kalib9

អច្ឆរិយៈធម្មជាតិ ទាំង ១៦ យ៉ាង ដែលបង្ហាញថា ភពផែនដីពិតជាមានលក្ខណៈអស្ចារ្យដែលមិនអាចវាស់វែងបាន!

មនុស្សជាច្រើនដែលចូលចិត្តធ្វើដំណើរកំសាន្ត បានប្រាថ្នាចង់ទៅលេងកន្លែងអច្ឆរិយៈធម្មជាតិដែលកម្រមាននៅលើពិភពលោក យ៉ាងហោចណាស់បានម្តងក្នុងមួយជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកជាអ្នកដែលចូលចិត្តការធ្វើដំណើរកំសាន្តនោះ កន្លែងទាំងនេះប្រកដជាធ្វើអោយអ្នកពេញចិត្តជាក់ជាពុំខាន។ ដោយយោងទៅតាមពេលវេលា ​និងទីកន្លែង អ្នកប្រហែលជា ពិបាកក្នុងការសម្រេចចិត្តថា នឹងទៅកន្លែងណាមុនគេ។ យ៉ាងណាមិញការធ្វើដំណើរមិនមែនគ្រាន់តែ ជាការចំណាយពេលវេលាធ្វើដំណើរតែមួយមុខនោះទេ វាថែមទាំងរួមផ្សំជាមួយការធ្វើផែនការធ្វើដំណើរផងដែរ។

យ៉ាងណាមុិញដើម្បីធ្វើអោយប្រិយមិត្តងាយស្រួលក្នុងការធ្វើផែនការធ្វើដំណើរ នៅក្នុងថ្ងៃនេះគេហទំព័រ ស្នេហ៍៩ ក៏បានធ្វើការប្រមូលផ្តុំកន្លែងអច្ឆរិយៈធម្មជាតិមួយចំនួននៅជុំវិញពិភពលោកមកធ្វើការបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា ជាពិសេសសម្រាប់មិត្តអ្នកអានដែលចូលចិត្តការធ្វើដំណើរកំសាន្ត តែមិនអាចទទួលបាននូវឳកាសធ្វើដំណើរ មើលគ្រាន់ជាការកំសាន្ត។

1. Crooked Forest, Poland

ព្រៃចម្លែកនេះពោរពេញទៅដោយដើមឈើកោង ហើយមានទីតាំងនៅប្រទេសប៉ូឡូញ។ ភាពអស្ចារ្យនៃព្រៃនេះនៅតែជាអាថ៌កំបាំង។ មានដើមឈើកោងប្រមាណ ៤០០ដើម នៅក្នុងតំបន់នេះដែលត្រូវបានដាំនៅប្រហែលឆ្នាំ ១៩៣០ ហើយគ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុដែលពួកវាលូតលាស់តាមវិធីនេះនោះទេ ប៉ុន្តែពួកវាបានក្លាយជាកន្លែងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលស្ទើរតែជាកន្លែងសម្គាល់នៃកន្លែងទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសប៉ូឡូញ។ មនុស្សខ្លះហៅវាថាព្រៃកោង ដោយសារហេតុផលជាក់ស្តែង ហើយវាត្រូវបានគេហៅថា គ្រីសហ្សីវ៉ាឡាជាភាសាប៉ូឡូញ។

