kalib9

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បាននិយាយថា ពាក់វែនតាបណ្តាលខូចភ្នែក!!! តាមពិតទៅគឺ…

ជាការពិតណាស់មនុស្សនៅលើពិភពលោកនេះច្រើនណាស់ដែលប្រើប្រាស់វែនតាសម្រាប់ជាជំនួយដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។តើអ្នកទាំងអស់គ្នាដឹងទេថាពាក់វែនតាមានផលល្អ ឬ ផលអាក្រក់សម្រាប់ភ្នែកយើង ?

ជាការពិតណាស់ បើយោងតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី លោកបានផុសនៅក្នុងបណ្តាយសង្គមហ្វេសប៊ុកផេកផ្ទាល់របស់គាត់ ដោយលើកឡើងជាសំណួរថា ពាក់វ៉ែនតាធ្វើឱ្យខូចភ្នែក? យកមកវិភាគទាំងអស់គ្នា។ តោះយើងទៅតាមដានទាំងអស់គ្នា...

លោកមានប្រសាសន៍ថា ៖ ពលរដ្ឋខ្មែរមួយចំនួនតែងយល់ច្រឡំថា ការពាក់វ៉ែនតាធ្វើឱ្យភ្នែកស្រវាំង ឡើងដឺក្រេខ្ពស់ និងធ្វើឱ្យខូចភ្នែក។ ឯអ្នកខ្លះទៀត ឃើញគេពាក់វ៉ែនតា គាត់បែរជាមានគំនិតឆ្វេងនិយមទៅវិញ ពោលគឺគាត់គិតថា គេពាក់ដើម្បីភាពសង្ហានិងពាក់ដើម្បីបង្ហាញថាជាអ្នកចេះដឹងឬជាបញ្ញវន្តជាដើម។ ផ្នត់គំនិតនេះ កំពុងធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនអត់ហ៊ានពាក់វ៉ែនតា ដែលជាហេតុធ្វើឱ្យភ្នែកពួកគេមានបញ្ហា ជាពិសេសអ្នកប្រើប្រាស់កុំព្យូទ័រ លេងទូរសព្ទ ឬមើលទូរទស្សន៍ច្រើនម៉ោងក្នុងមួយថ្ងៃៗជាដើម។

ការពាក់វ៉ែនតា គឺមិនត្រឹមតែមិនធ្វើឱ្យខូចភ្នែកដូចការយល់ច្រឡំរបស់ពលរដ្ឋមួយចំនួននោះទេ ពោលគឺវាថែមទាំងជួយការពារសុខភាពភ្នែកយើងបានយ៉ាងល្អថែមទៀតផង។ បានសេចក្ដីថា ការពាក់វ៉ែនតា គឺ​ជួយ​ឱ្យយើងមើលឃើញច្បាស់ដោយមិនបាច់ប្រឹងសម្លឹង ជួយទប់ពន្លឺដែលចាំង​ចូលភ្នែក ការពារធូលី ខ្យល់ និងផ្សែងជាដើមកុំឱ្យចូលភ្នែក។

Loading...

ខ្ញុំសង្កេតឃើញអ្នកពាក់វ៉ែនតាមាន៣ប្រភេទគឺ ពាក់ព្រោះភ្នែកមីញ៉ូប ពាក់ដើម្បីការពារពន្លឺ និងពាក់ដើម្បីភាពសង្ហា(កម្រមានអ្នកពាក់ក្នុងហេតុផលនេះណាស់)។ ប្រសិនបើភ្នែកស្រវាំង យើងត្រូវទៅពិនិត្យសុខភាពភ្នែក វាស់ដឺក្រេភ្នែក ហើយកាត់វ៉ែនតាពាក់។ សូមកុំនៅខំប្រឹងសម្លឹងមើលរាល់ថ្ងៃដោយអត់ពាក់វ៉ែនតា ព្រោះវានឹងធ្វើឱ្យភ្នែកយើងប្រទាញឬខូច។ ចំណែកអ្នកប្រើកុំព្យូទ័រឬមើលទូរសព្ទច្រើនម៉ោងក្នុងមួយថ្ងៃៗ ក៏គួរតែទៅ​កាត់វ៉ែនតាពាក់ការពារពន្លឺផងដែរ ព្រោះកញ្ចក់កុំព្យូទ័រ កញ្ចក់ទូរសព្ទ មានកាំរស្មីពណ៌ខៀវ (Blue color ray) ដែលធ្វើឱ្យភ្នែកក្រហាយ ស្រវាំង និងខូច។ មិនតែប៉ុណ្ណោះ គេក៏មានអេប (App) សម្រាប់យើងដោនឡូតដាក់លើកុំព្យូទ័រឬទូរសព្ទ ដើម្បីជួយកាត់បន្ថយពន្លឺកុំឱ្យជះមករកភ្នែករបស់យើង។ មួយវិញទៀត យើងអាចទិញស្គ្រីនមកបំពាក់លើកញ្ចក់កុំព្យូទ័ររបស់យើងក៏បាន ព្រោះវាក៏មានមុខងារទប់កាំរស្មីពណ៌ខៀវកុំឱ្យ​ជះមកលើភ្នែកយើងពេកផងដែរ។

