ឱសថទិព្វ ក៏មិនស្មើនឹងកម្លាំងចិត្តពីមនុស្សដែលយើងស្រឡាញ់ដែរ។

ជឿទេថា ពេលខ្លះ យើងឈឺ ទោះមិនញុំាថ្នាំ ក៏ជាបានដែរ ឱ្យតែបានកម្លាំងចិត្ត និងការយកចិត្តទុកដាក់ពីមនុស្សដែលយើងស្រឡាញ់។

ជឿហើយថា កម្លាំងចិត្តសំខាន់ និងមានឥទ្ធិពលកម្រិតណា ខ្ញុំធ្លាប់គិតថា នៅម្នាក់ឯងក៏បានដែរ វាមិនស្លាប់ទេ គ្រាន់តែវាឯកាបន្តិចប៉ុណ្ណោះ រហូតដល់បានជួបមនុស្សម្នាក់ ទើបខ្ញុំដឹងថា ការដែលមានគ្នា វាកក់ក្ដៅ និងមានក្ដីសុខ សុភមង្គលកម្រិតណា។

ពេលបានជួបមនុស្សម្នាក់ដែលខ្លួនឯងស្រឡាញ់ ហៅថាស្នេហាពិត គូពិត ជីវិតនេះវាពិតជាមានន័យណាស់ ខ្ញុំឆ្លងកាត់បញ្ហាច្រើនប៉ុនណា ក៏នៅតែមានចិត្តតស៊ូ ជំនះ ព្រោះតែម្នាក់នោះ គឺដើម្បីមនុស្សដែលខ្ញុំស្រឡាញ់។

មិនថាហត់នឿយនឹងការងារ មិនថាឈឺឬមិនស្រួលខ្លួន បានត្រឹមឃើញស្នាមញញឹមរបស់គាត់ ឮសំឡេងរបស់គាត់សួរត្រឹមតែមួយមាត់ថា " យ៉ាងម៉េចហើយ ? " ក៏ធ្វើឱ្យខ្ញុំបានស្បើយពីភាពតានតឹង និងឈឺបានដែរ។


មិនថាជា គ្រួសារ ស្នេហា សង្សារ ប្ដីប្រពន្ធ បងប្អូន ឬមិត្តភក្តិឡើយ ចូរឱ្យកម្លាំងចិត្តដល់មនុស្សជាទីស្រឡាញ់ មនុស្សគ្រប់គ្នាពិតជាត្រូវការកម្លាំងចិត្ត និងស្នាមញញឹម ដើម្បីបន្តក្ដីសង្ឃឹមទៅមុខ។

ជួនកាល មនុស្សមិនមែនឈឺព្រោះជំងឺទេ តែឈឺព្រោះតែបញ្ហាផ្លូវចិត្ត និងសតិអារម្មណ៍ក៏មានដែរ ជំងឺហ្នឹង មិនមានថ្នាំណាអាចព្យាបាលជា ដូចជាថ្នាំពីកម្លាំងចិត្ត និងក្ដីស្រឡាញ់នោះឡើយ៕

#មនុស្សចុងក្រោយ #Knongsrok