2. Salar de Uyuni (Uyuni Salt Flat), Bolivia

កន្លែងនេះគឺជាបឹងអំបិលដែលធំបំផុត និងខ្ពស់បំផុតនៅលើពិភពលោក ហើយវាក្លាយជាវាលខ្សាច់នៅរដូវប្រាំង។ បឹងនេះមានទីតាំងនៅប៉ូតូស៊ីនៃរដ្ឋបូលីវី។ វាត្រូវបានគេជឿថាមានអំបិលរហូតដល់ទៅ ១០ ពាន់លានតោន។ សាឡា ដឺ យូយូនី គឺជាគ្រឿងអលង្ការទេសចរណ៍មួយរបស់បូលីវី ពីព្រោះនៅពេលដែលអ្នកដើរនៅទីនោះវាហាក់ដូចជាអ្នកបានឈានដល់ទីវាលខ្សាច់ដ៏ធំល្វឹងល្វើយមួយនៅលើផែនដី ។ ដោយសារតែលក្ខណៈសម្បត្តិឆ្លុះរបស់បឹងនេះ បណ្តាលអោយសំបកអំបិលបង្កើតជាកញ្ចក់ដែលល្អឥតខ្ចោះ និងផ្តល់នូវការបំភាន់ ប្រៀបបាននឹងអ្នកកំពុងដើរលើពពក។

3. Jellyfish Lake, Palau

បឹងដ៏អស្ចារ្យនេះពោពេញទៅដោយសត្វសមុទ្រ ហើយវាមានទីតាំងនៅកោះ Palau។ ត្រី Jellyfish ទាំងអស់ដែលរស់នៅទីនោះពិតជាតូចណាស់ ដូច្នេះទ្រនុងរបស់វាមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ (ត្រី Jellyfish ធម្មតាអាចបង្ករជាបញ្ហាធ្ងន់ធ្ងរ) ។ ត្រី Jellyfish គឺជាសត្វដ៏ស្រស់ស្អាត ដែលផ្តល់បទពិសោធមិនអាចបំភ្លេចបាន។ អ្នកអាចហែលទឹកជាមួយពួកវាហើយថែមទាំងប៉ះពួកវាបានទៀតផង។ អ្នកចូលទស្សនា គឺមានច្បាស់តឹងរឹងណាស់។ អ្នកត្រូវប្រាកដថាអ្នកមិនមានខ្សាច់លើខ្លួនរបស់អ្នក ហើយអ្នកមិនអាចប្រើឡេការពារកម្តៅថ្ងៃ ឬសារធាតុផ្សេងទៀតដែលអាចបង្កការគំរាមកំហែងដល់តុល្យភាពដ៏ល្អនៃប្រព័ន្ធអេកូឡូស៊ីរបស់ពួកវាឡើយ។

វិធានការណ៍សុវត្តិភាពទាំងអស់នេះត្រូវអនុវត្តតាម ដោយមនុស្សគ្រប់រូប ដើម្បីថែរក្សាជម្រករបស់ត្រីJellyfish ទាំងនេះ និងការពារពួកវាកុំ ឲ្យ បាត់បង់ពីបឹង។ នៅឆ្នាំ ២០០៧ បឹងត្រូវបានគេរាយការណ៍ថាមានត្រី Jellyfish រហូតដល់ ៥ លានក្បាល ប៉ុន្តែនៅឆ្នាំ ២០១៨ ចំនួននេះបានថយចុះគួរអោយកត់សម្គាល់ គឺនៅសល់តែចំនួន ៦៣ ម៉ឺនក្បាលប៉ុណ្ណោះដែលរស់នៅក្នុងតំបន់ការពាររបស់អង្គការយូណេស្កូ។

4. Antelope Canyon, Arizona

Antelope Canyon មានទីតាំងស្ថិតនៅភាគនិរតីនៃសហរដ្ឋអាមេរិក អន្លង់គួរឱ្យចាប់អារម្មណ៍នេះគឺជាកន្លែងមួយ ក្នុងចំណោមកន្លែងដែលត្រូវបានគេទៅទស្សនាច្រើនបំផុតនៅលើពិភពលោក។ ជ្រលងភ្នំនេះអាចទៅទស្សនារួមជាមួយមគ្គុទេសទេសចរណ៍ ពីព្រោះនៅទីនោះភ្លៀងអាចបណ្តាលឱ្យមានទឹកជំនន់ដែលមិនបានរំពឹងទុកក្នុងរយៈពេលតែប៉ុន្មាននាទី។ ជញ្ជាំងថ្មនៃទ្រង់ទ្រាយភូគព្ភសាស្ត្រនេះមានកម្ពស់ដល់ទៅ ១២០ ហ្វីតនៅតាមកន្លែងខ្លះ ហើយវាមិនត្រឹមតែជាកន្លែងដែលគួរឱ្យស្ញប់ស្ញែងប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអ្នកទេសចរណ៍អាចចូលមើលទេសភាពដ៏ពិសេសនៅលើជ្រលងភ្នំបានទៀតផង។ វាច្បាស់ជាកន្លែងល្អបំផុតក្នុងការធ្វើដំណើរទៅប្រសិនបើអ្នកចូលចិត្តថតរូបធម្មជាតិ និងកន្លែងវេទមន្ត។

5. Banff National Park, Canada

ឧទ្យាននេះគឺជាឧទ្យានមួយក្នុងចំណោមឧទ្យានចំណាស់ជាងគេបំផុតរបស់ប្រទេស កាណាដា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុត។ ឧទ្យានជាតិ Banff គឺពោរពេញទៅដោយទ្រង់ទ្រាយថ្មគួរឱ្យចាប់អារម្មណ៍ និងភ្នំពោពេញដោយផ្ទាំងទឹកកក និងព្រៃល្បោះ។ វាមិនមែនជារឿងចម្លែកទេដែល ការធ្វើដំណើរជុំវិញតំបន់នោះហើយរកឃើញបឹងដែលលាក់ខ្លួនជាមួយទឹកសាបនោះ។ ភាពស្រស់ស្អាតនៃពពួក សត្វ និងព្រៃនៅទីនេះផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីថតរូបស្អាតៗ ពីលើសកម្មភាពដែលឧទ្យានផ្តល់ជូនដូចជា ការជិះស្គី ការដើរលេងកំសាន្ត ជិះសេះ និងការឡើងភ្នំជាដើម។

6. Cappadocia, Turkey

Cappadocia គឺជាតំបន់ប្រវត្តិសាស្រ្តមួយរបស់ប្រទេសទួរគី ហើយវាត្រូវបានកំណត់លក្ខណៈដោយទ្រង់ទ្រាយភូមិសាស្ត្រដែលប្លែកសម្រាប់តំបន់នេះ។ ទេសភាពនៅក្នុងតំបន់នេះហាក់ដូចជាលេចចេញពីរឿងនិទាន។ វាពោរពេញទៅដោយជ្រលងភ្នំអាថ៌កំបាំង និងសំណង់ថ្មប្លែកៗដែលត្រូវបានបង្កើតឡើងរាប់លានឆ្នាំមុន។ វិធីល្អបំផុតមួយដើម្បីរីករាយនឹងការធ្វើដំណើរទៅ Cappadocia គឺការធ្វើដំណើរដោយប្រើប៉េងប៉ោងខ្យល់ ដែលនឹងផ្តល់ឱ្យអ្នកនូវទេសភាពគួរឱ្យចាប់អារម្មណ៍ពីខាងលើ។

7. Kelimutu, Indonesia

Kelimutu គឺជាភ្នំដែលគួរឱ្យចាប់អារម្មណ៍។ ពីព្រោះបឹងសំងាត់ចំនួន ៣ ស្ថិតនៅក្នុងដីក្រហូងរបស់វា អាចផ្លាស់ប្តូរពណ៌បាន។ សម្រាប់ហេតុផលដូចគ្នានេះដែរវាគឺជាភ្នំភ្លើងដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ មូលហេតុដែលបឹងទាំងនេះផ្លាស់ប្តូរពណ៌គឺបណ្តាលមកពីសារធាតុរ៉ែដែលបង្កើតបាតុភូតធម្មជាតិនេះ ដោយពឹងផ្អែកលើពេលវេលា និងសីតុណ្ហភាព។ ឧទាហរណ៍នៅឆ្នាំ ២០១៦ ពណ៌បឹងបានផ្លាស់ប្តូរ ៦ ដងចាប់ពីខែមករាដល់ខែវិច្ឆិកា។ ទោះយ៉ាងណាក៏ដោយការទស្សន៍ទាយច្បាស់ថាពេលវេលា និងរបៀបដែលពណ៌បឹងនឹងផ្លាស់ប្តូរ មិនមែនជារឿងងាយស្រួលទេ។ Kelimutu មានកំពស់ជាង ១.៦០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយមានទីតាំងនៅកោះ Flores ។

