លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលឱ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់។
លោកជំទាវបន្ថែមថា លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន ហើយថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ១៩ផងដែរ។
កាលពីម្សិលមិញក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះ។បុគ្គលម្នាក់នោះត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ៕