ខេត្តឧត្តរមានជ័យ ៖ យោងតាមសារព័ត៌មាននគរធំបានធ្វើការចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ដូច្នេះថា ៖ អតីតព្រះសង្ឃមួយអង្គ ដែលគេតែងហៅ «លោកឪ» ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ននិងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យដែលជាសកម្មជនល្បីខាងការធ្វើសកម្មភាពការពារព្រៃឈើលោកគ្រូ បណ្ឌិត ប៊ុន សាលួតក្រោយសឹកភ្លាម បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែតតែម្ដងដោយបានភ្ជាប់ពាក្យផ្អើលអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ភិក្ខុលួន សាវ៉ាត សកម្មជនសិទ្ធិមនុស្សដែលកំពុងគង់នៅប្រទេសស្វីសបានសរសេរក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ ជុំវិញការភ្ជាប់ពាក្យរបស់លោកគ្រូបណ្ឌិត ប៊ុន សាលួត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា “ អៃយ៉ា! លោកគ្រូ ប៊ុន សាលួត សឹកភ្លាម ភ្ជាប់ពាក្យភ្លែត ការភ្លាមតែម្តង!
នេះគឺជារឿងធម្មតាទេ គឺជារឿងធម្មជាតិនៃជីវិតមនុស្សសត្វដែលត្រូវតែមានគូ ! សូមកុំរិះគន់អី !សូមជូនពរជ័យអនាគតគូស្វាមីភរិយាថ្មី ជួបតែសំណាងល្អ! សុខភាពល្អ! សុមង្គលបវរតរៀងទៅ! លោកគ្រូ ប៊ុន សាលួត អតីតប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ក្រោយលាចាកសិក្ខាបទ (សឹក) ក្នុងពេលថ្មីៗនេះ ឥឡូវនេះថ្ងៃ១១ មករា ២០២១ បានប្រារព្ធពិធីភ្ជាប់ពាក្យនៅក្នុងគេហដ្ឋានខាងស្រី នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ សប្បាយត្រេកអរ ជូនពរជ័យសិរីសួស្តីជ័យមង្គល ទៅតាមប្រពៃណីខ្មែរ ។
ព្រះតេជគុណ បូរ បេត សកម្មជនការពារព្រៃឈើដែលមានធ្លាប់មានទំនាក់ទំនងជាមួយលោកគ្រូ ប៊ុន សាលួត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា “អបអរសាទរលោកឪជូនពរលោកឪជាមួយភរិយា ឱ្យមានសុភមង្គលក្នុងគ្រួសារថ្មីនិងរកស៊ីមានបានត្រជាក់ត្រជំក្នុងទ្រនំថ្មី គ្រួសារថ្មីព្រមទាំងឆាប់មានបុត្រាបុត្រី ។
សូមឱ្យលោកឪ និងភរិយារស់នៅជាចំណងស្នេហ៍អស់រយនៃឆ្នាំទៅខាងមុខមានសេចក្ដីសុខកាយសប្បាយចិត្តប្រតិព័ទ្ធរួមរឹតជាគ្រួសារដ៏ផ្អែមល្ហែមមានសេចក្ដីសុខនិងសុភមង្គលបំផុតនៅក្នុងជីវិតថ្មីនេះ ។ សូមឱ្យគ្រួសារថ្មីមួយនេះ សមប្រកបតែនឹងឧត្តមពរព្រះ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ“។
ក្នុងបទសម្ភាសន៍ជាមួយ “ នគរធំ ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកគ្រូអន្ទិត ប៊ុន សាលួត បានបញ្ជាក់ប្រាប់ថាបន្ទាប់ពីបានភ្ជាប់ពាក្យរួចហើយលោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ ។