8. Fernando de Noronha, Brazil

អ្នកគាំទ្រនៃការដើរកំសាន្ត និងការឡើងភ្នំពិតជានឹងរីករាយក្នុងការទៅលេង Fernando de Noronha ដែលត្រូវបានគេស្គាល់ថាជាកន្លែងដែលមានទេសភាពដ៏ស្រស់ស្អាត។​ មិនតែប៉ុណ្ណោះវាថែមទាំងជាជម្រករបស់សត្វ ហើយនឹងមានឆ្នេរខ្សាច់ពណ៌សដែលគួរអោយចង់ទស្សនាទៀតផង។ ប្រជុំកោះភ្នំភ្លើងនេះបង្កើតឡើងដោយកោះចំនួន ២១ ហើយមានតែ Fernando de Noronha ប៉ុណ្ណោះដែលមានប្រជាជនរស់នៅ។ ដើម្បីការពារធម្មជាតិពីផលប៉ះពាល់ពីវិស័យសចរណ៍ទ្រង់ទ្រាយធំ ដូច្នេះចំនួនភ្ញៀវទេសចរជារៀងរាល់ឆ្នាំត្រូវមានកម្រិត។ កោះនេះត្រូវបានគេស្គាល់ថាជាទិសដៅមុជទឹកដ៏ល្អបំផុត ព្រោះទឹកទាំងនេះគឺថ្លាច្បាស់ និងមិនត្រជាក់ខ្លាំង ដែលអនុញ្ញាតឱ្យអ្នកទេសចរអាចទស្សនាទេសភាពនៅក្រោមទឹកដ៏ស្រស់ស្អាតនេះបានយ៉ាងងាយស្រួល។ វាក៏មានប្រជាប្រិយភាពផងដែរក្នុងចំណោមអ្នកចូលចិត្តស្វែងរកទេសភាពពីព្រះអាទិត្យផងដែរ។ សកម្មភាពផ្សេងទៀតរួមមានការមើលសត្វផ្សោត និងការដើរកំសាន្តដ៏វែងនៅតាមបណ្តោយឆ្នេរដ៏អស្ចារ្យនេះ។

Loading...

9. Tsingy de Bemaraha National Park, Madagascar

សូមស្វាគមន៍មកកាន់ឧទ្យានជាតិ Tsingy de Bemaraha ដែលជារណ្តៅនៃផ្ទាំងថ្មគ្មានទីបញ្ចប់ដែលមើលទៅដូចជាទីក្រុងដែលគេបោះបង់ចោល។ ឧទ្យាននេះមានទីតាំងនៅទ្វីបអាហ្វ្រិក ហើយវាបានល្បីល្បាញដោយសារតែគ្រោះធម្មជាតិបង្កើតថ្មដ៏អស្ចារ្យទាំងនេះ ដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពខាងលើ។ វាជាជម្រកនៃពពួកសត្វជាច្រើនដែលជាផ្នែកមួយបង្ហាញពីការពិតដែលថាផ្ទាំងថ្មនេះត្រូវបានអង្គការយូណេស្កូប្រកាសជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩០។ វាជាទិសដៅដ៏ល្អសម្រាប់អ្នកផ្សងព្រេង និងអ្នកទេសចរដែលចាប់អារម្មណ៍នឹងធម្មជាតិ។

