អំបិលលើសនៅក្នុងរបបអាហារ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះអ្នកត្រូវដឹងពីសញ្ញាព្រមានទាំងនេះ ដើម្បីកែសម្រួលរបបអាហាររបស់អ្នក និងការពារសុខភាពរបស់អ្នកឱ្យបានល្អប្រសើរ។
១. មានអារម្មណ៍តឹងពោះ ឬឆ្អែតគ្រប់ពេល
ផលប៉ះពាល់រយៈពេលខ្លីមួយនៃការទទួលទានអំបិលច្រើន គឺក្រពះមានអារម្មណ៍តឹងពោះ ឬឆ្អែតគ្រប់ពេល។ ពួកវាជួយរាងកាយរបស់អ្នករក្សាទឹក ដូច្នេះសារធាតុរាវបង្កើតឡើង។ មនុស្សខ្លះគិតថាមានតែអាហារប្រៃប៉ុណ្ណោះ ដែលមានអំបិលច្រើន។ ទោះយ៉ាងណាក៏ដោយ ក៏មានអាហារមួយចំនួនដូចជា សាំងវិច ភីហ្សា នំប័រ ស៊ុបកំប៉ុងក៏ជាប្រភពអំបិលច្រើនផងដែរ។
២. តែងតែមានអារម្មណ៍ស្រេកទឹកខ្លាំង
ការទទួលទានអំបិលច្រើនពេក នឹងធ្វើឱ្យរាងកាយត្រូវការបន្ថែមជាតិទឹកដើម្បីបញ្ចេញអំបិល។ ដូច្នេះ វានឹងជម្រុញឱ្យសរីរាង្គខាងក្នុងដទៃទៀត ធ្វើការដោយរលូនជាងមុន។ នេះក៏ជាហេតុផលដែលថា នៅពេលអ្នកញុំាអាហារប្រៃច្រើន អ្នកតែងតែមានអារម្មណ៍ស្រេកទឹកលឿនជាងធម្មតា។
៣. សម្ពាធឈាមខ្ពស់
មូលហេតុចម្បងមួយនៃជំងឺលើសឈាម គឺការទទួលទានអំបិលច្រើនពេក។ ការផ្លាស់ប្តូរសម្ពាធឈាមកើតឡើងតាមរយៈតម្រងនោមរបស់អ្នក។ នៅពេលអ្នកញុំាអំបិលច្រើនពេក វាធ្វើឱ្យតម្រងនោមរបស់អ្នកពិបាកក្នុងការកម្ចាត់ជាតិទឹក ដែលអ្នកមិនត្រូវការ។ ជាលទ្ធផលសម្ពាធឈាមរបស់អ្នកកើនឡើង។
៤. ឈឺឆ្អឹង
ការលូតលាស់ឆ្អឹង ក៏ត្រូវបានប៉ះពាល់ដោយបរិមាណអំបិលនៅក្នុងខ្លួនផងដែរ។ ប្រសិនបើអ្នកទទួលទានអំបិលច្រើន តម្រងនោមនឹងមិនអាចបណ្តេញជាតិពុលទាំងអស់ចេញ ដែលនាំឱ្យខ្វះជាតិកាល់ស្យូមនៅក្នុងខ្លួន។ កង្វះជាតិកាល់ស្យូមនៅក្នុងរាងកាយ នឹងធ្វើឱ្យឆ្អឹងចុះខ្សោយបន្តិចម្តងៗ ដែលនាំឱ្យស្ថានភាពធ្មេញក៏រងផលប៉ះពាល់ និងបង្កឱ្យមានជំងឺពុកឆ្អឹងនៅពេលក្រោយ។
៥. ហើម
នេះក៏អាចជាសញ្ញានៃជាតិប្រៃច្រើននៅក្នុងរាងកាយផងដែរ។ ផ្នែកខ្លះនៃរាងកាយដូចជា មុខ ដៃជើង ឬកជើងទំនងជាហើម។ ក្នុងករណីមានការហើមខុសពីធម្មតា អ្នកគួរតែគ្រប់គ្រងបរិមាណអំបិលដែលអ្នកកំពុងញុំា។
៦. ឈឺក្បាលជាប់លាប់
បរិមាណឈាមនឹងកើនឡើង ប្រសិនបើជាតិសូដ្យូមច្រើនពីអំបិលចូលក្នុងខ្លួន។ នេះបណ្តាលឱ្យសរសៃឈាមវ៉ែនរីកធំ និងបង្កើនហានិភ័យនៃជំងឺលើសឈាម។ នេះគឺជាមូលហេតុនៃការឈឺក្បាលធ្ងន់ធ្ងរ ប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។
៧. ឡើងទម្ងន់
ក្នុងមួយសប្តាហ៍ ឬពីរបីថ្ងៃដែលរាងកាយរបស់អ្នកឡើងទម្ងន់យ៉ាងលឿន វាអាចទៅរួចដែលរាងកាយរក្សាជាតិទឹក ព្រោះអ្នកបានញុំាអំបិលច្រើនពេក។ ដូច្នេះប្រសិនបើអ្នកឡើងទម្ងន់ភ្លាមៗក្នុងរយៈពេលខ្លី សូមគិតឡើងវិញអំពីអាហារដែលអ្នកបានញុំាកាលពីប៉ុន្មានថ្ងៃមុន ដែលមានអំបិលច្រើន។ បើដូច្នេះសូមព្យាយាមផ្លាស់ប្តូរដើម្បីកាត់បន្ថយអំបិល៕
ប្រភព ៖ Phunutoday / Knongsrok