ទម្លាប់៣យ៉ាងខាងក្រោមនេះ ត្រូវបានអ្នកជំនាញព្រមានថា មានគ្រោះថ្នាក់ដល់ថ្លើមជាងការផឹកគ្រឿងស្រវឹងទៅទៀត។
ថ្លើម គឺជាសរីរាង្គបន្សាបជាតិពុលរបស់រាងកាយ។ នៅពេលដែលថ្លើមមានបញ្ហា មុខងារថ្លើមធ្លាក់ចុះ រាងកាយនឹងប្រមូលផ្តុំជាតិពុលជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
យើងតែងតែគិតថា មានតែការផឹកស្រាអាចបំផ្លាញថ្លើមបាន ប៉ុន្តែតាមពិតមានរឿង ៣ ខាងក្រោមនេះ ដែលមានគ្រោះថ្នាក់ដល់ថ្លើមដូចគ្នា។
១. ចូលគេងយឺតជាញឹកញាប់
យុវវ័យ និងអ្នកធ្វើការច្រើន តែងមានទម្លាប់ចូលគេងយឺត ប៉ុន្តែការចូលយឺតអាចបង្កជំងឺថ្លើមយ៉ាងងាយ។ ដោយសារតែក្នុងអំឡុងពេលគេង រាងកាយរបស់មនុស្សចូលទៅក្នុងរបៀបជួសជុលខ្លួនឯង។ ប្រសិនបើអ្នកឧស្សាហ៍ចូលគេងយប់ជ្រៅ វានឹងធ្វើឱ្យគេងមិនស្ងប់ ភាពធន់របស់រាងកាយនឹងថយចុះ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ដំណើរការជួសជុលថ្លើមដោយខ្លួនឯងនៅពេលយប់។
ដូច្នេះហើយ អ្នកដែលឧស្សាហ៍គេងយប់ គួរតែកែសម្រួលការងារ និងម៉ោងសម្រាកឱ្យសមហេតុផលតាមដែលអាចធ្វើទៅបាន។ វាជាការល្អបំផុតក្នុងការចូលគេងមុនម៉ោង ១១ យប់ជារៀងរាល់យប់ ហើយគេងយ៉ាងសកម្មរយៈពេល ៧ ទៅ ៨ ម៉ោង។ នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការបន្សាបជាតិពុលដ៏មានប្រសិទ្ធភាពនៃថ្លើម និងធានាដល់សុខភាពរបស់រាងកាយ។
២. ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា
អ្នកមិនមែនជាគ្រូពេទ្យទេ ដូច្នេះកុំលេបថ្នាំតាមអំពើចិត្តដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ សូមចងចាំថា ការប្រើថ្នាំដោយមិនមានច្បាស់ទម្លាប់ អាចនាំមកនូវផលអាក្រក់ដល់ថ្លើម។ ព្រោះថ្នាំណាដែលចូលក្នុងខ្លួន នឹងត្រូវបន្សាបជាតិពុលតាមថ្លើម ដើម្បីរំលាយចោល។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្លើមរបស់អ្នកនឹងត្រូវខូចខាត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងាររបស់វានៅពេលក្រោយ។
៣. ខឹងច្រើន ខឹងញឹកញាប់
យោងតាមវេជ្ជសាស្ត្របូព៌ា ថ្លើមក៏ទាក់ទងនឹងអារម្មណ៍របស់អ្នកដែរ។ ប្រសិនបើអ្នកសប្បាយចិត្ត ថ្លើមរបស់អ្នកក៏នឹងដំណើរការល្អផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឧស្សាហ៍ខឹង ឆាប់ខឹង ក្នុងអារម្មណ៍មិនស្ថិតស្ថេរ ថ្លើមរបស់អ្នកប្រាកដជាមិនអាចដំណើរការបានល្អឡើយ។
ដូច្នេះហើយត្រូវប្រយ័ត្នកុំឱ្យសម្ពាធការងារប៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់អ្នក។ អារម្មណ៍អវិជ្ជមានទាំងនេះអាចបណ្តាលឱ្យខូចមុខងារថ្លើម និងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដោយហេតុនេះបង្កើនកម្រិតជាតិស្ករក្នុងឈាម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កោសិកាថ្លើម៕
ប្រភព ៖ Phunutoday / Knongsrok