kalib9

មកស្គាល់ប្រទេសតូចជាងគេបំផុតទាំង ១០ នៅលើពិភពលោក ដែលលោកអ្នកនឹកស្មានមិន!

ជាមួយនឹងប្រទេសជាង ១៩៤ នៅលើពិភពលោកមានប្រទេសតូចធំជាច្រើន ប្រទេសខ្លះមានផ្ទៃដីតូចដែលលោកអ្នកស្ទើតែមិនជឿថាអាចក្លាយជាប្រទេសមួយបាន។ ទោះយ៉ាងណាប្រទេសខ្លះមានទំហំតូចជាងទីក្រុងរបស់ប្រទេសមួយចំនួនទៀតផង។ ភាគច្រើននៃប្រទេសតូច ៗ ទាំងនោះគឺស្ថិតនៅទ្វីបអឺរ៉ុប សមុទ្រ Carribean និងជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក មានប្រទេសជាច្រើននៅលើពិភពលោកដែលមានផ្ទៃដីតូចជាង ៤០០ គីឡូម៉ែត្រក្រឡា។

ប្រទេសតូចបំផុតទាំង ១០ នៅលើពិភពលោកមានផ្ទៃដីសរុប ១៤៩១.៤ គីឡូម៉ែត្រការ៉េដែលតូចជាងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស (១៦២៥,២ គីឡូម៉ែត្រការ៉េ) សហរដ្ឋអាមេរិក។ ប្រទេសតូចៗទាំងនេះគឺខ្លះជាកន្លែងដែលមានជាងគេបំផុត ខ្លះជាកន្លែងនៅដាច់ស្រយាលនិងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក។

សូមក្រឡេកមើលប្រទេសតូច​ ៗបំផុតទាំង ១០ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

១០. ប្រទេសម៉ាល់តា (Malta) មានផ្ទៃដីទំហំ 316 km²

ប្រទេស Malta គឺជាប្រទេសកោះមួយស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ សាធារណរដ្ឋម៉ាល់តាត្រូវបានបង្កើតឡើងដោយកោះចំនួន ៣ គឺកោះហ្គោហ្សូ(Gozo) កោះខូមីណូ (Comino) និងកោះ ម៉ាតា​(Malta) កោះខូមីណូនិងកោះម៉ាល់តាគឺជាកោះធំជាងគេក្នុងចំណោមកោះទាំង ៣ ។

ប្រទេសតូចមួយនេះមានប្រជាជនជាង ៤៥០.០០០ នាក់ ជនបរទេសមកពីទូទាំងពិភពលោកមកកាន់ប្រទេសម៉ាល់តានៅរដូវមានអាកាសធាតុដែលមានពន្លឺថ្ងៃល្អ ឆ្នេរដ៏គួរឱ្យទាក់ទាញបំផុត​​​​ និងប្រវត្តិសាស្រ្តសម្បូរបែបព្រមទាំងការកម្សាន្តពេលរាត្រីដ៏រស់រវើក។

ប្រទេសម៉ាល់តាគ្របដណ្តប់លើផ្ទៃដី ៣១៦ គីឡូម៉ែត្រក្រឡាដែលធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០ ជាប្រទេសតូចជាងគេបំផុតនៅលើពិភពលោក។

៩. ប្រទេសម៉ាល់ឌីវ (Maldives) មានផ្ទៃដីទំហំ 300 km²

តំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅមហាសមុទ្រឥណ្ឌា, កោះម៉ាល់ឌីវគឺជាប្រទេសដែលតូចជាងគេបំផុតនៅអាស៊ី។ មានកោះផ្កាថ្មជាង ១.១៩២ នៅកោះម៉ាល់ឌីវនេះដែលលាតសន្ធឹងជាង ៩០.០០០ គីឡូម៉ែត្រក្រឡាដែលធ្វើឱ្យតំបន់នេះក្លាយជាប្រទេសមួយដែលបែកខ្ញែកជាងគេនៅលើពិភពលោក។