អតីតសង្ឃ រូបនេះ បញ្ជាក់ថាការដែលគូដណ្ដឹងវ័យក្មេងព្រមភ្ជាប់ពាក្យនិងត្រៀមរៀបការជាមួយលោកដែលមានអាយុឃ្លាតឆ្ងាយពីនាងដូចជីតានិងចៅ (១៩ឆ្នាំ-៤៧ឆ្នាំ) នេះ មិនមែនដោយសារមានការបង្ខិតបង្ខំពីឪពុកម្ដាយនាងទេ គឺជាការពេញចិត្តដោយខ្លួននាងផ្ទាល់ ព្រោះលោកបានសាកសួរអស់ហើយ ក្នុងរយៈពេលខ្លីដែលបានស្គាល់គ្នា មុននឹងឈានដល់ការភ្ជាប់ពាក្យនេះ។ ជាមួយនេះ លោកក៏សូមអរគុណដល់អ្នកទាំងឡាយដែលបានជូនពរលោកនិងអនាគតប្រពន្ធក្មេងនេះ ឲ្យមានសុភមង្គលនឹងគ្នាជារៀងរហូត។
លោកប៊ុន សាលួត បានមានប្រសាសន៍ថា “បាទ! ខ្ញុំត្រេកអរណាស់ ចំពោះបងប្អូនទូទាំងប្រទេស ដែលបានជូនពរខ្ញុំ ដោយសារនេះក្នុងព្រះពុទ្ធសាសនា ហៅថា និស្ស័យ ហៅថា គូព្រេង ហើយឃើញថា ខ្ញុំមានគូស្រករ មានអី ចេះចាប់ដៃគ្នា ហើយខ្ញុំគ្មានអីទេ មានតែថ្លែងអំណរអរគុណ និងជូនពរ បួងសួងទេវតាឆ្នាំថ្មី ហើយ
បារមីព្រះអង្គ តាមថែរក្សានូវញាតិញោមទាំងអស់ដែលជូនពរខ្ញុំ បន្ទាប់ពីខ្ញុំបានភ្ជាប់ពាក្យ កាលពីម្សិល (១១ មករា) ហ្នឹង។ គោលបំណងខ្ញុំ ចង់រៀបការដល់ខែវស្សា ឯណោះ គឺចង់ឲ្យក្មួយៗបង្កើតរបស់ខ្ញុំ រៀបការមុនអស់សិន ប៉ុន្តែឪពុកម្ដាយគេ ក៏ឯកភាពគ្នាឲ្យខ្ញុំមុនទៅ ព្រោះមាចាស់ហើយ ឯក្មួយៗចាំក្រោយ ។
ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេលគាត់ទៅណាញ៉ាំអី ក៏គាត់ប្រាប់ខ្ញុំ ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅធ្វើឲ្យឪពុកគាត់ស្រួលព្រោះគាត់ជួយដៃជើងបានមែនជាពិសេសជួយលក់ដូរម្ដាយគាត់»។
លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើមខ្ញុំគិតថាគាត់ទទួលយកខ្ញុំមិនបានទេដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ ។
ខ្ញុំនិយាយជាមួយនាងនៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថាបើចៅឯងមានការបង្ខិតបង្ខំខ្ញុំមិនអាចទទួលយកបានទេព្រោះខ្ញុំត្រូវការស្អាតគាត់ក៏ត្រូវការស្អាត បើថាមានសង្សារ មានអីហើយក៏ដោយឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ហើយបើឪពុកម្ដាយបង្ខិតបង្ខំឲ្យឆ្លើយប្រាប់ខ្ញុំត្រង់ដែរ ព្រោះខ្ញុំអត់ចង់បានការបង្ខិតបង្ខំទេ តែគាត់ឆ្លើយថា គ្មានការបង្ខិតបង្ខំទេ តែអ្វី
នាងពេញចិត្តខ្ញុំ ដោយសារខ្ញុំជាមនុស្សចាស់ បានបួសច្រើន មិនខ្លាចរៀបការហើយ ប្រើអំពើហិង្សា ព្រោះគាត់ឃើញប្ដីប្រពន្ធគេ នៅជិតផ្ទះ វ៉ៃតប់គ្នា ទើបគាត់ប្រើពាក្យអ៊ីចឹង ហើយខ្ញុំសូរទៀតថា បើស្រឡាញ់ខ្ញុំ តើខ្លាចគេសើច គេយំដែរ?
