kalib9

ប្រាសាទកោះកេរ្តិ៍ : អតីតទីតាំងរាជធានីរបស់ចក្រភពខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ ដែលកូនខ្មែរគួរស្វែងយល់!

ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ។ អាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ៦៤ (២១១) ចំងាយ ៧២ គ.ម និងបន្តទៅតាមផ្លូវខេត្តចំងាយ ៤៩ គ.ម ពីទីរួមខេត្តព្រះវិហារ។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។

ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។

ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។

នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។

ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ដោយមានកាំជណ្តើរប្រមាណ៥៥កាំ ហាក់បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ ដែលស្ថិតនៅឯទិសខាងលិច ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់ ៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

សំណង់ប្រាសាទកោះកេរ្តិ៍ ឬប្រាសាទធំនេះ សាងសង់ឡើង សំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។

អ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង។

សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក៕

 

 

Loading...

 

 

 

 

 

 

Loading...