អាហារ៥ប្រភេទខាងក្រោមនេះ ស្ទើរតែគ្មានកាឡូរីទាល់តែសោះ ទោះញុំាច្រើនក៏មិនខ្លាចធាត់ដែរ ថែមទាំងជួយឱ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ ដូច្នេះ គឺសក្តិសមបំផុតសម្រាប់ស្រីៗ ដែលចង់ថែរក្សារាង និងជួយឱ្យរូបសម្រស់នៅតែស្រ់សស្អាត។
១. ផ្លែក្រូច
ផ្លែក្រូច សម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ លើសពីនេះ វាក៏មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ប៉ូតាស្យូម ជាតិសរសៃ វីតាមីន B1 ហ្វូឡាត... ជួយការពារសុខភាព និងមានកាឡូរីតិចណាស់។
ផ្លែឈើទាំងនេះ ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ ដែលជួយការពារការលូតលាស់នៃកោសិកាមហារីក។
លើសពីនេះ ការទទួលទានផ្លែក្រូចជាប្រចាំ ក៏បន្ថែមនូវបរិមាណដ៏មានតម្លៃនៃជាតិសរសៃដល់រាងកាយ ការពារការទល់លាមកផងដែរ។ ជាតិសរសៃនៅក្នុងផ្លែឈើក៏ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន និងការពារការឡើងជាតិស្ករក្នុងឈាម។
២. បន្លែបៃតង
ការទទួលទានបន្លែពណ៌បៃតង ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ដែលជារឿងដែលមនុស្សជាច្រើនបានដឹងរួចមកហើយ។ បន្លែបៃតងមានកាឡូរីទាប និងមានជាតិសរសៃខ្ពស់ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿន។ បន្ថែមបន្លែពណ៌បៃតងបន្ថែមក្នុងអាហារក៏ជួយដុតបំផ្លាញខ្លាញ់ក្បាលពោះ ស្រកទម្ងន់បានយ៉ាងលឿន…។
បន្លែបៃតងមួយចំនួន ដែលផ្តល់ផលល្អសម្រាប់ការសម្រកទម្ងន់មាន ប្រូខូលី ទឹកស្ពៃ ត្រសក់ ស្ពៃក្តោប សាឡាត់... ដើម្បីរក្សាតម្លៃអាហារូបត្ថម្ភរបស់បន្លែ អ្នកគួរតែជ្រើសរើសវិធីស្ងោរ ឬចំហុយ ចៀសវាងចៀន និងចម្អិន។ នៅសីតុណ្ហភាពខ្ពស់ព្រោះវាងាយបាត់បង់វីតាមីន។
៣. ផ្សិត
ផ្សិតជាអាហារសម្បូរសារធាតុចិញ្ចឹមដែលមានកាឡូរីតិចណាស់។ សម្រាប់រាល់ ៦៨ ក្រាមនៃផ្សិត ផ្ទុកតែប្រហែល ១៥កាឡូរីចូលទៅក្នុងខ្លួនតែប៉ុណ្ណោះ។ លើសពីនេះ ផ្សិតក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា បង្កើនភាពស៊ាំ កាត់បន្ថយការរលាក... ផ្សិតមានរសជាតិឆ្ងាញ់ និងតម្លៃថោក ដែលអ្នកអាចញុំាជាប្រចាំមានដូចជា ផ្សិតអេណូគី ផ្សិតស៊ីអ៊ីតតេ និងផ្សិតស៊ីអ៊ីតាក។
៤. តែបៃតង
តែបៃតង គឺជាភេសជ្ជៈដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពទប់ស្កាត់ និងជម្រុញដំណើរការនៃការបំផ្លាញជាតិខ្លាញ់។ លើសពីនេះ វាក៏ជួយបង្កើនការរំលាយអាហារ ដើម្បីជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ ទោះបីជាមិនធ្វើលំហាត់ប្រាណច្រើនក៏ដោយ។
ជាការពិតណាស់ ការផឹកតែបៃតងតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកនៅតែត្រូវផ្សំវាជាមួយនឹងរបបអាហារសមស្រប និងការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ ការផ្សំតែបៃតងជាមួយក្រូចឆ្មាស្រស់ក៏ជួយលើកកម្ពស់ការសម្រកទម្ងន់ផងដែរ។
លើសពីនេះទៀត អ្នកត្រូវយកចិត្តទុកដាក់ ចំពោះពេលវេលាដែលផឹកតែបៃតងល្អសម្រាប់រាងកាយ។ វាជាការល្អបំផុតក្នុងការផឹកនៅពេលព្រឹកបន្ទាប់ពីអាហារពេលព្រឹក យ៉ាងហោចណាស់ ៣០ ទៅ ៦០ នាទីដែរ។
៥. ទឹក
ទឹក គឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ វាមានប្រសិទ្ធភាពជាពិសេសនៅពេលអ្នកចង់សម្រកទម្ងន់។
កាឡូរីត្រូវបានបង្កើតឡើងពីគ្រឿងផ្សំអាហារូបត្ថម្ភ ដែលមានជាតិកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីន ប៉ុន្តែទឹកមិនមានទាំងបីនោះទេ ដូច្នេះវាមិនមានកាឡូរីទេ។ លើសពីនេះ ទឹកចម្រោះក៏អាចផ្តល់សារធាតុរ៉ែដូចជា កាល់ស្យូម ម៉ាញេស្យូម សូដ្យូម ស័ង្កសី ទង់ដែង...។
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Journal of Human Nutrition and Dietetics បានរកឃើញថា ការផឹកទឹក ១-៣ កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយ ៦០-២០៥ កាឡូរីក្នុងមួយថ្ងៃ។ ការផឹកទឹកឱ្យបានទៀងទាត់ គឺជាវិធីមួយដើម្បីទប់ស្កាត់ចំណង់អាហារ រក្សារាងកាយឱ្យមានជាតិទឹក និងកាត់បន្ថយការឃ្លាន។
ពេលវេលាដែលល្អ ក្នុងការផឹកទឹកនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព ៖
- បន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹក ៖ ការផឹកទឹកមួយកែវនៅពេលនេះ អាចជួយជំនួសទឹកដែលបាត់បង់បន្ទាប់ពីគេងបានមួយយប់។
-ម៉ោង ៨-៩ ព្រឹក ៖ ការបំពេញជាតិទឹក ជួយកាត់បន្ថយភាពតានតឹង នឿយហត់ និងកម្រិតការឃ្លាន។
- រាល់ពេលទៅបង្គន់ ៖ បញ្ចូលទឹករាងកាយដែលបាត់បង់ភ្លាមៗ។
- ផឹកទឹក ៣០ នាទីមុន និងក្រោយញុំាអាហារ ៖ ការពារការញុំាច្រើនពេក និងជួយដល់ការរំលាយអាហារ៕
ប្រភព ៖ Phunutoday / Knongsrok