ប្រទេសនេះធ្លាប់ជាអាណានិគមនៃចក្រភពជាច្រើនដូចជា ប្រទេសព័រទុយហ្គាល់ ប្រទេសហូឡង់ និងអង់គ្លេស ប៉ុន្តែបានទទួលឯករាជ្យពេញសិទ្ធនៅក្នុងឆ្នាំ ១៩៦៥។ សព្វថ្ងៃនេះប្រទេសម៉ាល់ឌីវមានសេដ្ឋកិច្ចទេសចរណ៍រស់រវើកដោយសារឆ្នេរខ្សាច់ពណ៌សដ៏ល្បីល្បាញនិងទឹកសមុទ្រពណ៌ខៀវគ្រីស្តាល់។ ម៉ាល់ឌីវជាប្រទេសតូចជាងគេទី ៩ របស់ពិភពលោកដែលមានផ្ទៃដីសរុប ៣០០ គីឡូម៉ែត្រក្រឡា។

៨. ប្រទេស Saint Kitts and Nevis មានផ្ទៃដីទំហំ 261 km²

ដែនដីអាណានិគមនៃពួកឥណ្ឌាខាងលិចកោះទាំង ២ នេះនៅតំបន់សមុទ្រ Caribbean គឺជាកោះដំបូងគេដែលត្រូវបានកាន់កាប់ដោយជនជាតិអឺរ៉ុប។ ពួកគេកាន់កាប់លើផ្ទៃដីសរុបចំនួន ២៦១ គីឡូម៉ែត្រក្រឡាដែលធ្វើឱ្យទីក្រុង Saint Kitts និង Nevis ក្លាយជាប្រទេសតូចជាងគេទី ៨ នៅលើពិភពលោក។

សេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មផលិតកម្មខ្នាតតូច។ កោះទាំងនេះក៏ផ្តល់នូវកន្លែងមុជទឹកបាតសមុទ្រដ៏អស្ចារ្យដោយសារតែជីវិតសមុទ្រមានច្រើន។ អ្នកនាំចេញស្ករដ៏ធំអស់រយៈពេលជាច្រើនសតវត្សរ៍ ចំការធំ ៗ ឥឡូវគឺជាដែនដីដ៏ស្រស់ស្អាតដែលត្រូវបានប្តូរទៅជាសណ្ឋាគារនិងរីសត។

៧. កោះ Marshall មានផ្ទៃដីទំហំ 181 km²

កោះ Marshall ដែលត្រូវបានគេហៅជាផ្លូវការថាសាធារណរដ្ឋកោះ MarshalI (Republic of the MarshalI Islands) គឺជាប្រទេសកោះមួយដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកដែលមានចម្ងាយប្រហែលជាពាក់កណ្ដាលរវាងរដ្ឋហាវ៉ៃសហរដ្ឋអាមេរិកនិងទ្វីបអូស្ត្រាលី។ វាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃមីក្រូនេស៊ី (Micronesia)។

តំបន់ដែលព័ទ្ធជុំវិញកោះនេះគឺមានជីវចម្រុះមិនគួរឱ្យជឿហើយរួមមានត្រីជាង ៨០០ ប្រភេទក៏ដូចជាផ្កាថ្ម ១៦០ ប្រភេទ។ តំបន់ជុំវិញប្រជុំកោះ Marshall ក៏មានកប៉ាល់លិចជាច្រើនផងដែរ។ ជាមួយនឹងផ្ទៃដី ១៨១ គីឡូម៉ែត្រក្រឡាកោះ Marshall គឺជាប្រទេសតូចជាងគេទី ៧ នៅលើពិភពលោក។

៦. ប្រទេសលីចថេនស្ទីន (Liechtenstein) មានផ្ទៃដីទំហំ 160 km²

ប្រទេសដែលនិយាយភាសាអាឡឺម៉ង់នេះគឺជាប្រជាជាតិតែមួយគត់នៅលើពិភពលោកដែលមានទីតាំងស្ថិតនៅលើភ្នំអាល់។ ស្ថិតនៅចន្លោះរវាងប្រទេសស្វីសនិងអូទ្រីស ប្រទេស Liechtenstein គឺជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកដោយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗដែលមានអត្រាគ្មានការងារធ្វើទាបបំផុត (១,៥%) ។

Loading...

ការចូលទៅក្នុងប្រទេសគឺត្រូវឆ្លងព្រំដែនព្រោះប្រទេសនេះមិនមានព្រលានយន្តហោះទេប៉ុន្តែប្រលានយន្តហោះគឺមាននៅជាប់ព្រំដែន។ អ្នកទេសចរត្រូវតែឆ្លងកាត់អាកាសយានដ្ឋានហ្សូរីច (Zurich) របស់ប្រទេសស្វីសដើម្បីឆ្លងចូលទៅកាន់ប្រទេសនេះដែលគ្រប់គ្រងដោយស្តេចមួយអង្គ។ ជាមួយនឹងផ្ទៃដី ១៦០ គីឡូម៉ែត្រក្រឡា Liechtenstein គឺជាប្រទេសតូចជាងគេទី ៦ នៅលើពិភពលោក។

៥. ប្រទេសសានម៉ារីណូ (San Marino) មានផ្ទៃដីទំហំ 61 km²

ដោយព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលី, សានម៉ារីណូត្រូវបានគេស្គាល់ថាជាសាធារណរដ្ឋសាន់ម៉ារីណូ ដ៏ស្ងប់ស្ងាត់ (Serene Republic of San Marino)។ ជាមួយនឹងផ្ទៃដីសរុប ៦១ គីឡូម៉ែត្រក្រឡាគឺជាប្រទេសតូចជាងគេទី ៥ នៅលើពិភពលោក។

ប្រទេសនេះអះអាងថាជារដ្ឋអធិបតេយ្យដែលមានអាយុចំណាស់ជាងគេបំផុតនៅលើពិភពលោកហើយក៏ជាប្រទេសមួយដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាក់ទងនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ។ ជាប្រទេសដែលតូចជាងគេទី ៣ នៅអឺរ៉ុប និងមានប្រជាជនត្រឹមតែ ៣០.០០០ នាក់ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលអត្រាគ្មានការងារធ្វើទាបបំផុតនៅលើពិភពលោក។

៤. ប្រទេស Tuvalu មានផ្ទៃដីទំហំ 26 km²

កោះនេះធ្លាប់ត្រូវបានគេស្គាល់ថាជាកោះអេលីស (Ellice Islands) Tuvalu ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគឥសានប្រទេសអូស្ត្រាលី។ ដោយមានផ្ទៃដីសរុបចំនួន ២៦ គីឡូម៉ែត្រក្រឡា Tuvalu ជាប្រទេសតូចជាងគេទី ៤ នៅលើពិភពលោក។ មានប្រជាជនប្រមាណ ១០.០០០ នាក់ មានផ្លូវ ៨ គីឡូម៉ែត្រនិងមានមន្ទីរពេទ្យតែមួយគត់នៅលើកោះធំ។

ប្រទេសនេះធ្លាប់ជាទឹកដីរបស់អង់គ្លេសប៉ុន្តែបានទទួលឯករាជ្យនៅឆ្នាំ ១៩៧៨។ ដោយសារតែទីតាំងរបស់ប្រទេសនេះនៅឆ្ងាយទើបធ្វើឲ្យវិស័យទេសចរណ៍មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ។ ក្នុងឆ្នាំ ២០១០ មានភ្ញៀវទេសចរណ៍តិចជាង ២,០០០ នាក់បានមកកាន់ Tuvalu ក្នុងនោះ ៦៥% នៃភ្ញៀវទាំងនោះមករកស៊ី។

៣. ប្រទេស Nauru មានផ្ទៃដីទំហំ 21 km²

ជាកោះកោះមួយស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី, Nauru គឺជាប្រទេសកោះដែលតូចជាងគេបំផុតនៅលើពិភពលោកទី ៣។ ទីនេះត្រូវបានគេស្គាល់នៅទសវត្សឆ្នាំ ១៩៨០ ដោយសារការរុករករ៉ែផូស្វ័រ ប៉ុន្តែឥឡូវនេះវាជាកោះស្ងប់ស្ងាត់មួយឆ្ងាយពីដួងចិត្តអ្នកទេសចរ។ ពីមុនត្រូវបានគេស្គាល់ថាជាកោះ Pleasant, ធនធានផូស្វាតរបស់ប្រទេសនេះឥឡូវត្រូវជិតអស់ដែលនាំឱ្យមានអត្រាគ្មានការងារធ្វើថ្នាក់ជាតិ ៩០% ហើយនៅសល់ ១០% ទៀតបម្រើការដោយរដ្ឋាភិបាល។

