kalib9

លក្ខណៈពិសេសនៃមនុស្សមិនសូវចេះនិយាយស្តីច្រើន!

ជាធម្មតាអ្នកដែលមានអត្តចរិតខុសពីគេ ដោយចូលចិត្តនៅម្នាក់ឯង និងមិនសូវចូលចិត្តនិយាយស្តីច្រើន ត្រូវបានមនុស្សជុំវិញមើលរំលង មិនសូវអើពើ មិនសូវមានមិត្តភក្តិ ថែមទាំងពេលខ្លះធ្វើឱ្យអ្នកផ្សេងកោតខ្លាចផងដែរ។

ប៉ុន្តែដោយសារតែគេជាមនុស្សស្ងៀមស្ងាត់បែបនេះ បានធ្វើឱ្យជីវិតគេមានលក្ខណៈពិសេស និងច្បាស់លាស់លើសមនុស្សដទៃ មិនថាតែការនិយាយស្តី ជីវិតរស់នៅប្រចាំថ្ងៃ ការងារ មិត្តភក្តិ និងរឿងស្នេហានោះឡើយសុទ្ធតែល្អរៀបរយគ្រប់យ៉ាង។

១. ខាងក្រៅជាមនុស្សស្ងប់ស្ងាត់ តែខាងក្នុងពោរពេញទៅដោយអារម្មណ៍ដែលសម្បូរបែប ៖

យើងអាចមើលទៅគេហាក់ដូចជាមនុស្សដែលគ្មានរសជាតិ គ្មានទឹកដម ចូលចិត្តធ្វើអីធ្មឹងៗ មិនងាយមានប្រតិកម្មជាមួយមជ្ឈដ្ឋានជុំវិញខ្លួន តែតាមពិតទៅគេមានចិត្ត មានបេះដូងដូចមនុស្សទូទៅដែរគ្រាន់តែគេមិនសូវបញ្ចេញមកតែប៉ុណ្ណោះ ម្យ៉ាងទៀតពួកគេគឺប្រមូលផ្តុំទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ហើយងាយនឹងមើលធ្លុះចិត្តមនុស្សដែលចូលមកជិតខ្លួនគេខ្លាំងណាស់។

២. ជាមនុស្សក្រែងចិត្តអ្នកដទៃ និង មិនចូលចិត្តយកមុខយកមាត់នោះទេ ៖

ដោយសារតែគេជាមនុស្សមិនចូលចិត្តនិយាយច្រើន តែចូលចិត្តស្តាប់ និង សង្កេតមើលអ្នករស់នៅជុំវិញខ្លួន ហេតុដូច្នោះហើយទើបគេដឹងថាអ្វីដែលគួរនិយាយ និង អ្វីដែលមិនគួរនិយាយ ដើម្បីជៀសវាងការប៉ះទង្គិចផ្នែកអារម្មណ៍ដោយសារពាក្យសម្តី។

យ៉ាងទៀតគេជាមនុស្សដែលមិនខ្វល់ និង យកចិត្តទុកដាក់ទៅលើការសរសើរ ឬ ការនិន្ទាពីអ្នកជុំវិញខ្លួននោះទេ អ្វីដែលសំខាន់គឺផ្តោតទៅលើគោលដៅដែលគេបានរៀបចំទុកសម្រាប់អនាគត តែក៏មិនមែនមានន័យថាគេមិនព្រមទទួលយកការរិះគន់ពីអ្នកដទៃនោះទេ ចំណុចខ្លះដែលគេគិតថាមិនល្អ គេនឹងព្រមកែប្រែវា។

Loading...

៣. ជាទីប្រឹក្សាដ៏ល្អអ្នកជុំវិញខ្លួន ៖

យើងបានដឹងបើមើលតែសំបកក្រៅគេជាមនុស្សដែលស្ងៀមស្ងាត់ ម៉ឺងម៉ាត់ណាស់ ហ្មត់ចត់ណាស់ មិនចេះលេងសើច តែតាមពិតទៅមិនមែនអ៊ីចឹងនោះទេ កាលណាអ្នកបានចូលទៅជិតគេ ទើបដឹងថាគេជាមនុស្សបែបណា នៅពេលមានបញ្ហាអ្វីមួយ អ្នកអាចពិភាក្សាជាមួយគេបាន ថែមទាំងមិនបាច់បារម្ភខ្លាចគេនិយាយរឿងទាំងនោះប្រាប់អ្នកផ្សេងឡើយ ព្រោះមនុស្សប្រភេទនេះ ស្អប់បំផុតការនិយាយដើម មួលបង្កាច់អ្នកដទៃ ទាំងដែលគ្មានការពិត ហេតុដូចនេះហើយ ទើបគេក្លាយជាមនុស្សដែលមិនចូលចិត្តនិយាយច្រើននាំឱ្យមានទុក្ខទោសព្រោះពាក្យសម្តី លើសពីនេះទៅទៀតបើអ្នកចង់ដឹង ឬ ឆ្ងល់អ្វីផ្សេងៗទៀត អាចសួរគេបាន គេនឹងចែករំលែកដោយមិនរួញរាទៅតាមសមត្ថភាពដែលគេមាន។

៤. មានខួរក្បាល និងការយល់ឃើញល្អ ៖

ភាគច្រើនមនុស្សស្ងៀមស្ងាត់ បើទោះបីជាជួបបញ្ហា ទុក្ខលំបាក ឬស្ថានភាពយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ក៏ពួកគេអាចកែប្រែស្ថានការណ៍បានល្អផងដែរ និយាយរួមគេជាមនុស្សអាចបត់បែនតាមកាលៈទេសៈបានល្អ។

ដូច្នេះហើយទោះបីជាគេជួបរឿងអ្វីក៏ដោយ ក៏គេមិនដែលត្អូញត្អែរប្រាប់អ្នកដទៃ ឬចំណាយពេលឥតប្រយោជន៍នឹងរឿងឈឺក្បាលទាំងនេះដែរ ផ្ទុយទៅវិញគេនឹងរក្សាភាពស្ងៀមស្ងាត់ នៅម្នាក់ឯង និងព្យាយាមស្វែងរកដំណោះស្រាយបញ្ហារបស់គេឱ្យទាល់តែបាន។

ផ្តល់សិទ្ធដោយ ៖ ក្នុងស្រុក

Loading...