kalib9

ក្តៅៗ! អ្នក​វិទ្យាសាស្ត្រ​អាច​ប្តូរ​ប្រភេទ​គ្រាប់​ឈាម​បាន​ហើយ!

អាមេរិក៖ កាល​ពី​ឆ្នាំ​មុន​ សហរដ្ឋអាមេរិក​ជួប​នឹង​វិបត្តិ​កង្វះ​ឈាម​ដើម្បី​ផ្គត់ផ្គង់​ជូន​អ្នក​ជំងឺ​​ និង​អ្នក​របួស​ទាំង​ឡាយ​ដែល​ត្រូវ​ការ​ដាក់​ឈាម។ ដោយសារ​ហេតុ​នេះ​ហើយ​​ ទើប​​មាន​វិធានការណ៍​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។ ជា​លទ្ធផល​ អ្នក​វិទ្យាសាស្ត្រ​អាច​បម្លែង​គ្រាប់​ឈាម​ពី​ប្រភេទ​មួយ​ (ដូចជា A B AB និង O) ដើម្បី​តម្រូវ​តាម​ប្រភេទ​ឈាម​ដែល​អ្នក​ជំងឺ​ណា​ម្នាក់​កំពុង​ត្រូវ​ការ​។

គ្រាប់​ឈាម​​ប្រភេទ​នីមួយៗ​ខុស​គ្នា​ដោយសារ​ចំនុច​មួយ​ធំ​គឺ​ប្រភេទ​ស្ករ​ដែល​នៅ​ជាប់​នឹង​វា។ គ្រាប់​ឈាម​ A មាន​ផ្ទុក​ជាតិ​ស្ករ​ប្រភេទ​ម្យ៉ាង គ្រាប់​ឈាម​ B មាន​ផ្ទុក​ជាតិ​ស្ករ​ប្រភេទ​ម្យ៉ាង​ទៀត ​ប្រភេទ​​ AB មាន​ផ្ទុក​ជាតិ​ស្ករ​ទាំង​ពីរ​ប្រភេទ ចំណែក​ឯ​គ្រាប់​ឈាម​ O ពុំ​មាន​ផ្ទុក​ជាតិ​ស្ករ​ឡើយ។

ដោយសារ​ភាព​ខុសគ្នា​នេះ​ហើយ​ ប្រសិន​បើ​បុគ្គល​ម្នាក់​ដែល​មាន​គ្រាប់​ឈាម​ប្រភេទ A ​ទទួល​ការ​ដាក់​ឈាម​ប្រភេទ B ​នោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​គេ​នឹង​បំផ្លាញ​គ្រាប់​ឈាម​នោះ​ចោល​តែ​ម្តង។ ដូច្នេះ​ ការ​ដាក់​ឈាម​នឹង​ពុំ​អាច​ជួយ​អ្វី​បាន​ឡើយ​ទោះ​ក្នុង​ស្ថានភាព​ខ្វះ​ឈាម​ក៏​ដោយ។

ប៉ុន្តែ​ដោយសារ​​គ្រាប់​ឈាម​ O ពុំ​មាន​ផ្ទុក​ជាតិ​ស្ករ​ខាង​លើ​ គ្រាប់​ឈាម​ប្រភេទ​នេះ​ត្រូវ​ជា​មួយ​មនុស្ស​គ្រប់​គ្នា។ អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើ​ប្រាស់​​អង់ស៊ីម​ដែល​អាច​ឆក់​យក​ជាតិ​ស្ករ​ប៉ុន្មាន​ប្រភេទ​ពី​គ្រាប់​ឈាម​ A B និង​ AB ដើម្បី​បម្លែង​វា​ទៅ​ជា​គ្រាប់​ឈាម​ O ទាំង​អស់​ នោះ​នរណា​ក៏​អាច​ទទួល​ឈាម​ទាន់​ពេល​ដើម្បី​សង្គ្រោះ​ជីវិត​បាន​ដែរ។

ទោះ​បី​យ៉ាង​នេះ​ក្តី អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​កំពុង​ធ្វើ​ការ​ពិសោធន៍​បន្ថែម​ដើម្បី​ធានា​សុវត្ថិភាព​ និង​កំណត់​រក​ហានិភ័យ​នៃ​ការ​បម្លែង​នេះ​មុន​ពេល​នឹង​អនុវត្ត​ជា​ទូទៅ​ជា​សកល​បាន។

ប្រភព ScienceAlert

Loading...