ថ្វីដ្បិតតែកាហ្វេមានផលប៉ះពាល់ជាច្រើនដូចជា ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺខ្សោយបេះដូងក៏ដោយ បើទទួលទានខុសគឺមានគ្រោះថ្នាក់ដល់សុខភាព។
១. របៀផឹកកាហ្វេទាំង៥ ដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុត
- កុំផឹកព្រឹកពេក ឬយប់ពេក
នៅពេលអ្នកភ្ញាក់ពីគេងដំបូង អ័រម៉ូន cortisol ស្ថិតក្នុងកម្រិតខ្ពស់បំផុត ដើម្បីជួយអ្នកឱ្យភ្ញាក់ពីគេង។ យោងតាមអ្នកជំនាញ អ្នកមិនគួរផឹកកាហ្វេនៅពេលព្រឹកទេ។ យកល្អគួរតែផឹកនៅម៉ោង ១០ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ព្រោះនៅពេលនេះកម្រិត cortisol បានថយចុះ។
អ្នកក៏មិនគួរផឹកកាហ្វេនៅពេលល្ងាចពេកនោះដែរ ព្រោះជាតិកាហ្វេអ៊ីនក្នុងកាហ្វេត្រូវចំណាយពេលច្រើនម៉ោងដើម្បីរំលាយ។ វានឹងធ្វើឱ្យអ្នកគេងមិនលក់ ឬពិបាកក្នុងការគេង។
- ផឹកកាហ្វេខណៈពេលដែលវាក្តៅពេក
មនុស្សជាច្រើនចូលចិត្តផឹកកាហ្វេពេលក្តៅ ព្រោះគេគិតថាវាឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ WHO ព្រមានថាការទទួលទានភេសជ្ជៈក្តៅលើសពី ៦៥ អង្សាសេ អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ទឹកសម្រាប់ធ្វើកាហ្វេជាធម្មតានៅសីតុណ្ហភាព ៦៥-៨៥ អង្សាសេ។ ដូច្នេះក្រោយពេលឆុងកាហ្វេ អ្នកគួររង់ចាំប្រហែល ៥ នាទីដើម្បីឱ្យទឹកចុះត្រជាក់បន្តិច។
- ផឹកនៅពេលស្ត្រេស
នៅពេលអ្នកថប់បារម្ភ ឬមានអារម្មណ៍មិនល្អ កាហ្វេអាចធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមានឥទ្ធិពលរំញោចលើប្រព័ន្ធសរសៃប្រសាទ ផលិតអរម៉ូនស្ត្រេស cortisol ប៉ះពាល់ដល់ដំណេក ធ្វើឱ្យអស់កម្លាំង មានបញ្ហាក្នុងការយល់ដឹង...។
- ផឹកនៅពេលគេងមិនលក់
ជាធម្មតាកាហ្វេជួយអ្នកឱ្យភ្ញាក់នៅពេលងងុយគេង ប៉ុន្តែវានឹងមិនមានឥទ្ធិពលដូចគ្នាទេ ប្រសិនបើអ្នកគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃរយៈពេល ៣ យប់ជាប់គ្នា។ កង្វះនៃការគេងបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃដំណើរការយល់ដឹង ហើយជាតិកាហ្វេអ៊ីនមិនអាចធ្វើអោយស្ថានភាពនេះប្រសើរឡើងបានទេ បើទោះបីជាអ្នកផឹកច្រើនក៏ដោយ។
- ផឹកកាហ្វេដាក់ស្ករច្រើន
ការញុំាស្ករច្រើនពេកអាចនាំឱ្យឆាប់ស្លាប់។ មិនមែនដោយសារតែធាត់ ឬឡើងទម្ងន់ទេ ប៉ុន្តែដោយសារជាតិស្ករអាចបណ្តាលឱ្យខ្សោះជាតិទឹក ជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ប្រសិនបើទុកចោលដោយមិនបានតាមដាន វានឹងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
២. មនុស្ស ៥ ក្រុមមិនគួរផឹកកាហ្វេជាដាច់ខាត
- ម្តាយមានផ្ទៃពោះ និងបំបៅដោះកូន
វាត្រូវបានគេណែនាំពីមុនថា ស្ត្រីមានផ្ទៃពោះកំណត់ជាតិកាហ្វេអ៊ីនដល់ ២០០mg (ប្រហែល ២កែវកាហ្វេ) ក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃការរលូតកូន ពលកម្មមិនគ្រប់ខែ និងទារកមានទម្ងន់ទាប។
ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យឡើងវិញឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសបានសន្និដ្ឋានថា ការប្រើប្រាស់ជាតិកាហ្វេអ៊ីនអំឡុងពេលមានផ្ទៃពោះគឺមិនមានសុវត្ថិភាព។
ដោយសារជាតិកាហ្វេអ៊ីនជាសារធាតុជម្រុញ និងបញ្ចុះទឹកនោម ម្តាយដែលបំបៅដោះកូនមានហានិភ័យនៃការខះជាតិទឹក។ សមាគមស្ត្រីមានផ្ទៃពោះអាមេរិកណែនាំឱ្យចៀសវាងជាតិកាហ្វេអ៊ីនឱ្យបានច្រើនតាមដែលអាចធ្វើទៅបានអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះ។
- កុមារអាយុក្រោម ១២ ឆ្នាំ
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចធ្វើឱ្យយើងរាល់គ្នាញ័របន្តិច។ ក្មេងអាយុក្រោម ១២ ឆ្នាំ អាចជួបប្រទះផលប៉ះពាល់ច្រើនជាង។ ដូចជាការកើនឡើងអត្រាបេះដូង ការកើនឡើងអារម្មណ៍ថប់បារម្ភ ពិបាកក្នុងការផ្តោតអារម្មណ៍ និងឈឺពោះ។ លើសពីនេះ កាហ្វេមានជាតិអាស៊ីតខ្លាំងណាស់ ដូច្នេះវាមានហានិភ័យនៃការបំផ្លាញជាតិសរសៃ និងពុកធ្មេញ។
- មនុស្សដែលមានជំងឺបេះដូង
ដោយសារតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចបណ្តាលឱ្យមានការកើនឡើងបណ្តោះអាសន្ននៃសម្ពាធឈាម និងចង្វាក់បេះដូង។ ដូច្នេះ អ្នកដែលមានជំងឺបេះដូងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ អ្នកឯកទេសអាហារូបត្ថម្ភថា តើកាហ្វេមានសុវត្ថិភាពប៉ុនណាក្នុងការផឹក។
- អ្នកដែលមានជំងឺច្រាលក្រពះពោះវៀន
ជាតិកាហ្វេអ៊ីនអាចបន្ធូរ sphincter បំពង់អាហារផ្នែកខាងក្រោម ដែលជាសន្ទះបិទបើករវាងបំពង់អាហារ និងក្រពះ។ នេះបណ្តាលឱ្យអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ ដែលនាំឱ្យមានរោគសញ្ញានៃការចាល់ជាតិមិនល្អដូចជា ដង្ហើមខ្លី ក្អក និងចង្អោរ។
- អ្នកដែលមានជំងឺរលាកពោះវៀនធំ
ជាតិកាហ្វេអ៊ីនអាចបង្កើនសកម្មភាពរបស់ពោះវៀន រួមទាំងហានិភ័យនៃជំងឺរាគផងដែរ។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហារំលាយអាហារ ចូរកំណត់ ឬចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន៕
ប្រភព ៖ Phunutoday / Knongsrok