kalib9

ខណៈដែលយើងរវល់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ វាមិនធ្វើឲ្យយើងឈឺចាប់ទេ គ្រាន់តែចំណាយពេលមួយនាទី ដើម្បីជួយដល់អ្នកដែលពិតជាត្រូវការយើងជួយ!

នៅក្នុងវីដេអូមួយបានបង្ហាញពីបុគ្គលិក DHL Express ដែលបានអ៊ាវបុរសវ័យចំណាស់ម្នាក់ឆ្លងកាត់ផ្លូវមមាញឹកនៅក្នុងប្រទេសសឹង្ហបុរី បានធ្វើឲ្យមានភាពល្បីពាសពេញអ៊ិនធឺណិតដោយយោងទៅតាមគេហទំព័រ STOMP បានដាក់ឈ្មោះវីដេអូនេះថា " វីដេអូដែលបានលើកទឹកចិត្តបំផុតដែលអ្នកនឹងត្រូវមើលថ្ងៃនេះ "

ហេតុការណ៍នេះដែលបានកើតឡើងនៅចំណុចប្រសព្វនៃផ្លូវមមាញឹកនៅពេលដែលបុរសវ័យចំណាស់ព្យាយាមឆ្លងកាត់ផ្លូ ហើយត្រូវបានថតជាប់ដោយកាមេរ៉ានៅក្នុងរថយន្តរបស់អ្នកដំណើរម្នាក់។

"ចរាចរណ៍មមញឹកហើយភ្លើងចរាចរណ៍បានប្រែទៅជាពណ៌បៃតងសម្រាប់រថយន្តធ្វើដំណើរទៅមុខ។ ឡាននៅក្បែរខ្ញុំភ្លាមៗបានឈប់ហើយធ្វើឱ្យខ្ញុំឆ្ងល់ថាហេតុអ្វី។ នោះហើយជាពេលដែលខ្ញុំឃើញបុរសវ័យចំណាស់មានការលំបាកក្នុងការឆ្លងកាត់ផ្លូវដោយសារគាត់ពិបាកក្នុងការដើរ។ ស្រាប់តែមានបុគ្គលិក DHL ម្នាក់បានបញ្ឈប់រថយន្តរបស់គាត់នៅម្ខាងហើយរត់មកជួយអ៊ាវបុរសចំណាស់ឆ្លងកាត់ផ្លូវបានយ៉ាងមានសុវត្ថិភាព។ "

ពិតណាស់ជាទង្វើសប្បុរសដ៏អស្ចារ្យ!

via GIPHY

បុគ្គលិក DHL បាននិយាយថា " ភ្លើងចរាចរបានប្រែទៅជាពណ៌បៃតងហើយរថយន្តបានឈប់ដើម្បីឲ្យគាត់ឆ្លង។ ខ្ញុំគ្រាន់តែចង់ជួយគាត់ឆ្លងផ្លូវដោយសុវត្ថិភាពដូច្នេះគាត់អាចត្រលប់ទៅផ្ទះវិញបាន។ នោះហើយជាអ្វីដែលខ្ញុំបានគិត "។

"ខ្ញុំបានឈប់ឡានរបស់ខ្ញុំនៅកន្លែងសុវត្ថិភាពហើយបានទៅជួយគាត់។ គាត់មានបញ្ហាក្នុងការដើរដូច្នេះខ្ញុំក៏សម្រេចចិត្តអ៊ាវគាត់ឆ្លងផ្លូវតែម្តង។ "

Loading...

ថ្លែងទៅកាន់ STOMP នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DHL Express Singapore លោក Christopher Ong មានមោទនភាពចំពោះលោក Anson Chung ដោយបានបន្ថែមថាលោកមានចិត្តស្មោះត្រង់។

"យើងរីករាយដែលគាត់មានវត្តមាននៅពេលវេលានិងទីកន្លែងត្រឹមត្រូវក្នុងការផ្តល់ជំនួយ។ គាត់គឺជាគំរូមួយសម្រាប់បុគ្គលិកទាំងអស់របស់យើង អំពីរបៀបដែលយើងអាចផ្សាភ្ជាប់មនុស្សនិងកែលម្អជីវិតក្រៅពីការចែកចាយទំនេញ។ "

អ្វីដែល Anson បានធ្វើជាភ័ស្តុតាងបញ្ជាក់ថាគ្រប់គ្នាសុទ្ធតែអាចធ្វើជាវីរបុរសដោយមិនចាំបាច់ពាក់ស្រោមមុខ។

យើងសង្ឃឹមយ៉ាងមុតមាំថានៅពេលជួបនឹងស្ថានការណ៍ដូចគ្នានោះយើងម្នាក់ៗនឹងផ្តល់ជំនួយដើម្បីស្ដារជំនឿទុកចិត្តលើមនុស្សជាតិឡើងវិញដូចអ្វីដែល Anson បានធ្វើ៕

 

អត្ថបទដោយ៖ វីរៈ ​| ប្រភព៖ STOMP

Loading...