នាងថា ទៅខ្លាចគេសើចគេយំធ្វើអី ព្រោះមានទៅយកលុយគេឯណា សុំបាយគេស៊ីឯណា ពេលយើងបានសុខ មានគេឲ្យសុខយើងឯណា! គាត់និយាយអ៊ីចឹង ធ្វើឲ្យកាន់តែមានទំនុកចិត្ត ជឿជាក់លើគាត់ ហើយធ្វើឲ្យខ្ញុំទទួលយកគាត់បាន ហើយខ្ញុំជឿជាក់ថាគាត់មិននិយាយដោយល្បិចកលទេ ព្រោះខ្ញុំថាបើស្រឡាញ់គ្នាស្រឡាញ់ឲ្យដល់ចប់ ចាស់កោងខ្នងរៀងខ្លួន ហើយគាត់ថា គាត់ទទួលយកបាន។
ដូច្នេះខ្ញុំអរគុណច្រើន ហើយសូមជូនពរគាត់ឲ្យសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានជាមួយនឹងខ្ញុំ ត្រជាក់ត្រជំហើយនិងអ្នកដែលគាំទ្រខ្ញុំ ក៏សុំឲ្យរកស៊ីមានបានទាំងអស់គ្នា សុខចម្រើនទាំងអស់គ្នា ហើយសុំកុំឲ្យបងប្អូនទាំងអស់ យល់ច្រឡំថា គាត់មានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបព្រមទទួលខ្ញុំ“។
គួរបញ្ជាក់ថា លោកប៊ុន សាលួត កើតនៅឆ្នាំ១៩៧០ (អាយុ៤៧ឆ្នាំ) មានស្រុកកំណើតនៅភូមិត្បែង ឃុំបុស្សស្បូវ ស្រុកសំរោង ខេត្តសៀមរាប (ឥឡូវទៅជាក្រុងសំរោង ខេត្តឧត្តរមានជ័យ)។ ឪពុករបស់លោក ឈ្មោះប៊ុន សំបៀន (ស្លាប់សម័យប៉ុល ពត) ម្ដាយឈ្មោះស៊ុន កប់។ លោកមានបងប្អូនបង្កើត ចំនួន ៥នាក់ (ប្រុសទាំង៥) លោកជាកូនទី៣។ លោកបានរៀនពីបឋមសិក្សា រហូតដល់អនុវិទ្យាល័យ ថ្នាក់ទី៨ ក៏សុំច្បាប់គ្រូទៅបួស នៅវត្តទេពប្រណម្យ ខេត្តសៀមរាប ក្នុងឆ្នាំ១៩៩០។
ក្រោយពីមានការចុះផ្សាយបែបនេះ តាប៊ុយ មានការចាប់អារម្មណ៍ក៏ធ្វើការចែករំលែកព័ត៌មាននេះ អមដោយសារបញ្ជាក់ថា «បងប្អូនមានស្គាល់លេខទាក់ទងគាត់ទេ?»។ តាមរយៈនេះ ស្រាប់តែមានការរិះគន់លោកឪសង្ឃថា «អាណាក៏ដូចអាណាដែរ ធ្វើឯងគ្រាន់បើស្អី ការពារព្រៃឈើស្អី។ គេចមិនផុតពីលុយហើយនិងស្រីទេ។ អញលែងជឿហើយពួកអាស្រលាញ់ទឹកដីព្រៃឈើខ្មែរអស់នេះ»។ «លោកបងទើបសឹកសោះ ការប្រពន្ធឡើងក្មេងតាហ្មង» ។