kalib9

បិះគ្រោះថ្នាក់មនុស្សមួយយន្តហោះ! បុរសម្នាក់បានបោះកាក់ចូលក្នុងម៉ាស៊ីនយន្តហោះ ខណៈដើរចូលក្នុងយន្តហោះ តែសំណាងល្អ…!

ចិន៖ អ្នកដំណើរប្រុសជនជាតិចិនម្នាក់ ត្រូវបានប៉ូលិសធ្វើការចាប់ឃាត់ខ្លួន ក្រោយបានបោះកាក់ចំនួន៣ ចូលទៅក្នុងតួម៉ាស៊ីនយន្តហោះ ក្នុងបំណងសុំសេចក្តីសុខ និងសំណាងល្អ មុនពេលយន្តហោះចេញដំណើរ។

ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ នៅឯអាកាសយានដ្ឋាន Wuhan Tianhe International Airport ក្នុងខេត្ត Hubei ប្រទេសចិន។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព គឺពិតជាបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់បុរសជំនឿរូបនោះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Xia មានអាយុ៣១ឆ្នាំ បានបោះទម្លាក់កាក់ចូលទៅក្នុងយន្តហោះ ពេលដើរចូលជាមួយនឹងគ្រួសាររបស់គាត់ (ប្រពន្ធពកូនស្រីអាយុ៤ខែ ដើរពីក្រោយ)។

យ៉ាងណាមិញ ក្រោយចាប់បានសកម្មភាពមួយនេះ ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines ជើងហោះហើរលេខ HU 7783 ដែលនឹងត្រូវហោះឆ្ពោះទៅកាន់ទីក្រុង Urumqi តំបន់ស្វយ័ត Xingjiang នេះ ក៏ត្រូវបានពន្យាការចេញដំណើរ រហូតដល់ទៅ៤០នាទី ដើម្បីដោះស្រាយលើរឿងមួយនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់អ្នកដំណើរ ១០១ នាក់ផ្សេងទៀតនៅលើយន្តហោះ។

ជុំវិញនឹងករណីនេះដែរ ក្រោយធ្វើការឃាត់ខ្លួននិងសួរនាំ បុរសខាងលើនេះ ពោលគឺលោក Xia ក៏បានពន្យល់ប្រាប់ប៉ូលិសដែរថា មូលហេតុដែលលោកបោះកាក់បែបនេះ ក៏ដោយសារតែម្តាយក្មេករបស់លោក បានចចេសឲ្យលោកធ្វើដូច្នេះ ដើម្បីជាការបួងសួងសុំ ឬជំនឿសុំឲ្យការហោះហើរមានសុខសុវត្ថិភាព។

Loading...

គួរឲ្យដឹងផងដែរថា លោក Xia ត្រូវបានប៉ូលិសឃុំខ្លួនរយៈពេល១០ថ្ងៃ ក្នុងទីក្រុង Wuhan ខេត្ត Hubei រាប់គិតចាប់ពីថ្ងៃកើតហេតុ ជុំវិញនឹងសកម្មភាពដែលបង្កគ្រោះថ្នាក់ លើសុវត្ថិភាពអ្នកដំណើរនេះ។

ចំណែកឯ ភរិយារបស់លោកវិញ មិនត្រូវបានចាប់ខ្លួននោះទេ ហើយនាងក៏បានបន្តដំណើរជាធម្មតា ជាមួយនឹងកូនស្រីតូច ហោះឆ្ពោះទៅកាន់ទីក្រុង Urumqi ផងដែរ។

គួរឲ្យដឹងបន្ថែមថា នេះមិនមែនជាលើកទី១នោះទេ ដែលកើតមានករណីបែបនេះ។ ព្រោះជាក់ស្តែង កាលពីពេលកន្លងៗទៅ ក៏ធ្លាប់មានអ្នកដំណើរជនជាតិចិនជាច្រើន បានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដែលធ្វើឲ្យស្ទះការហោះហើរអស់ជាច្រើនម៉ោង ដោយសារតែ ជំនឿបួងសួងសុំសេចក្តីសុខ និងសំណាងល្អនៅក្នុងការហោះហើរនេះផងដែរ?

ទស្សនាវីដេអូខាងក្រោម៖  

Loading...