កំឡុងខែកញ្ញានេះ សម្រាប់ខេត្ត រាជធានីមួយចំនួន បានទទួលរងអាកាសធាតុមិនទៀងទាត់នោះទេ ម្តងភ្លៀង ម្តងបើកថ្ងៃ ដែលស្ថានភាពបែបនេះ អាចងាយនឹងបណ្តាលឲ្យមនុស្សជាច្រើនកើតមានជំងឺផ្តាសាយ និងក្តៅខ្លួនជាដើម។
ខាងក្រោម Knongsrok សូមណែនាំអាហារ ៦ ប្រភេទដែលអ្នកគួរតែទទួលទានជាចាំបាច់ក្នុងខែនេះ ដើម្បីបញ្ចៀសការកើតមានជំងឺបណ្តាលមកពីអាកាសធាតុប្រែប្រួល៖
៦) តែបៃតង
ការទទួលទានតែបៃតងក្តៅ ពិតណាស់នឹងជួយព្យាបាលអាការៈហៀរសំបោរ ឈឺបំពង់ក និងអស់កម្លាំងជាដើម។ តែបៃតងក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយឲ្យរាងកាយមានភាពធន់បន្ថែមទៀតដែរ។
ដូច្នេះអ្នកគួរទម្លាប់ទទួលទានតៃបៃតង ហើយអាចថែមទឹកឃ្មុំ ឬក្រូចឆ្មារទៅក្នុងនោះ រួចផឹក ២-៣ ពែងក្នុងមួយថ្ងៃជាប្រចាំ។
៥) រមៀត
ជាគ្រឿងទេស ដែលត្រូវបានគេស្គាល់អាចជួយព្យាបាលជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ វាក៏ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ក៏ដូចជាជួយសម្អាតជាតិពុល បង្កគ្រោះថ្នាក់ផ្សេងៗដល់រាងកាយផងដែរ។
ការសិក្សាបង្ហាញថា មនុស្សដែលមានទម្លាប់ទទួលទានរមៀតជាប្រចាំ គឺមិនងាយនឹងកើតមានជំងឺផ្តាសាយ និងក្អកទេ។ អ្នកក៏អាចច្នៃបន្ថែមរមៀតទៅក្នុងទឹកដោះគោក្តៅ ហើយផឹកវាមុនពេលចូលគេង។
៤) ផ្សិតចំបើង
ផ្សិតមានសារធាតុប្រឆាំងនឹងមេរោគ ហើយផ្តល់ប្រយោជន៍សម្រាប់រាងកាយជាច្រើន។ តាមការស្រាវជ្រាវបង្ហាញថា ការទទួលទានផ្សិតច្រើន អាចជួយប្រឆាំងរោគ ហើយសារជាតិសេលេនីញ៉ូមដែលមានក្នុងនោះ ក៏អាចជួយបង្កើនសមត្ថភាពព្យាបាលជំងឺផ្តាសាយថែមទៀត។
៣) ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេស្គាល់ ថាអាចប្រឆាំងមេរោគបានយ៉ាងអស្ចារ្យ ហើយវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រយោជន៍សម្រាប់ព្យាបាលជំងឺផ្តាសាយ និងបំបាត់ការឈឺបំពង់ក។ អ្នកក៏អាចបន្ថែមទឹកឃ្មុំទៅក្នុងទឹកដោះគោ ឬទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទានមុនចូលគេង។
២) តែខ្ញី
ខ្ញីធ្វើឲ្យប្រសើរឡើងនៅជំងឺផ្តាសាយ ដោយកាត់បន្ថយការញាក់ និងធ្វើឲ្យរាងកាយមានកម្តៅឡើងវិញ។ ខ្ញីក៏មានក្លិនក្រអូបស្រាលជួយសម្អាតច្រមុះបានយ៉ាងល្អផងដែរ។ អ្នកអាចបុកខ្ញី យកវាទៅត្រាំក្នុងទឹកក្តៅ ២-៣ នាទីឲ្យរលាយសព្វ ហើយបន្ថែមទឹកឃ្មុំ រួចកូរឲ្យសព្វលើកមកទទួលទាន តែគួរកុំទុកវាដល់ត្រជាក់ ត្រូវទទួលទានទាំងពេលនៅក្ដៅឧណ្ណៗ ២-៣ កែវក្នុងមួយថ្ងៃ។
១) ស៊ុបមាន់
អ្នកគួរតែទទួលទានស៊ុបមាន់ ដើម្បីជួយពន្លឿនការជាសះស្បើយរបស់អ្នក។ នៅពេលចម្អិន សាច់មាន់នឹងផលិតចេញអាស៊ីដអាមីណូហៅថា ស៊ីស្ទីនដែលជួយព្យាបាលជំងឺផ្តាសាយនិងក្អកយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក