kalib9

មិនធម្មតា អ្នកប្រាជ្ញចិនម្នាក់ សុខចិត្តសម្ងំរស់នៅជាជនអនាថា ព្រោះស្អប់ភាពល្បីល្បាញ និងចង់រស់នៅក្នុងជីវិតស្ងប់ស្ងាត់ (មានវីដេអូ)

ចិន៖ ជាទូទៅ សង្គមយើងបច្ចុប្បន្នតែងចាត់ទុកជនអនាថា គ្មានផ្ទះសម្បែងថាជា មនុស្សល្ងង់ ឆ្កួត ខ្ចិល ឬក៏រោគចិត្តជាដើម។ បើក្រឡេកមើលរូបរាងរបស់លោក Shen វិញ លោកមានពុកមាត់ និងសក់វែងប្រៀបដូចជាជនអនាថា គ្មានផ្ទះសម្បែងទូទៅអីចឹង ប៉ុន្តែអ្វីដែលធ្វើឱ្យលោកពិសេសខុសគេ គឺត្រង់ចំណេះដឹងរបស់លោកនេះឯង។

លោក Shen រស់នៅតាមចិញ្ចើមផ្លូវមួយកន្លែងក្នុងទីក្រុងសៀងហៃ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នឹងលោកនោះ គឺត្រង់ចំណេះដឹង ទស្សនៈវិជ្ជា ភាពប៉ិនប្រសព្វក្នុងការនិយាយ និងអក្សរសាស្រ្ត របស់លោក។

លោកចាប់ផ្តើមមានឈ្មោះល្បីកក្រើកនៅក្នុងប្រទេស បន្ទាប់ពីវីដេអូរបស់លោក ពន្យល់បកស្រាយអក្សរសាស្រ្តបុរាណចិន បានទាក់ចិត្តមហាជនជាច្រើននៅលើបណ្តាញសង្គម ពោលគឺលោកប្រៀបដូចជា "អ្នកប្រាជ្ញបុរាណចិន" មួយរូបអីចឹង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា លោកថែមទាំងបានដកស្រង់ពាក្យសម្តីរបស់បុគ្គល ល្បីៗជាច្រើនរូបរួមមាន លោកអារីស្តូត, លោកខុងជឺ និងលោក Dante មកពន្យល់បកស្រាយបន្ថែមទៀតផង។

លើសពីនេះទៅទៀត លោក Shen ថែមទាំងបានផ្តល់ជាដំបូន្មានដល់មហាជនឱ្យចំណាយពេលអានសៀវភៅឱ្យបានច្រើន ប្រសើរជាងចំណាយពេលមកថតលោក។ ជាក់ស្តែងលោក Shen ចំណាយពេលអានសៀវភៅ អក្សរសាស្រ្តបុរាណចិន និងសៀវភៅជាច្រើនផ្សេងទៀត ដែលថ្លៃចំណាយលើសៀវភៅទាំងនេះ លោកបានមកពីការប្រមូលអេតចាយយកទៅលក់។

រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល លោក Shen បដិសេធមិនត្រូវការជំនួយអ្វីទាំងអស់ ហើយលោកបាននិយាយថា លោកអាចចិញ្ចឹមខ្លួនឯងរស់បាន។

បន្ថែមពីនេះទៀត លោកថែមទាំងកោតសរសើរដល់ លោក មហាត្មាក់គន្ធី (Mahatma Gandhi) និងប្រាថ្នាចង់រស់នៅក្នុងជីវិតដោយមិនជាប់ជំពាក់ដូចជាលោក មហាត្មាក់គន្ធី​ ដូចគ្នា។

លោក Shen បាននិយាយថា៖

Loading...

«ខ្ញុំត្រូវបានវាសនាចារមកថាជាអ្នករើសសំរាម។ ខ្ញុំមិនចង់ល្បីឈ្មោះអីទេ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតដោយស្ងប់ស្ងាត់។ ខ្ញុំចាស់ហើយ ហើយខ្ញុំដឹងពីជោគវាសនារបស់ខ្ញុំ។ អ្វីដែលសំខាន់ទៀតនោះគឺថា ជីវិតមានឡើងមានចុះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំនៅតែរក្សាគោលចំហរជាមនុស្សម្នាក់រស់នៅក្នុងភាពស្ងប់ស្ងាត់។» 

ថ្មីៗនេះ លោកពិតជាល្បីឈ្មោះពេញប្រទេសចិន ហើយមហាជនបានដាក់រហស្សនាមឱ្យលោកថា "កំពូលអ្នកសុំទាន ឬលោកគ្រូ Shen"។ ទន្ទឹមនឹងនេះដែរ មានមនុស្សជាច្រើនបានមករកលោក ដើម្បីស្វែងយល់ និងចង់ដឹងពីលោកថែមទៀត។

យ៉ាងណាមិញ ភាពល្បីល្បាញរបស់លោក មិនបានធ្វើឱ្យលោកមានភាពរីករាយនោះទេ ពោលគឺគ្រាន់តែបើកទ្វារនៅពេលព្រឹកព្រលឹមភ្លាម ស្រាប់តែមានមនុស្សរាប់រយនាក់ នៅមុខកន្លែងលោកស្នាក់នៅ ដើម្បីរង់ចាំលោកនិយាយ និងសរសេរអក្សរបាត់ទៅហើយ។ រូបភាពរបស់លោកត្រូវបានប្រដូចទៅនឹងព្រះយេស៊ូវ ដែលមនុស្សម្នាអង្គុយរង់ចាំស្តាប់អីចឹង។

ទន្ទឹមគ្នានេះដែរ លោកគ្រូ Shen បាននិយាយថា៖

«ខ្ញុំដឹងថា អ្នករាល់គ្នាចាត់ទុកខ្ញុំប្រៀបដូចជាសត្វស្វាមួយក្បាលអីចឹង គ្មានអ្នកណាម្នាក់មករកខ្ញុំដោយទឹកចិត្តស្មោះត្រង់នោះទេ។ អ្នករាល់គ្នាមកគឺគ្រាន់តែដើម្បីប្រាក់តែប៉ុណ្ណោះ។»

ក្រោយពីលោកល្បីភ្លាម មានជនខិលខូចមួយចំនួន បានបន្លំក្លែងធ្វើជាប្រពន្ធលោក ដើម្បីបានចំនួន Follower ច្រើននៅក្នុងបណ្តាញសង្គម ខណៈពេលអ្នកខ្លះបានបន្លំធ្វើជាកូនរបស់លោក។ អ្វីដែលហួសចិត្តទៀតនោះគឺថា មានមនុស្សបាន ដាក់លក់ផ្ទាំងអក្សររបស់លោកនៅលើអ៊ីនធើណើតថែមទៀតដែលមានតម្លៃរហូតដល់ ១៣,០០០ ដុល្លារ ឯណោះ។

យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែមីសាកន្លងទៅនេះ លោកបានបន្សល់ក្រដាសតូចមួយបិទនៅកន្លែង ស្នាក់នៅរបស់លោកថា៖

"ខ្ញុំហត់ទាំងកាយ ទាំងចិត្ត ហើយខ្ញុំសុំទៅកន្លែងស្ងប់ស្ងាត់មួយរយៈសិន។ អរគុណ!"៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

 

Loading...