10. Great Blue Hole, Belize

11. Vinicunca, Peru

នៅកន្លែងដ៏អស្ចារ្យនេះអ្នកនឹងបានឃើញការផុសចេញនូវពណ៌ធម្មជាតិ ដែលលាតសន្ធឹងដាច់កន្ទុយភ្នែក។ កន្លែងនេះត្រូវបានគេស្គាល់ផងដែរថា ជាភ្នំឥន្ធនូ រឺ ភ្នំ ៧ ពណ៌ស្ថិតក្នុងចំណោមអច្ឆរិយធម្មជាតិល្បីឈ្មោះបំផុតនៅប៉េរូ និងពិភពលោក។ អ្នកអាចទៅដល់ទីនោះដោយថ្មើរជើង ឬដោយម៉ូតូ ប៉ុន្តែក៏មានផ្លូវខ្លះដែលអ្នកអាចជិះឡាន ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកបានផងដែរ។ នៅកម្ពស់ ៥.២០០ ម៉ែត្រវាជាទីតាំងខ្ពស់បំផុតដែលកម្មករប៉េរូខ្លាចរអារ។ រយៈពេលល្អបំផុតប្រចាំឆ្នាំដើម្បីទៅលេងភ្នំឥន្ធនូនេះគឺនៅខែសីហា ព្រោះកំឡុងពេលនេះមានអាកាសធាតុស្ងួត។

12. Yellowstone, United States

ឧទ្យានទឹកមួយនេះមានទីតាំងនៅសហរដ្ឋអាមេរិក ហើយវាកើតឡើងក្នុងឆ្នាំ ១៨៧២ ហើយជាឧទ្យានធម្មជាតិចំណាស់ជាងគេ និងពេញនិយមបំផុតមួយនៅលើពិភពលោក។ វាមានទំហំប្រហែល ៩,០០០ គីឡូម៉ែត្រក្រឡាដែលពោរពេញទៅដោយបឹងស្អាត អន្លង់ វាលស្មៅ និងទឹកជ្រោះ។ ឧទ្យាននេះត្រូវបានគេស្គាល់ជាទូទៅ ដោយអរគុណដល់ទឹកផុសរបស់វាដែលជាប្រភពទឹកដែលអាចបញ្ចោញទឹក និងចំហាយទឹកភ្លាមៗ។ សកម្មភាពមួយចំនួនដែលអាចរកបានសម្រាប់សាធារណជនគឺដំណើរទេសចរណ៍ ជិះក្បូន បោះជំរុំនៅផ្នែកផ្សេងៗនៃឧទ្យាន និងការធ្វើដំណើរផ្សងព្រេង។

13. Cabo San Lucas, Mexico

Cabo San Lucas មានទីតាំងស្ថិតនៅក្នុងរដ្ឋ California ទីក្រុងនេះផ្តល់នូវការរួមបញ្ចូលគ្នានៃឆ្នេរខ្សាច់ និងទេសភាពដ៏ស្រស់ស្អាត។ Cabo San Lucas ជាកន្លែងដែលប្រកបដោយប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះ។ សញ្ញាសំគាល់មួយក្នុងចំណោមកន្លែងដែលមានប្រជាប្រិយបំផុតនេះគឺជាការបង្កើតថ្មមួយដែលត្រូវបានគេហៅថា “El Arco” ដែលមានន័យថា “ ក្លោងទ្វារ” ដែលមានទីតាំងស្ថិតនៅចុងឆ្នេរដ៏វែង នៃ សមុទ្រកូទីស និងមហាសមុទ្រប៉ាស៊ីហ្វិក។