Nauru ត្រូវបានគេស្គាល់ផងដែរថាជាប្រទេសដែលមានមនុស្សធាត់ខ្លាំងជាងគេនៅលើពិភពលោកដោយ ៩៧% នៃបុរសគឺធាត់ និង ៩៣% នៃស្ត្រីគឺធាត់ឬលើសទម្ងន់។ ដោយសារតែបញ្ហានេះ Nauru ក៏ជាកន្លែងដែលមានប្រជាជនផ្ទុកជំងឺទឹកនោមផ្អែមប្រភេទទី ២ ខ្ពស់បំផុតនៅលើពិភពលោកផងដែរដោយ ៤០ ភាគរយនៃប្រជាជនរបស់ខ្លួនទទួលរងនូវជម្ងឺនេះ។ Nauru មានផ្ទៃដីសរុប ២១ គីឡូម៉ែត្រក្រឡាដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសតូចជាងគេទី ៣ លើពិភពលោក។

2. ប្រទេស​ម៉ូណាកូ (Monaco) មានផ្ទៃដីទំហំ 2 km²

មានទីតាំងស្ថិតនៅតំបន់ French Riviera, ម៉ូណាកូគឺជាផ្ទះរបស់មហាសេដ្ឋីដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេបំផុតនៅលើពិភពលោក។ វាក៏ជាប្រទេសតូចជាងគេទី ២ លើពិភពលោកផងដែរ ដែលមានផ្ទៃដីត្រឹមតែ ២ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។

ល្បីល្បាញដោយសារឧស្សាហកម្មល្បែងនិងទំនិញប្រណីតរបស់ខ្លួនម៉ូណាកូគឺជាទីកន្លែងដើរលេងសំណព្វរបស់អ្នកមាននិងមនុស្សល្បី ៗ​​ ។ មានព្រំប្រទល់ជាប់នឹងប្រទេសបារាំងនិងមួយផ្នែកជាប់សមុទ្រមេឌីទែរ៉ាណេអ្នកស្រុកនៅម៉ូណាកូភាគច្រើននិយាយភាសាបារាំង។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានប្រជាប្រិយបំផុតគឺការប្រណាំងរថយន្តហ្វមមូឡាវ័ន (Formula 1) ដែលមានផ្លូវប្រណាំងឆ្លងកាត់តាមទីក្រុង។

១. ប្រទេសវ៉ាទីកង់ (Vatican City) មានផ្ទៃដីទំហំតែ 0.44 km²

ប្រទេសដែលតូចជាងគេបំផុតនៅលើពិភពលោក, គឺវ៉ាទីកង់ដែលត្រូវបានគេស្គាល់ថាជា Holy See ។ ជាមួយផ្ទៃដីតែ ០.៤៤ គីឡូម៉ែត្រក្រឡា វ៉ាទីកង់គឺជាប្រទេសដែលតូចជាងគេបំផុតនៅលើពិភពលោក។ ប្រទេសនេះនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីហើយជាមជ្ឈមណ្ឌលនៃព្រះវិហារកាតូលិក។

វាក៏ជាកន្លែងដែលមានព្រះវិហារគ្រិស្តធំជាងគេបំផុតនៅលើពិភពលោកផងដែរគឺ St. Peter's Basilica ដែលផ្ទុកនូវស្នាដៃសិល្បៈសំខាន់ៗមួយចំនួនរបស់ Renaissance ដូចជា The Pieta និងការបង្កើតរបស់ Adam។ ប្រាក់ចំណូលបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់សមាជិកជាង ១ កោដិនាក់នៃវិហាររ៉ូម៉ាំងកាតូលិកនៅជុំវិញពិភពលោក។ សេដ្ឋកិច្ចដែលនៅសេសសល់គឺបានមកពីការលក់តែមប្រៃសណីយ៍ ទេសចរណ៍ និងថ្លៃចូលទស្សនាសារមន្ទីរ៕

អត្ថបទដោយ៖ វីរៈ | ប្រភព៖ World Atlas

Loading...