kalib9

ប៉ូលិសខេត្តកណ្តាល ! ទទួលស្គាល់វីដេអូចោរស្រីចាប់ក្មេងប្រុស នៅក្រុងតាខ្មៅគឺជាការពិត …

ខេត្តកណ្តាល ៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តាមគណនីហ្វេសប៊ុក Ven Phannith ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីសកម្មភាពចោរស្រីម្នាក់ ចាប់កូនប្រុសរបស់គាត់នៅមុខសាលារៀនមួយកន្លែងនៅក្នុងក្រុងតាខ្មៅដោយភ្ជាប់ជាមួយ

សំណេរថា «នេះវីដេអូមីចោរស្រី ។ វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅមុនដំបូងវានាំកូនខ្ញុំទៅទិញបន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ។ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើលផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញ ហើយជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញវាចាប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង» ។

ក្រោយពីម្ចាស់ហ្វេសប៊ុកខាងលើបង្ហោះវីដេអូ និងសំណេរបែបនេះ អង្គភាពសារព័ត៌មាន«KBN» យកវីដេអូនោះ និងខ្លឹមសារ មកធ្វើការផ្សព្វផ្សាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនតូចរបស់ខ្លួន និងចង់សមត្ថកិច្ចតាមប្រមាញ់ស្រ្តីសង្ស័យយកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ជុំវិញនឹងករណីខាងលើនេះ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។ ជាលទ្ធផល អធិការនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឱ្យដឹងថាករណីបានកើតឡើងនៅថ្ងៃទី១៣ ខែ

មករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤១នាទី នៅចំណុចសាលាបឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យភេទស្រី មិនស្គាល់អត្តសញ្ញាណពាក់អាវពណ៌ក្រហមជិះម៉ូតូកូនទា ។ ចំណែកជនរងគ្រោះឈ្មោះ វិរៈ សុផាយុ ភេទប្រុស អាយុ៧ឆ្នាំ សិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាតាម៉ាកុរស្មីមានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានទ្រព្យសម្បត្តិបាត់បង់ ខ្សែក និងខ្សែដៃប្លាទីនទម្ងន់៣ជី ។

Loading...

ក្នុងរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាលបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងរងគ្រោះកំពុងចេញលេងនៅក្នុងបរិវេណសាលា ស្រាប់តែមានស្រ្តីសង្ស័យបានជិះម៉ូតូកូនទាចូលមកចុះដើរចូលទៅជិតក្មេងរងគ្រោះហើយនិយាយថា “ម៉ាក់ឱ្យមកយក” ពេលនោះ

ក្មេងរងគ្រោះមិនចង់ទៅទេ តែស្រ្តីសង្ស័យបាននិយាយថា “ទៅជាមួយមីងទិញអីវ៉ាន់ឱ្យអូនលេង” ទើបក្មេងរងគ្រោះព្រមទៅជាមួយ ហើយស្រ្តីសង្ស័យបានដឹកដៃក្មេងរបងគ្រោះ និងលើកដាក់ម៉ូតូពីខាងមុខ រួចជិះចេញមកទិសខាងជើង ។ ពេលមកដល់មុខការដ្ឋានខ្សាច់ ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ស្រ្តីសង្ស័យបាននិយាយថា “ឈប់ដោះខ្សែក និងខ្សែដៃសិន ខ្លាចចោរលួច” ក្រោយពីដោះរួច ក៏បន្តដំណើរមកទៀត ។ ពេលជិះបណ្តើរស្រ្តីសង្ស័យបាននិយាយប្រាប់ក្មេងរងគ្រោះថាទៅផ្សារតាខ្មៅទៅទិញអីវ៉ាន់លេងរួចចាំទៅផ្ទះ ។

របាយករណ៍ខាងលើបន្តទៀតថា លុះជិះមកដល់ផ្សារកាច់ជ្រុង សង្កាត់តាខ្មៅ ស្រ្តីសង្ស័យបានទម្លាក់ក្មេងរងគ្រោះចោល ហើយនិយាយប្រាប់ក្មេងរងគ្រោះថា “ចាំហ្នឹងហើយ មីងទិញអីវ៉ាន់ឱ្យអូនលេង” រួចក៏ជិះម៉ូតូគេចខ្លួនបាត់ដោយចាំយូរពេកក្មេងរងគ្រោះបានឃើញ

មនុស្សស្រីម្នាក់បានដើរមកជិតខ្លួនក៏ប្រាប់ថា “មីងជូនខ្ញុំទៅសាលា” ដោយឃើញស្ថានភាពក្មេងរងគ្រោះ ក៏សួរនាំដោយនឹកស្មានថា ជាសិស្សរៀននៅសាលាក្បែរនេះក៏ឌុបយកទៅសាលាបឋមតាខ្មៅ ។ ពេលទៅដល់ទីនោះលោកគ្រូនាយករងឆ្លើយថា មិនមែនជាសិស្សរបស់គាត់ទេ ។

លោកនាយករង និងស្ត្រីខាងលើបម្រុងដឹកក្មេងរងគ្រោះមកប៉ុស្តិ៍តាខ្មៅ តែពេលមកដល់ផ្លូវ២១A ក្មេងរងគ្រោះបាននិយាយប្រាប់ថា ផ្ទះខ្លួនទៅតាមនេះ លោកនាយករង និងបងស្រីបានជូនទៅដល់សាលាតាម៉ាកុរស្មីសាមគ្គី ធ្វើការប្រគល់ជូនគ្រូ និងម្តាយក្មេងរងគ្រោះនៅទីនោះ

ទៅ ហើយត្រឡប់មកផ្ទះរៀងៗខ្លួនតែម្តង។ រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ សួរបំភ្លឺលោកនាយរងសាលាបឋមតាខ្មៅ និងម្តាយជនរងគ្រោះ ករណីនេះពិតជាមានដូចការរៀបរាប់ខាងលើប្រាកដមែន។

ពេលនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន ៕

Loading...