រះអង្គ​ដឹក​នាំ​ពីរ​លើក​ទៀត​នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​នៅ​ឆ្នាំ​១៥៥៩ ម្តង និង​ឆ្នាំ​១៥៦២ ម្តង​ទៀត។

ព្រះបាទ​សម្ដេច​ព្រះ​បរម​ខត្តិ​យាមហា​ច័ន្ទ​រាជា ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​កិត្យានុភាព និង​មាន​ព្រះ​កិត្តិយស​ក្រអូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា។ ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៥១៦ នៃ​គ.ស ដោយ​មាន​ទីតាំង​ជា​បណ្ដោះអាសន្ន​នៅ​បន្ទាយជ័យ ខេត្ត​ពោធិ៍សាត់។ ប៉ុន្តែ​ដល់​ឆ្នាំ​១៥២៧ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​សាង​ក្រុង​ថ្មី គឺ​ក្រុង​លង្វែក ដែល​ជា​បន្ទាយ​រឹងមាំ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សាង​រួច​រាល់​ក្នុង​រយៈពេល​បី​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​១៥២៩ ព្រះអង្គ​ក៏​ទ្រង់​យាង​ចេញ​ពី​បន្ទាយជ័យ ខេត្ត​ពោធិ៍សាត់ មក​គង់​នៅ​ក្រុង​ថ្មី​នេះ។

ព្រះ​បរម​ខត្តិ​យាមហា​ច័ន្ទ​រាជា ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១៥៦៦ នៃ​គ.ស នៅ​រាជធានី​លង្វែក ហើយ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​បាន​គេ​បញ្ចុះ​នៅ​នឹង​ចេតិយ​មួយ​ស្ថិត​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ “ឧដុង្គ“ សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​បញ្ជាក់​ផ្ទុយ​ពី​នេះ​ទៅ​វិញ គឺ​ថា​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​បាន​ព្រះរាជ​បុត្រ​ដែល​សោយរាជ្យ​បន្ត គឺ​ព្រះបាទ​បរមិន្ធររាជា ទ្រង់​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ព្រះ​ចេតិយ​ជាមួយ​ព្រះ​អយ្យកោ គឺ​ព្រះ​ធម្មរាជា ប្រប​ព្រះពុទ្ធ​ចេតិយ​ឯ​ភ្នំ​សន្ទុក​ឯណោះ​ទៅ​វិញ៕(ប្រភព៖ RFA)

Loading...