kalib9

បោះតង់ក្នុងព្រៃកំពុងដេកសុខៗ ស្រាប់តែត្រូវដំរីព្រៃមួយក្បាលមកវាយប្រហារ នៅប្រទេសថៃ..

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា មានបុរសអាយុ ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងតង់ នៅឯឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ហើយគេជឿជាក់ថា រូបគាត់បានស្លាប់ដោយសារតែដំរីព្រៃមួយក្បាលនៅទីនោះវាយប្រហារ ។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅក្នុងជំរុំបោះតង់ Pha Kluai Mai ចន្លោះខេត្ត Pak Chong និងខេត្ត Prachin Buri ។

មន្ត្រីឧទ្យាននិងប៉ូលីសត្រូវបានគេទូរស័ព្ទឱ្យទៅកាន់កន្លែងកើតហេតុ ប្រហែលជាម៉ោង ១ និង ៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ហើយពួកគេបានរកឃើញសាកសពមានសភាពទ្រុឌទ្រោមរបស់ជនរងគ្រោះឈ្មោះថា Prayot Jitbun អាយុ ៨០ឆ្នាំ ជាអ្នកនៅខេត្តសាមុតប្រាកាន។ រូបគាត់ក៏មិនខុសពីអ្នកទេសចរដទៃដែរ ដោយគាត់បានទៅឧទ្យាននោះក្នុងបំណងសម្រាកលំហែបោះតង់ ប៉ុន្តែគួរឱ្យសោកស្ដាយដំរីព្រៃមួយក្បាលនោះ បានចូលទៅជុំរំរបស់គាត់ និងវាយប្រហារលើរូបគាត់។

ប្រភពនិយាយថា ដំរីមួយក្បាលនោះមានឈ្មោះថា «Phlai Due» ហើយនៅមុនពេលកើតហេតុ វាក៏ស្រាប់តែមានអាការខឹងសម្បារភ្លាមៗ ហើយក៏បានចូលទៅវាយប្រហារបុរសរងគ្រោះទាំងដែលគាត់កំពុងសម្រាកលង់លក់។ បុរសរងគ្រោះត្រូវបានដំរីជាន់ និងគ្រវែងចុះឡើង ហើយក្រោយមកបានបោកផ្ទប់នឹងដើមឈើ ធ្វើឱ្យគាត់ស្លាប់នៅនឹងកន្លែង។ មន្ត្រីក៏បាននិយាយដែរថា ដំរីនេះត្រូវបានគេដាក់ឧបករណ៍តាមដានប៉ុន្មានថ្ងៃមកហើយ តាំងតែពីថ្ងៃទី០៨ ខែមករា ដោយសារតែឥរិយាបទផ្លាស់ប្ដូររបស់វានេះ។

ប្រភពបានបន្ដថា ជនរងគ្រោះបានតំឡើងតង់របស់គាត់ឆ្ងាយពីអ្នកទេសចរដទៃទៀត ចំណែករថយន្តរបស់គាត់គឺនៅជាប់នឹងតង់ និងមានផ្លែឈើជាច្រើននៅក្នុងនោះ។ មន្ត្រីនិយាយថា ដំរីមួយក្បាលនោះទំនងជាឃ្លានផ្លែឈើនៅក្នុងរថយន្តរបស់គាត់ ហើយដោយសារតែចរិតឆេវឆាវរបស់វា ទើបធ្វើឱ្យវាវាយប្រហាទៅលើបុរសរងគ្រោះតែម្ដងទៅ។ យ៉ាងណាអ្នកទេសចរដទៃមិនបានរងរបួសអ្វីទេ ដោយសារជនរងគ្រោះនៅឆ្ងាយពីគេ ហើយអ្នកផ្សេងទៀតបានចេញពីតំបន់កើតហេតុ នៅពេលដែលបានឮសំឡេងគ្រហឹមរបស់ដំរី៕

Loading...

ប្រភព Khmer press

Loading...