14. Trolltunga, Norway

Trolltunga ត្រូវបានគេចាត់ទុកថាជាផ្ទាំងថ្មមួយដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសន័រវេស។ Trolltunga មានទីតាំងស្ថិតនៅប្រហែល ១.១០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយបានក្លាយជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៅទូទាំងប្រទេស។ ដើម្បីឱ្យភ្ញៀវទេសចរអាចឡើងដល់កំពូលនៃ Trolltunga ដំបូងពួកគេត្រូវដើរប្រហែល ១៣.៥ គីឡូម៉ែត្រ លើដីដែលមានថ្មភ្នំ។ ប៉ុន្តែការតស៊ូនេះត្រូវបានផ្តល់រង្វាន់ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃតំបន់ Ringedalsvatnet ដែលជាបឹងដែលពោរពេញទៅដោយទឹកពណ៌ខៀវនៅចំកណ្តាលផ្ទាំងទឹកកកនៃភាគខាងជើង។ បន្ទាប់មកនៅផ្នែកខាងលើផ្ទាំងថ្មភ្នំដែលគេស្គាល់ថាជាអណ្តាតរបស់ Trolltunga អាចអនុញ្ញាតឱ្យអ្នកឡើងថតរូបដែលគួរឱ្យចាប់អារម្មណ៍ និងចាប់យកភាពអស្ចារ្យរបស់វាបានយ៉ាងពេញលេញ។

15. Grand Canyon, Arizona

Grand Canyon ត្រូវបានគេស្គាល់ផងដែរថាជាមហាជ្រលងនៃរដ្ឋខូឡូរ៉ាដូ ហើយវាមានប្រវែងប្រហែល ៤៤៦ គីឡូម៉ែត្រ ជំរៅ ៨០០ ម៉ែត្រ និងពោរពេញទៅដោយសំណង់ថ្មធម្មជាតិ។ ជញ្ជាំងពណ៌ក្រហមដែលមានលក្ខណៈពិសេសបំផុតរបស់វា គឺជារូបភាពដ៏មានប្រជាប្រិយភាពបំផុតរបស់ពិភពលោក។ អ្នកអាចធ្វើដំណើរទេសចរណ៍នៅទីនេះដោយ ការជិះទូក ចេះសេះ ឬជិះឧទ្ធម្ភាគចក្រ។ នៅភាគខាងត្បូងនៃឧទ្យាននេះអ្នកនឹងឃើញទឹកជ្រោះដ៏ស្រស់ស្អាត់ ហើយអ្នកក៏អាចចំណាយពេលស្ងប់ស្ងាត់មួយ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះផងដែរ។

16. Reed Flute Cave, China

នៅពេលនិយាយអំពីតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ Reed Flute Cave ប្រាកដជាមានអាទិភាពមុនគេហើយ។ នៅខាងក្នុង អ្នកនឹងឃើញពិភពនៃការស្រមើស្រមៃដែលពោរពេញទៅដោយទេសភាពដែលបានបំភ្លឺដោយពន្លឺចម្រុះពណ៌ ដើម្បីបញ្ជាក់ពីលក្ខណៈវេទមន្តរបស់ពួកគេ។ ឈ្មោះនៃរូងភ្នំនេះបានមកពីប្រភេទនៃដើមត្រែង ដែលត្រូវបានដាំដុះនៅក្នុងតំបន់នេះ។ ប្រជាជននៅប្រទេសចិនបានប្រើដើមត្រែងនេះ ដើម្បីធ្វើខ្លុយនៅសម័យបុរាណ។

តើអ្នកស្គាល់កន្លែងណាដែលគួរអោយចាប់អារម្មណ៍បែបនេះទេ? អនុញ្ញាតឱ្យយើងទាំងអស់គ្នាបានដឹង នៅក្នុងប្រអប់មតិយោបល់ ហើយកុំភ្លេចចែករំលែករូបភាពទីកន្លែងដែលអ្នកចង់ទៅអោយពួកយើងបានដឹងផង។

ប្រែសម្រួល៖ Sokhort

ប្រភព៖ Bright Side

Loading...