នៅប្រទេសអភិវឌ្ឍជឿនលឿន គេពាក់វ៉ែនតាតាំងពីនៅក្មេងម្ល៉េះ។ ជួនកាលពុំមែនភ្នែកគេមីញ៉ូបទេ តែគេពាក់ការពារពន្លឺ ការពារធូលី ខ្យល់ និងផ្សែងចូលភ្នែក។ ប៉ុន្តែនៅស្រុកខ្មែរ ខ្ញុំកម្រឃើញកូនខ្មែរតូចៗពាក់វ៉ែនតាណាស់ បើមានគឺមានតែកូនអ្នកនៅភ្នំពេញដែលមានជីវភាព​ធូរធារប៉ុណ្ណោះ។ វ៉ែនតាមិនជាថ្លៃប៉ុន្មានទេ ដងមួយតម្លៃត្រឹម៥ដុល្លារ ១០ដុល្លារ ក៏មានដែរ។ កញ្ចក់ត្រឹម២០ទៅ៣០ដុល្លារប៉ុណ្ណោះ។ យើងមិនបាច់ប្រើវ៉ែនតាម៉ាកប្រេនៗ តម្លៃរាប់រយឬរាប់ពាន់ដុល្លារនោះទេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំប្រើតែវ៉ែនតាធម្មតា តម្លៃធូរៗថ្លៃ តែគេបែរជាគិតថាវ៉ែនតាខ្ញុំជារបស់ប្រេនទៅវិញ។

ដូច្នេះ សូមកុំមានការយល់ច្រឡំថាការពាក់វ៉ែនតាធ្វើឱ្យភ្នែកស្រវាំង ភ្នែកឡើងដឺក្រេ ឬធ្វើឱ្យភ្នែកខូចឱ្យសោះ។ ផ្ទុយទៅវិញ យើងត្រូវតែយល់ដឹងអំពីអត្ថប្រយោជន៍ពីការពាក់វ៉ែនតា។ យើងត្រូវទៅពិនិត្យសុខភាពភ្នែក វាស់ដឺក្រេភ្នែក និងកាត់វ៉ែនតាពាក់ ប្រសិនបើយើងធ្វើការប្រឈមនឹងពន្លឺឬកាំរស្មីខ្លាំង។ ចំណែកអាណាព្យាបាលដែលមានកូនតូចគ្រប់វ័យចូលរៀន ក៏គួរយកកូនទៅពិនិត្យសុខភាពភ្នែកផងដែរ ព្រោះជួនកាលភ្នែកគាត់ស្រវាំងឬមីញ៉ូប ធ្វើឱ្យគាត់រៀនខ្សោយ។ បើសិនពិនិត្យឃើញថា ភ្នែកគាត់មីញ៉ូបឬស្រវាំង យើងត្រូវជូនគាត់ទៅកាត់វ៉ែនតាពាក់ ចៀសវាងគិត​ថា “កូននៅតូចអ៊ីចឹង ពាក់វ៉ែនតាមិនល្អមើលទេ ខ្លាចគេសើច!” ឱ្យ​សោះ៕

ប្រភព ៖ ផេកផ្ទាល់របស់ លោកវេជ្ជបណ្ឌិត គួច ម៉េងលី។

Loading...