លោក Chuando Tan គឺជាជាងថតរូបដ៏ជំនាញម្នាក់របស់ប្រទេសសិង្ហបុរី ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោកមែនទែន គឺមិនមែនត្រឹមតែជាអ្នកជំនាញថតរូបដ៏អស្ចារ្យទេ តែលោក Chuando ត្រូវបានគេដាក់រហ័ស្សនាមថាបុរសសង្ហាសាច់ចាំមិនចេះចាស់ថែមទៀតផង។
នោះគឺដោយសារតែលោក កើតនៅក្នុងឆ្នាំ ១៩៦៧ ហើយបើគិតមកទល់ឥឡូវលោកមានអាយុជាង ៥០ហើយ តែកុំមើលសម្រស់លោកឱ្យសោះ ក្មេងៗប្រុសៗអាយុជាង ២០ល្មមៗសុំចាញ់។
ដូច្នេះចង់ដឹងថាបុរសសង្ហាវ័យ ៥០មានគន្លឹះបែបណា និងរស់នៅយ៉ាងម៉េចខ្លះរាល់ថ្ងៃនេះ យើងមកតាមដានទាំងអស់គ្នា៖
# ទទួលទានស៊ុត ៦គ្រាប់ជារៀងរាល់ព្រឹក
លោកជឿថាអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យលោកមានរូបរាងសង្ហាបែបនេះកត្តាចម្បងគឺមកពីអាហារ។ដូច្នេះលោកតែងតែទទួលទានស៊ុតស្ងោរ៦គ្រាប់ជាអាហារពេលព្រឹក ដោយ២គ្រាប់ជាស៊ុតជ័រព្នៅ។ ជាពិសេសលោកទទួលទានទឹកដោះគោ១កែវជារៀងរាល់ព្រឹក ហើយពេលខ្លះលោកក៏ទទួលទានអាហារពេលព្រឹកបន្ថែមជាមួយនឹងផ្លែប័រ និងផ្លែបឺរីផងដែរ។
ក្រៅពីទទួលទានស៊ុតជាអាហារចម្បងសម្រាប់អាហារព្រឹកនោះ អាហារបន្ទាប់របស់លោក គឺជាការទទួលទានបាយ ជាមួយសាច់មាន់ ដោយលាយជាមួយនឹងបន្លែអាំង និងស៊ុបត្រី។ លោកចូលចិត្តញ៉ាំការ៉េមណាស់ តែលោកតែងតែហាមចិត្តខ្លួន ហើយពេលឃ្លានខ្លាំងលោកទទួលទានក្នុងពេលពាក់កណ្តាលថ្ងៃត្រង់ប៉ុណ្ណោះ។
អ្វីដែលលោកតមជាទីបំផុតនោះ គឺកាហ្វេ និងតែ ហើយលោកជំនួសដោយការទទួលទានទឹកសុទ្ធធម្មតាឱ្យបានច្រើន ហើយសូម្បីតែគ្រឿងអាល់កុល (ស្រា និងបៀរ) និងការជក់បារី គឺលោកមិនប៉ះពាល់សោះតែម្តង។ អ្វីដែលសំខាន់អាហារពេលល្ងាចរបស់លោក គឺជាសាឡាត់ ដែលធ្វើពីបន្លែពណ៌បៃតងស្រស់ប៉ុណ្ណោះ។
# ហាត់ប្រាណ ៩០នាទីក្នុងមួយថ្ងៃ
លោក តែងតែធ្វើលំហាត់ប្រាណ ៤ដងក្នុង១សប្តាហ៍ (ហាត់ប្រាណកាយសប្បទាន)ឬយ៉ាងហោចណាស់ក៏ ៣ដងដែរក្នុងមួយសប្តាហ៍ក្នុងករណីការងាររបស់លោកមមាញឹកច្រើន។ ហើយការហាត់មួយដងៗក្នុងបំណងយកសាច់ដុំមានរយៈពេល ៣០ នាទី។ បន្ថែមពីនេះ លោកតែងតែហែលទឹកជារៀងរាល់ល្ងាច ដោយហែលមួយដងៗមានរយៈពេល ១ម៉ោង។
# ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ
ស្តាប់មើលទៅចម្លែក តែលោកបានបញ្ជាក់ថាសុខភាពផ្លូវចិត្ត គឺអាចជះឥទ្ធិពលទាំងសុខភាពរាងកាយ និងសតិបញ្ញារបស់យើង ហើយបើយើងធ្វើរឿងដែលយើងមិនចង់ធ្វើ យើងមិនសប្បាយចិត្ត តើឱ្យសុខភាពយើងរឹងមាំយ៉ាងម៉េចទេ? ។ ហើយលោកក៏បានបន្តទៀតថា តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើរឿងដែលខ្លួនឯងចង់ធ្វើទៅ?
ជាការពិតណាស់ ចំណែកលោកវិញ លោកធ្លាប់បានធ្វើការខុសៗគ្នាជាច្រើនយ៉ាង តែលោកគិតថាលោកមិនចូលចិត្តវា ហើយលោកក៏មិនសប្បាយចិត្តដែរ។ តែក្រោយមកទើបលោកដឹងថា លោកចូលចិត្តថតរូប ចូលចិត្តទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងមិត្តភក្តិ ដូច្នេះគ្រាន់តែធ្វើរឿងដែលយើងចូលចិត្ត នោះយើងនឹងសប្បាយចិត្ត និងមានសេចក្តីសុខផ្លូវចិត្ត ហើយនេះជាគន្លឹះដែលធ្វើឱ្យលោកនៅតែមានភាពវ័យក្មេង។
# មិនប្រើផលិតផលថែរក្សាសម្រស់
លោកអ្នកប្រហែលជាគិតថាលោកមានសម្រស់វ័យក្មេងដោយសារតែការវះកាត់ ឬប្រើផលិតផលល្អហើយ តែអ្នកគិតខុសស្រលះហើយ ព្រោះលោកជាមនុស្សដែលមានស្បែកប្រតិកម្មបំផុត នោះបានន័យថាស្បែកមុខរបស់លោកមិនអាចប្រើផលិតផលផ្តេសផ្តាសច្រើនដូចគេនោះឡើយ។ អ្វីដែលលោកអាចប្រើបានមានតែ២យ៉ាងប៉ុណ្ណោះ នោះគឺ ១ ជែលហ្វូមលាងមុខ និងទី២ ក្រែមផ្តល់សំណើម។
# មិនងូតទឹកខុសម៉ោង
មិនងូតទឹកខុសម៉ោង ឬយឺតម៉ោង នោះគឺបានន័យថា លោកមានទម្លាប់ចូលគេងពេលយប់ទៀងទាត់ម៉ោង ដោយលោកព្យាយាមមិនចូលគេងក្រោយម៉ោង ១១នោះឡើយ ហើយក៏មានទម្លាប់ភ្ញាក់ពីដំណេកពេលព្រលឹមដែរ។ លោកបាននិយាយថា ការនៅដាច់យប់ មិនថាធ្វើការ ឬមើលភាពយន្ត នោះទេ វាសុទ្ធតែគ្មានផលល្អដល់សុខភាពឡើយ។ ក្រៅពីនោះ លោកបានផ្តល់ដំបូន្មានថា ល្អបំផុតគឺការគេងឱ្យបានលឿន និងឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺត្រូវបញ្ឈប់ការទទួលទានអាហារមុនចូលគេងឱ្យបាន ៥ ទៅ ៦ម៉ោង៕
ចុះលោកអ្នកយល់យ៉ាងណាដែរ?